លោក​ស៊ី ជីន​ពីង​​ស្ដី​ឲ្យចំៗ​​មន្ដ្រីក្រោមឱវាទ​​ដែល​ខ្ជិលច្រអូសមួយថ្ងៃៗ​​គិតតែ​ហូប​

10-07-2019 11:20 am 698

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​ស្ដី​ឲ្យចំៗ​តែម្ដង ចំពោះ​មន្ដ្រីក្រោមឱវាទ​ដែល​ស្ពឹក​ស្រពន់​មិនចេះ​ធ្វើ​អ្វី​សោះ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ដ្រីជាន់ខ្ពស់​គណ​បក្ស​កុម្មុយនីស្ដ​ចិន​កាលពី​ថ្ងៃ​អង្គារ លោក​ស៊ី​លើកឡើងថា មន្ដ្រី​ក្នុងប្រទេស​ចិន​ទាំងអស់​មិន​ត្រូវយក​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ធ្វើជា​លេស​គេចវេស​មិន​ធ្វើ​អ្វី​សោះ​ដែល​មួយថ្ងៃៗ​គិតតែ​ហូប​នោះឡើយ​។ 

​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ប្រឆាំង​អំពើពុករលួយ​ក្រោយ​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១២ គណបក្ស​កុម្មុយនីស្ដ​និង​រដ្ឋាភិបាល​ចិន តែងតែ​ស្ដីបន្ទោស​ម្ដង​ហើយ​ម្ដងទៀត ចំពោះ​មន្ដ្រី​ដែល​គិតថា​ពួកគេ​អាច​រួចខ្លួន​ពី​ការដាក់ពិន័យ​រឿង​ប្រព្រឹត្ដ​អំពើពុករលួយ តាមរយៈ​ការបន្ថយ​ការទទួលខុសត្រូវ មិន​ធ្វើ​អី​សោះ ឬ​គ្មាន​ការសម្រេចចិត្ដ​ណាមួយ ដើម្បី​កុំឲ្យ​រដ្ឋាភិបាល​ចាប់កំហុ​សបាន​។ 

​ដោយសារតែ​មើលឃើញ​ភាព​អសកម្ម លោក​ស៊ីក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ដ្រីជាន់ខ្ពស់​បាន​គូស​បង្ហាញថា វា​មាន​សារសំខាន់​ណាស់​ក្នុង​ការដោះស្រាយ​ឲ្យបាន​ត្រឹមត្រូវ រវាង​ភាព​ស្អាតស្អំ​និង​ការទទួលខុសត្រូវ​។ លោក​ស៊ី​សង្កត់ធ្ងន់ថា “​អ្នក​មិនត្រូវ​មើលឃើញ​ការប្រឆាំង​អំពើពុករលួយ ជា​លេស​មិន​ទទួលខុសត្រូវ​ឬ​មិន​ធ្វើ​អ្វី​សោះ​នោះទេ​។ ចូរ​អ្នកមាន​ភាពក្លាហាន​ទទួលបន្ទុក​កិច្ចការ​ធ្ងន់ៗ បំបែក​ឲ្យបាន​រឿងក្ដី​ដែលធំៗ​។ សូមកុំ​ធ្វើជា​មន្ដ្រី​គ្មាន​សតិ ដែល​មិន​អើពើ​នឹង​រឿង​នយោបាយ​និង​ធ្វើកា​រលំៗ ជា​មន្ដ្រី​ខ្ជិល​មួយថ្ងៃៗ​គិតតែ​រឿង​ហូប​នោះ​។​” 

​លោក​ស៊ី​បាន​ប្ដេជ្ញា​ថា យុទ្ធនាការ​បង្ក្រាប​អំពើពុករលួយ​នេះ គ្មាន​នរណាម្នាក់​រួចខ្លួន​បានឡើយ មិន​ថា​សត្វ​ខ្លា​ឬ​សត្វ​រុយ​។ និយាយ​ដូច្នេះ​លោក​ចង់​សម្ដៅ​មិន​ថា​ឥស្សរជន​ឬ​មន្ដ្រី​ធម្មតា​នោះទេ ឲ្យតែ​ពាក់ព័ន្ធ​អំពើពុករលួ​យ​ត្រូវតែ​ទទួលទោស​ទាំងអស់​។​

​សូម​រម្លឹកថា យុទ្ធនាការ​បង្ក្រាប​អំពើពុករលួយ​បាន​ឈានដល់​ការដាក់​ពន្ធនាគារ​មន្ដ្រី​រាប់ពាន់នាក់ ក្នុងនោះ​មាន​មន្ដ្រីជាន់ខ្ពស់​គណបក្ស​និង​មន្ដ្រី​យោធា​ផងដែរ​។ កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើពុករលួយ​មិន​ត្រឹមតែ​ផ្ដោតលើ​ការ​សូកប៉ាន់​និង​ការប្រើប្រាស់​ថវិកា​សាធារណៈ​ផ្គត់ផ្គង់​ការរស់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​គោលបំណង​ចាត់កា​រលើ​មន្ដ្រី​បក្ស​ដែល​ខ្វះ​ការយល់ដឹង​ពី​គោលនយោបាយ​បក្ស និង​អ្នក​ដែល​ធ្វើឲ្យមាន​ការសង្ស័យជា​សាធារណៈ​ពី​គោលនយោបាយ​របស់គ​ណ​បក្ស​៕ 

ព័ត៌មានផ្សេងទៀត