ក្រសួង​ក្រើនរម្លឹក​ពី​វិធានការ​បង្កា​ជំងឺគ្រុនឈាម ខណៈ​មាន​អ្នកស្លាប់​២៥​នាក់​

10-07-2019 10:29 am 211

​នា​រដូវវស្សា ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​ខ្លាំង​គួរឲ្យ​បារម្ភ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចេញ​សេចក្តីអំពាវនាវ ដល់​អាណាព្យាបាល​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈាម តាមរយៈ​ការការពារ​កុមារ កុំ​ឲ្យ​មូស​ខ្លា​ខាំ​។ ឆ្លើយតប​នឹង​ការផ្ទុះ​ជំងឺគ្រុនឈាម​ដ៏​ខ្លាំងក្លា​នេះ ក្រសួង​សុខាភិបាល បាន​អំពាវនាវ​សារជាថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឱ្យ​ចូលរួម​យ៉ាង​សកម្ម អនុវត្ត​វិធានការ​ការពារ​ជំងឺគ្រុនឈាម​តាមរយៈ​ការអនុវត្តន៍​វិធានការ​ចំនួន​៤​សំខាន់ៗ​៖

​វិធានការ​ទី​១៖ អាណាព្យាបាល មាតាបិតា កុមារា​កុមារី គ្រប់រូប ត្រូវ​កម្ចាត់​ដង្កូវទឹក នៅតាម​ទីកន្លែង​ដែល​មាន​ទឹក ដូចជា ពាង អាងទឹក ថូ​ផ្កា បាន​ទ្រ​ជើង​តុទូ ក្រឡ ធុង ខា​ប់ ជាដើម ដោយ​ការផ្លាស់ប្តូរ​ទឹក និង​លាង​សម្អាត​ជាប្រចាំ ឲ្យបាន​យ៉ាងតិច​មួយដង​ក្នុង​មួយអាទិត្យ ឬ​ត្រូវ​គ្រប​គម្រប​ឲ្យបាន​ជិត​ល្អ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល ដើម្បី​ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី​ប្រាំពីរ​ពណ៌ នៅ​កន្លែង​ដែល​អាច​ចិញ្ចឹម​បាន​។ ចំពោះ​សម្ភា​រដក់​ទឹក​ផ្សេងទៀត ដែល​មិន​ប្រើប្រាស់​ទុកចោល ដូចជា​សំបក​កង់​សំបក​ដប កំប៉ុង ត្រឡោក​ដូង និង​វត្ថុ​ដក់​ទឹក​ផ្សេងទៀត ត្រូវ​កប់ ឬ​ដុត ឬ​កំទេចចោល ឬ​ទុកដាក់​ឲ្យមាន​របៀប កុំឲ្យ​មាន​ទឹកដក់​។​

​វិធានការ​ទី​២៖ អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់​ពិសេស​សំបក​កង់ឡាន និង​សំបក​កង់​ម៉ូតូ​ទាំងអស់ សូម​ធ្វើ​ការគ្រប់គ្រង​សំបក​កង់​ទាំង​នោះ​ឲ្យមាន​សុវត្ថិភាព​ចៀសផុត​ពី​ការដក់​ទឹក ដោយ​មិន​ត្រូវ​ទុកចោល ពាសវាល​ពាសកាល បង្កើតបាន​ជា​ប្រភព​កកើត និង​ជម្រក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អំណោយផល​ដល់​ការចម្លង​ជំងឺគ្រុនឈាម​កើនឡើង​និង​អាច​ឈាន​ទៅរក​ការ​រាតត្បាត​គ្រប់ពេលវេលា​។ វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​សំបក​កង់ ដោយ​សុវត្ថិភាព​គ្មាន​សត្វ​មូស​កកើត គឺ​ត្រូវ​៖ ដាក់​គរ​ត្រួត​លើ​គ្នា​គ្រប​ដោយ​បន្ទះក្តា​ជិត ឬ​ស្បៃ​មុង ចាក់​ប្រេងម៉ាស៊ីន​ដែល​ខូច​ឈប់​ប្រើប្រាស់​ចូល​ឬ​ចាក់ដី​បំពេញ ជាពិសេស​ដាក់​នៅ​ក្រោម​ដំបូល​ដើម្បី​ការពារ​កុំឲ្យ​មានដ​ក់​ទឹក ដែល​បង្ក​ទៅជា​ប្រភព​កកើត និង​ជំរក​មូស​ខ្លា​។​

​វិធានការ​ទី​៣៖ ត្រូវ​សម្អាត​ការដ្ឋាន​សំណង់ កុំឲ្យ​មាន​កន្លែងទឹក​ចូល​ជា​ជម្រក​មូស​ខ្លា និង​រក្សា​អនាម័យ​ល្អ​ជា​និច្ច​។​
 

​វិធានការ​ទី​៤៖ ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ​ត្រូវ​ប្រ​ញ៉ាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ថែទាំ​សុខភាព​រដ្ឋ (​សេវាសាធារណៈ​) ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់ (​មិន​ឲ្យ​យឺត​ជាង ៧២​ម៉ោង បន្ទាប់​ពី​ក្តៅខ្លួន​) ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ (​សូម​កុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ខ្លាំង​ភ្លាមៗ​នេះ ដោយ​ខ្លួនឯង ឬ​ពន្យា​ពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​ឲ្យសោះ​)​។​

​គួរបញ្ជាក់​ថា ជំងឺគ្រុនឈាម អាច​នឹង​សម្លាប់​អ្នកជំងឺ​បាន​គ្រប់ពេល ប្រសិនបើ​មិន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​សេវា​រដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ឬ​ព្យាបាល​មិន​មាន​ជំនាញ​វិជ្ជាជីវៈ ឬ​បើ​មាន​ប្រើប្រាស់​ប្រភេទ​ថ្នាំ​អាស្ពីរីន​។ យ៉ាងណាមិញ គិត​មក​ដល់​ខែ​កក្កដា​នេះ ជំងឺគ្រុនឈាម បាន​សម្លាប់​មនុស្ស​២៥​នាក់​ហើយ ខណៈ​ដែល​ពលរដ្ឋ​១៥០០០​នាក់​ផ្សេង​ទៀត បាន​ឆ្លង​ជំងឺ​នេះ​៕

 ពាក្យគន្លឹះ  ជំងឺគ្រុនឈាម

ព័ត៌មានផ្សេងទៀត