ក្រសួង​ការងារ​និង​GIZ​ចុះ​MOU ពង្រឹង​និរន្តរភាព​វិស័យ​វាយនភ័ណ្ឌ​និង​កាត់ដេរ​

10-07-2019 8:43 pm 189
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​GIZ កាលពី​ថ្ងៃ​ទី​៩ កក្កដា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភ័ណ្ឌ និង​កាត់​ដែរ មាន​ទឹកប្រាក់​សរុប​ប្រមាន​ជិត​៧​លាន​ដុល្លារ​អាមេរិក ...

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ GIZ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តី​អំពី​ការអនុវត្ត​កម្មវិធី «​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភ័ណ្ឌ និង​កាត់ដេរ នៅ​ទ្វីបអាស៊ី​» មាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩-២០២១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៦​លាន​អឺរ៉ូ ស្មើ​នឹង​ប្រហែល ៦.៧៤៨.៤៤០ ដុល្លារ​អាមេរិក ។​

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៩ កក្កដា ចុះហត្ថលេខា​ដោយ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Guenter Riethmacher នាយក​អង្គការ GIZ ប្រចាំ​កម្ពុជា ។​

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ថ្លែងថា គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​គាំទ្រ​ដល់​បណ្តា​ស្ថាប័ន​រដ្ឋ និង​ឯកជន ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ ថ្នាក់ជាតិ និង​កម្រិត​សហគ្រាស គ្រឹះស្ថាន ក្នុងន័យ​ពង្រឹង​អនុលោមភាព​តាម​បទដ្ឋាន​សង្គម និង​ការងារ​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមភាព​យេនឌ័រ​នៅ​កន្លែងធ្វើការ ។​

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ថា អនុស្សរណៈ​នេះ ក៏​ជា​ការផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង សម្រាប់​អនុវត្ត​សកម្មភាព​ទាំងឡាយ ដែល​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ដែល​ធ្វើការ​ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​កាត់ដេរ ៕

ព័ត៌មានផ្សេងទៀត