សហព័ន្ធ​ស្រូវ​អង្ករ​ កំពុង​ស្វែងរក​ដៃគូ​​នាំចេញ​អង្ករ​កម្ពុជា​ ទៅកាន់​ទីផ្សារ​​ប្រទេស​អាហ្វ្រិក​​

11-07-2019 10:42 am 116

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ស្វះស្វែង​រក​ដៃគូ ក្នុង​ការនាំចេញ​អង្ករ ទៅកាន់​ទីផ្សារ នៃ​ប្រទេស​អាហ្វ្រិក​។ ពេលនេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ជួប​ជាមួយ​ក្រុមហ៊ុន JS GLOBAL CORPERATION និង​ភ្នាក់ងារ​សហគ្រាស​ធន​តូច និង​មធ្យម​របស់​រដ្ឋាភិបាល​កូរ៉េ ដែល​មានបទពិសោធន៍​ជាង​២៥​ឆ្នាំ​មកហើយ លើ​កិច្ចការ​នាំចេញ​។​

​បើតាម​លោក​មូល សា​រិទ្ធី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាង​ពី​គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ស្វែងរក​ដៃគូ ក្រុមហ៊ុន ឬ​រោង​ម៉ាស៊ីន ក្នុងការ​សហការគ្នា នាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​អាហ្វ្រិក និង​សហការ​នាំ​ផលិតផល​ជីសរីរាង្គ​(Organic Fertilizer) និង​គ្រឿងចក្រ​កសិកម្ម​ពី​កូរ៉េ មក​ចែកចាយ​នៅ​កម្ពុជា​។​

​លោក​មូល សា​រិទ្ធី បញ្ជាក់ថា មាន​ជម្រើស​២ ដែល​ក្រុមហ៊ុន JS GLOBAL CORPERATION និង​ភ្នាក់ងារ​សហគ្រាស​ធន​តូច និង​មធ្យម​របស់​រដ្ឋាភិបាល​កូរ៉េ បាន​ជជែក​គ្នា​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គឺ​ទី​១ អាច​កម្មង់​ទិញ​អង្ករពី​កម្ពុជា នាំចេញ​ទៅ​ផ្ទាល់ ឬ ទី​២ អាច​នាំ​ក្រុមហ៊ុននាំចេញ​ពី​កម្ពុជា ទៅ​ជួបពិភាក្សា​ជាមួយ​អ្នកទិញ​នៅ​អាហ្វ្រិក ឬ​នាំ​អ្នកទិញ​អង្ករ​ពី​អាហ្វ្រិក មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក៏បាន​។​

​តែ​យ៉ាងណា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់​ជំហរ ក្នុង​ការជួយ​សម្របសម្រួល ឲ្យមាន​ការសហកា​រនេះ និង​យក​សំណើ​ទាំងនេះ ទៅ​ពិភាក្សា​ផ្ទៃក្នុង និង​ផ្តល់ព័ត៌មាន​ត្រឡប់​ទៅកាន់​ក្រុមហ៊ុន​នាំចេញ ឬ​រោង​ម៉ាស៊ីន​ដែល​ចាប់អារម្មណ៍ ដើម្បី​ពិភាក្សា​លម្អិត​ថែមទៀត​ក្នុងពេល​ឆាប់ៗ​នេះ​។ លទ្ធផល ជា​វិជ្ជមាន គឺ​ភាគី​ទាំងពីរ​បាន​អះអាងថា នឹង​សហការគ្នា ដើម្បី​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អាហ្វ្រិក​នាពេល​ខាងមុខ ឲ្យខាងតែបាន​។

​ជា​ការកត់សម្គាល់ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​ជាង​២១​ម៉ឺន​តោន កើនឡើង​៨.៣១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ ប៉ុន្តែ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៨ គឺ​បានតែ​ចំនួន​ជាង​៦២​ម៉ឺន​តោន​ប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល មាន​ផែនការ​ជំរុញ​ការនាំចេញ​អង្ករ ឲ្យបាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​។

ព័ត៌មានផ្សេងទៀត