បំផ្លាញ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​៤​គ្រឿង​នៅនឹងកន្លែង​នៅ​មណ្ឌលគិរី​

10-07-2019 10:19 pm 571
  ស្តាប់
ស្តាប់ជាសំឡេង

​យ៉ាងហោច​ណាស់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង ក្នុងចំណោម​ជាង​៤០​គ្រឿង ត្រូវបាន​បំផ្លាញ​ចោល​នៅនឹងកន្លែង ក្រោយ​រកឃើញ​នៅក្នុង​ព្រៃ នា​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​១០ កក្កដា ។ ចំណែក​ឯ​ជនល្មើស​៤​នាក់ ក្នុងនោះ មាន​ឧកញ៉ា ស៊ឹង សំអុល ជា​ប្រធាន​ក្រុមហ៊ុន អាច​នឹង​ត្រូវ​ផ្ទេរ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ...

​កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​ទី​១០ កក្កដា បាន​សម្រេច​កម្ទេច​ចោល​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ ស្ថិត​នៅក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ត្រូវបាន​ស្រង់​សម្តី​ដោយ​ទំព័រ​ហ្វេ​សប៊ុ​កកងរាជអាវុធហ​ត្ថ នៅ​រសៀល​ថ្ងៃ​ដដែល​ថា រថយន្ត​ដឹកឈើ​នៅក្នុង​ព្រៃ​ចំនួន​៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ ត្រូវបាន​បំផ្លាញ​ចោល​នៅនឹងកន្លែង ដោយ​ប្រើ​ម្សៅ TNT ។​

​កាលពី​ថ្ងៃ​ទី​៩ កក្កដា កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ដោយ​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល ជា​ប្រធាន​ក្រុមហ៊ុន មេកា​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​រឹបអូស​រថយន្ត​ជាង​៤០​គ្រឿង ។​

​យ៉ាងណាក៏ដោយ បើ​តាម​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ កក្កដា​ថា សម្រាប់​រថយន្ត​ល្មើស​ជាង​៤០​គ្រឿង ដែល​ត្រូវ​បាន​បង្ក្រាប និង​រឹបអូស គឺ​ត្រូវ​រង់ចាំ​ការ​កាត់ចោល និង​បំផ្លាញចោល​នៅពេល​ក្រោយ ចំណែក សំណុំរឿង​នៃ​ការចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ផ្សេង​ទៀត ដែល​រង​ការចាប់ខ្លួន អាច​នឹង​ផ្ទេរ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ៕

ព័ត៌មានផ្សេងទៀត