លោក​ប្រា​យុទ្ធ ចាន់​អូ​​ចា​​​​បញ្ចប់​​​របប​យោធា​​​ប៉ុន្ដែ​នៅ​រឹតបន្ដឹង​ករណី​មួយចំនួន​

10-07-2019 4:09 pm 420
នាយករដ្ឋមន្ដ្រីថៃលោកប្រាយុទ្ធ ចាន់អូចា

​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​កាលពី​ថ្ងៃ​អង្គារ បានចេញ​បញ្ជា​ឲ្យ​បញ្ចប់​ជា​ផ្លូវការ​នូវ​របប​យោធា ដែល​បាន​គ្រប់គ្រង​ប្រទេស​តាំងពី​រដ្ឋប្រហារ​ក្នុង​ខែឧសភា​ឆ្នាំ​២០១៤​។ បញ្ជា​នេះ​ប្រកាស​មុន​រដ្ឋាភិបាល​ស៊ីវិល​របស់លោក នឹង​ចូលមក​ដឹកនាំ​ប្រទេស​នៅ​ពាក់កណ្ដាល​ខែកក្កដា​នេះ​។ នៅពេល​រដ្ឋាភិបាល​ស៊ីវិល​ចូល​ដឹកនាំ​ប្រទេស ការ​រឹតបន្ដឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹងត្រូវ​ដកចេញ ហើយ​ផ្ទេរ​ករណី​ស៊ីវិល​ពី​តុលាការយោធា​ទៅឲ្យ​តុលាការស៊ីវិល​ដោះស្រាយ​វិញ​។ 

​ប៉ុន្ដែ​ទោះបីជា​របប​យោធា​ត្រូវ​បានបញ្ចប់ រដ្ឋាភិបាល​ថ្មី​នឹង​នូវតែ​ផ្ដល់​សិទ្ធិអំណាច​ដល់​កងទ័ព​និង​ប៉ូលិស តាម​ស្វែងរក ចាប់ខ្លួន និង​ឃុំខ្លួន​មនុស្ស​ក្នុង​រយៈពេល​៧​ថ្ងៃ ចំពោះ​បទល្មើស​ដែល​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​។ ដូច្នេះ​មានន័យថា​យោធា​នៅតែមាន​សិទ្ធិ​ឃុំខ្លួន​មនុស្ស​ក្នុងករណី​ដែល​ចាំបាច់ ដែល​ករណីនេះ​មានមតិ​លើកឡើងថា​អាចជា​ក្ដី​ព្រួយបារម្ភ​ដដែល​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​ខែ​មីនាឆ្នាំ​២០១៩​នេះ គណបក្ស​របស់លោក​ប្រា​យុទ្ធ​ទទួលបាន​សំឡេង​នៅ​រដ្ឋសភា​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​គណបក្ស​លោក​មិនអាច​បង្កើត​រដ្ឋាភិបាល​បានឡើយ ទាមទារ​ឲ្យ​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ដទៃ​។ ជា​លទ្ធផល​មាន​គណបក្សនយោបាយ​ចំនួន​១៩​គាំទ្រ​លោក​ប្រា​យុទ្ធ ហើយក៏​បង្កើតបាន​រដ្ឋាភិបាលចម្រុះ​មួយ​សម្រាប់​ដឹកនាំ​ប្រទេស​៕

ព័ត៌មានផ្សេងទៀត