លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីការហោះហើរត្រង់បន្ថែមឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀតផងដែរ។ ការស្នើនេះឡើងក្នុងពិធីបើកកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
លោក ថោង ខុន សង្កត់ធ្ងន់លើបញ្ហាប្រឈមមួយចំនួន ដែលប្រទេសជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឱ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឱ្យទទួលបានកំណើនជាមធ្យម៤%ក្នុងមួយឆ្នាំ និងជំរុញឱ្យទេសចរអាចធ្វើដំណើរទស្សនាកម្សាន្ត បានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស។ លោក ថោង ខុន ក៏បានជំរុញឱ្យអង្គប្រជុំ ASEAN NTOs រួមគ្នាពិភាក្សាពីម្ហូបអាហារ សំដៅធ្វើយ៉ាងសម្រេចឱ្យបាននូវ «ស្ដង់ដាទេសចរណ៍ម្ហូបអាហារអាស៊ាន»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជារូបនេះ ក៏បានលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ាន ត្រូវធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកើនឡើងកាន់តែច្រើនថែមទៀត ហើយលោកក៏បានអរគុណប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ ដែលបានតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ដែលនេះជាការរួមចំណែកដល់ការជំរុញចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា កិច្ចប្រជុំ ASEAN NTOs ខាងលើ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០១៩។ ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះ ក៏មានកិច្ចប្រជុំ ASEAN NTOs បូក៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនឹងមានកិច្ចប្រជុំក្នុងក្របខណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ។
បើតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០១៨ តំបន់អាស៊ានទាំងមូល ទទួលបានភ្ញៀវទេសចរប្រមាណ ១៣៥លាននាក់ កើនឡើង ៧.៦%៕