យន្ដហោះ​​អាមេរិក​​ដឹក​មនុស្ស​​១៥០​នាក់​​ចុះចត​​ជាបន្ទាន់​​ព្រោះ​មាន​​បញ្ហា​ម៉ាស៊ីន​

10-07-2019 3:28 pm 1388
រូបភាព​ដុំដែក​នៅក្នុង​ម៉ាស៊ីន​យន្ដហោះ

ហេតុការណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ​បានកើតឡើង លើ​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​Delta Flight 1425 ជា​យន្ដហោះ​ក្រុមហ៊ុន​អាកាសចរណ៍​Delta​របស់​អាមេរិក​។ នោះ​គឺ​នៅពេល​កំពុង​ហោះហើរ​ម៉ាស៊ីន​ម្ខាង​របស់​យន្ដហោះ​មាន​បញ្ហា​។ យន្ដហោះ​ដឹក​អ្នកដំណើរ​ប្រមាណ​១៥០​នាក់ ធ្វើដំណើរ​ពី​ទីក្រុង​Atlanta ឆ្ពោះទៅ​ទីក្រុង​Baltimore​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​ត្រូវ​ចុះចត​ជាបន្ទាន់​នៅ​រដ្ឋ​North Carolina​។ 

​បើតាម​ការបញ្ជាក់​ពី​អ្នកដំណើរ​បានឲ្យដឹងថា ខណៈ​យន្ដហោះ​ធ្វើដំណើរ​បាន​ប្រមាណ​១​ម៉ោង ពួកគេ​ត្រូវបាន​ជូនដំណឹង​ថា​យន្ដហោះ​នឹងត្រូវ​ចុះចត​ជាបន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន​។ តាមរយៈ​វីដេអូ​ដែល​ថត​បាន​ដោយ​អ្នកដំណើរ ឃើញ​មាន​ដុំដែក​មួយដុំ​កំពុងលោត​ចុះឡើង​នៅក្នុង​ម៉ាស៊ីន​យន្ដហោះ ស្របពេល​កំពុង​ហោះហើរ​នៅលើ​អាកាស​។ រីឯ​អ្នកដំណើរ​ក្រោយ​ទទួល​ការជូនដំណឹង​ភ្លាម ខ្លះ​ទាញ​ទូរស័ព្ទ​ផ្ញើ​សារ​ទៅកាន់​ក្រុមគ្រួសារ​មនុស្ស​ជា​ទីស្រឡាញ់ ដោយ​គិតថា​ប្រហែលជា​ពួកគេ​អាច​នឹងមាន​គ្រោះថ្នាក់​។ ប៉ុន្ដែ​អ្នកដំណើរ​ទាំងអស់​នៅលើ​យន្ដហោះ​គ្មាន​គ្រោះថ្នាក់​ទេ ហើយ​យន្ដហោះ​ក៏ត្រូវ​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ដែលមាន​បញ្ហា​នោះ​ចេញ​ដែរ​៕

ព័ត៌មានផ្សេងទៀត