បាក់​ឌុប​ឆ្នាំ​នេះ​មាន​បេក្ខជន​ប្រឡង​កើនឡើង​ជិត​៦​ពាន់​នាក់​

10-07-2019 4:30 pm 110

​នៅ​បាំង​រយៈពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ការប្រឡង​សញ្ញាបត្រ​ធ​ម្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នឹង​ចូលមក​ដល់ មាន​ដែល​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩-២០ ខែ​សីហា​។​ ​សម្រាប់​ការប្រឡង​នា​ឆ្នាំ​២០១៩​នេះ តួលេខ​បណ្តោះអាសន្ន នៃ​បេក្ខជន មាន​ចំនួន​១១៩,២១៧​នាក់ កើនឡើង​ជិត​៦​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក រស់ សុ​វាចា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ​ថា បើ​តាម​របាយការណ៍​វឌ្ឍនភាព គិត​ត្រឹម​សប្តាហ៍​នៃ​ខែកក្កដា​នេះ មាន​បេក្ខជន​ដាក់ពាក្យ​ចូលរួម​ប្រឡង សរុប​១១៩,២១៧ នាក់ កើន​៥៨៥២​នាក់ បើ​ធៀប​នឹង​វត្តមាន​ឆ្នាំ​២០១៨ ក្នុងនោះ​បេក្ខជន​ស្ត្រី ចំនួន​៦១០៣១​នាក់​។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន ចំនួន​៤៥៤១៤ (៣៨%) ស្ត្រី ២៥៥២៦​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧៣៨០៣​នាក់ (៦២%) ស្ត្រី​៣៥៥៣៨​នាក់​។​

​អ្នកនាំពាក្យ​រូប​នេះ បានឲ្យដឹង​ទៀតថា ចំពោះ​មណ្ឌល​ប្រឡង​មាន​ចំនួន​២០២ កើន​៦​មណ្ឌល​ធៀប​នឹង​ជាក់ស្តែង​ឆ្នាំ​២០១៨ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​៧៥ ថយ​២៤​មណ្ឌល ធៀប​នឹង​ជាក់ស្តែង​ឆ្នាំ​២០១៨ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១២៧ កើន​៣០​មណ្ឌល​ធៀប​នឹង​ជាក់ស្តែង​ឆ្នាំ​២០១៩​។ លោក រស់ សុ​វាចា ក៏​បានឲ្យដឹង​ទៀតថា សម្រាប់​បន្ទប់​ប្រឡង​មាន​ចំនួន​៤៨០៩ កើនឡើង​១៥៤ ធៀប​នឹង​ឆ្នាំ​២០១៨​។​

​គួរបញ្ជាក់​ថា ការប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ ​បែងចែក​មុខវិជ្ជា​ប្រឡង​ពីរ​ផ្នែក គឺ​ផ្នែក​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​មុខវិជ្ជា​៖ ផែនដី និង​បរិស្ថានវិទ្យា​, ប្រវត្តិវិទ្យា​, ភូមិវិទ្យា​, ភាសាបរទេស​, គណិតវិទ្យា​, សីលធម៌ ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។ ផ្នែក​វិទ្យាសាស្ត្រ​មាន​មុខវិជ្ជា​៖ ប្រវត្តិវិទ្យា​, ជីវវិទ្យា​, គីមីវិទ្យា​, ភាសាបរទេស​, អក្សរសាស្ត្រ​ខ្មែរ​, រូបវិទ្យា និង​គណិតវិទ្យា​។

យ៉ាងណាមិញ សម្រាប់សម័យប្រឡងឆ្នាំ២០១៩នេះ ក្រសួងបានកាត់បន្ថយមុខវិជ្ជាពី១០មុខមកត្រឹម៧មុខវិជ្ជាវិញ។ ការបន្ថយមុខវិជ្ជានេះ ត្រូវបានក្រសួងបញ្ជាក់ថា ដើម្បីបន្ថយបន្ទុក និងការខ្វល់​ខ្វាយ​របស់​​​បេក្ខជន៕

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត