អាមេរិក​​​​ស៊ើប​អង្កេត​​​​​ជាបន្ទាន់​​រឿង​​​បារាំង​​​​គ្រោង​​យកពន្ធ​​ពី​ក្រុមហ៊ុន​​​បច្ចេកវិទ្យា​​អាមេរិក​

11-07-2019 10:23 am 126
  ស្តាប់
រូបភាពឡូហ្គោក្រុមហ៊ុនGoogle​
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានចេញ​បញ្ជា​ឲ្យ​បើ​កការស៊ើបអង្កេត​ជាបន្ទាន់ ជុំវិញ​បញ្ហា​ថា​បារាំង​គ្រោង​នឹង​យកពន្ធ​បី​ភាគរយ​ពី​ក្រុម​ហ៊ុម​បច្ចេកវិទ្យា​អាមេរិក​។ ផែនការ​នេះ​ជា​ជំហាន​មួយ​ត្រូវបាន​គេ​មើលឃើញថា​អាចជា​ការ​សងសឹក ព្រោះ​អាមេរិក​ក៏​ធ្លាប់​ប្រកាស​ពី​ផែនការ​ដំឡើង​ពន្ធ​លើ​ក្រុមហ៊ុន​បារាំង​ដែរ​។ តំណាង​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយថា អាមេរិក​ពិតជា​ព្រួយបារម្ភ​ចំពោះ​ពន្ធ​លើ​សេវាកម្ម​ឌីជីថល​នេះ ព្រោះ​ទំនងជា​រឿង​មិន​យុត្ដិធម៌​មាន​គោលដៅ​លើ​ក្រុមហ៊ុន​អាមេរិក​។ 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់ថា​លោក​ដូណាល់ ត្រាំ​ចេញ​បញ្ជា​ឲ្យ​ស៊ើបអង្កេត​លើ​ផែនការ​យកពន្ធ​របស់​បារាំង ថា​តើ​ច្បាប់​នេះ​មាន​ផលប៉ះពាល់​យ៉ាងណា វា​អាចជា​ការរើសអើង មិន​សម​ហេតុផល ជា​ការដាក់បន្ទុក​ឬ​ដាក់​កម្រិត​លើ​ការធ្វើ​ពាណិជ្ជកម្ម​របស់​អាមេរិក​ឬ​អត់​។ កន្លងមក​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ធ្លាប់​ដឹកនាំ​ការស៊ើបអង្កេត​ដែរ ដែល​ការស៊ើបអង្កេត​គ្របដណ្ដប់​លើ​សហភាព​អឺរ៉ុប​និង​ការ​អនុវត្ដ​ពាណិជ្ជកម្ម​របស់​ចិន​។​

​ផែនការ​យកពន្ធ​លើ​សេវា​ឌីជីថល​ដែល​ប្រទេស​បារាំង​និង​ប្រទេស​នៅ​អឺរ៉ុប​កំពុង​បន្ដធ្វើ សមាជិកសភា​គណបក្ស​សាធារណរដ្ឋ ចាត់ទុកជា​យុទ្ធសាស្ដ្រ​ការពារ​និយម​ច្បាស់​ណាស់ និង​ជា​ការវាយប្រហារ​ដោយ​អ​យុត្ដិធម៌​លើ​ក្រុមហ៊ុន​អាមេរិក​។ វា​ជា​របៀប​មួយ​ដែល​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ការងារ​អាមេរិក និង​ប៉ះពាល់​ដល់​កម្មករ​អាមេរិក​ផងដែរ​។ ចំពោះ​ការស៊ើបអង្កេត​លើ​ផែនការ​យកពន្ធ​នេះ ខាង​តំណាង​ពាណិជ្ជកម្ម​អាមេរិក​នឹង​បើកសវនាការ​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ មុន​ចេញ​របាយការណ៍​ចុងក្រោយ​។​

​សូមបញ្ជាក់ថា ច្បាប់​ស្ដីពី​ការយកពន្ធ​ថ្មី​របស់​បារាំង​រំពឹង​នឹងត្រូវ​សភា​បារាំង​អនុម័ត​នា​ថ្ងៃទី​១១​កក្កដា​នេះហើយ​។ វា​មាន​គោលដៅ​ដាក់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ដូចជា​Google​និង​Facebook ដោយ​យកពន្ធ​បី​ភាគរយ​លើ​ប្រាក់ចំណូល​ក្នុងប្រទេស​បារាំង​។ ពន្ធ​នេះ​អាច​នឹង​កើនឡើង​ប្រហែល​៤០០​លាន​អឺរ៉ូ​ក្នុង​ឆ្នាំនេះ​។ ក្រុមហ៊ុន​ដែលមាន​ប្រាក់ចំណូល​លើសពី​៧៥០​លាន​អឺរ៉ូ ហើយ​ក្នុងនោះ​យ៉ាងតិចណាស់​២៥​លាន​អឺរ៉ូ​រកបាន​នៅក្នុង​ប្រទេស​បារាំង គឺជា​មុខសញ្ញា​នៃ​ការយកពន្ធ​ហើយ​៕

 ពាក្យគន្លឹះ  អាមេរិកបារាំងយកពន្ធ

ព័ត៌មានផ្សេងទៀត