អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​ប្រាសាទទន្លេស្ងួត ដែល​ខូចខាត​ស្ទើរ​ទាំងស្រុង

10-07-2019 2:25 pm 205
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​ទាំង​១០២ របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មាន ទីតាំង​ស្ថិតនៅ​ទិស​ខាងជើង​ក្រុង​អង្គរធំ កសាង​ឡើង​នា​ចុង​ស​.​វ​.​ទី​១២​។​មកដល់ពេលនេះ​តួ​ប្រាសាទ គ្រឹះ​ប្រាសាទ រង​នូវ​ការខូចខាត​ជាខ្លាំង​ហើយ​ពេល នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​កំពុង​ដំណើរការ​ជួសជុល​ឡើងវិញ​ដោយ​មាន​ផែនការ ជួសជុល​រយៈពេល​ប្រមាណ​២​ឆ្នាំ​។​

​តាម​ការបញ្ជាក់​ពី លោក ជា សារិទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង បុរាណ​វិទ្យា​បង្ការ ដែល​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​បាន​ឱ្យដឹងថា ប្រាសាទទន្លេស្ងួត រង​នូវ ការខូចខាត​ខ្លាំង ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ហូរ​ចូល​ដល់ ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង និង​ស្រុត​។ ម្យ៉ាងវិញទៀត ដើមឈើ​ជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង ព្រោះ​វា​ដុះ ធ្វើឱ្យ​ថ្ម​នៃ​រចនា សម្ពន្ធ​ប្រាសាទ​រំកិល​ចេញ​ពី​ស្ថានភាព​ដើម​ទើប​មាន​ថ្ម​ខ្លះ​រអិល​ធ្លាក់​ហើយ​ខ្លះ​ទៀត​ឫស ឈើ​ទាញ​ចេញ​ពី​គ្នា​។​

​លោក សារិទ្ធ បន្តថា ដោយសារ​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​នេះហើយ កាលពី​ឆ្នាំ​២០០៥ អាជ្ញាធរ​ជាតិ អប្សរា​បាន​ធ្វើការ​ទល់​ទ្រ​ជុំវិញ លុះ​ដល់​ឆ្នាំ​២០១៩ ទើប​ក្រុមការងារ​មានលទ្ធភាព​ក្នុង​ការជួសជុល ដើម្បី​ពង្រឹង​រចនា​សម្ពន្ធ​ប្រាសាទ​ឱ្យមាន​លំនឹង​ឡើងវិញ​។​

​ចំពោះ​ដំណើរការ​ជួសជុល​ប្រាសាទទន្លេស្ងួត បុរាណ​វិទូ​រូប​នេះ​អះអាង​ថា ត្រូវ​ទាមទារ​ពេលវេលា​យូរ​អ្នកជំនាញ​និង​បច្ចេកទេស​ច្បាស់លាស់​ដោយ​ចែក​ជា​ពីរ​ដំណាក់កាល​៖​ទី​១ រុះរើ​តួ​ប្រាសាទ​ទាំងអស់​ពីលើ​ដល់​គ្រឹះ ហើយ​ប្រមូល​ថ្ម ចុះបញ្ជី​ថ្ម ចុះ​លេខ​ថ្ម សម្រង់​ប្លង់​ប្រាសាទ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​៤​កន្លែង ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​មុននឹង​ធ្វើ​ការជួសជុល​។​ទី​២ គឺ​ការ​រៀបសា​ឡើង​វិញ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ដើម ទម្រង់​ដើម ដោយ​មាន​ការ​សិក្សា​យ៉ាង​ល្អិត ល្អន់​ទាំង​គ្រឹះ ជញ្ជាំង និង​ដំបូល ព្រមទាំង​ធ្វើ​ការសិក្សា​រក​ថ្ម​រ៉ា​យ​ប៉ាយ ប្រមូល​រៀប​ផ្គុំ​សាកល្បង​ហើយ​យក​ដាក់​បំទីតាំង​ដើម​វិញ​ក្នុងពេល​ជួសជុល​។

​​សូម​បញ្ជាក់​ដែរ​ថា ប្រាសាទ​ឬ​មន្ទីរពេទន្យ​ទន្លេ​ស្ងួត​មិន​ធ្លាប់​មាន​ការជួសជុល​ឡើយ​ពី​មុន ហើយ​កាលពី​ឆ្នាំ​២០១៧​ប្រាសាទ​នេះ ធ្លាប់​បាន​កំណាយ​ស្រាវជ្រាវ រកឃើញ​ទ្វារបាល​កម្ពស់​ជិត​២​ម៉ែត្រ បដិមា​ជាច្រើន​អង្គ បំណែក​ជើង​ទ្វារបាល និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​តួ​ម៉ប​ជ្រុង​អាគ្នេយ៍ ជុំវិញ​ប្រាសាទ​ដើម្បី​បក​យក​កំណ​កដី​លើ​ខឿន​ប្រាសាទ ហើយ​ប្រមូល​ថ្ម​ដែល​ធ្លាក់​ពីលើ​មក​ទុក​មួយ កន្លែង និង​ចងក្រង​ឯកសារ​ខ្លះៗ​តែប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត