អជ្ញាធរ​​រារាំង​​មិន​ឱ្យ​​ធ្វើបុណ្យ​​រំលឹក​​ខួប​នៃ​​ការ​សម្លាប់​​លោក​​បណ្ឌិត ​កែម ឡី​​

10-07-2019 10:12 am 1536

នៅ​ថ្ងៃទី​១០ ខែកក្កដា​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​៣​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីឈ្មោះ​ផ្នែក​សង្គម និង នយោបាយ​នៅ​កម្ពុជា​។​ពលរដ្ឋ និង គណបក្សនយោបាយ​ដែល​ស្រឡាញ់ គោរព​លោក​បណ្ឌិត កែម ឡី បានធ្វើ​ពិធី​រម្លឹក​ខួប​នៃ​ការបាញ់សម្លាប់​នេះ​នៅ​ទីតាំង​ផ្សេងៗគ្នា​។ ប៉ុន្តែ​ពិធី​នេះ ត្រូវបាន​អជ្ញាធរ​កម្ពុជា​រារាំង​ដោយ​មិន​បានបញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ទេ។​

​ចាប់តាំងពី​ព្រឹក​ព្រលឹម ក្រុម​ពលរដ្ឋ និង គណបក្សនយោបាយ​ដែល​ស្រឡាញ់ និង គោរព​លោក​បណ្ឌិត កែម ឡី រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​នៅ​ស្ថានីយ៍​ប្រេង​កាល​តិច និង នៅ​ទីស្នាក់ការ​របស់ខ្លួន ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​៣​ឆ្នាំ​នៃ​ការសម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីឈ្មោះ​ផ្នែក​សង្គម និង នយោបាយ​។​

​ប៉ុន្តែ​ការប្រមូលផ្តុំ​ពួកគេ ត្រូវបាន​រារាំង​ដោយ​កំលាំង​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ប្រដាប់​ដោយ​ខែល និង ដំបង​។​ក្រុម​សន្តិសុខ បាន​បំបែក​មិន​ឱ្យមាន​ការជួបជុំ​ប្រមូល​ផ្តុំគ្នា ហើយ​សូម្បីតែ​ក្បួន​ឡាន​ក៏​មិន​អនុញ្ញាត្តបើក​ឆ្លងកាត់​ដែរ​។​ក្នុង​ការរារាំង​របស់​អាជ្ញាធរ ក៏មាន​ការចាប់ខ្លួនយុវជនចំនួន៣នាក់ ក្នុងនោះមាន​កូនភ្លោះ​ពីរ​នាក់ គឺ ជុំ ហួរ ជុំ ហួត​។ ​ការរារាំង​របស់​អាជ្ញា​ធរ​នេះ មិន​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​បានច្បាស់លាស់​នោះឡើយ ដោយ​គ្រាន់តែ​អះអាងថា ធ្វើតាម​បញ្ជា​មេ​។​

​យ៉ាងណាក្តី កាលពី​ថ្ងៃទី​៤ កក្កដា សាលា​រាជធានី​ភ្នំពេញ ធ្លាប់បាន​ពន្យល់​​ថា ទីតាំង​ស្ថានីយ៍​ប្រេង​កាល​តិច ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ឯកជន ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត្តឱ្យ​រៀបចំ​ពិធី​រំលឹក​ខួប​នៃ​ការសម្លាប់​លោក​បណ្ឌិត កែម ឡី​បានទេ​។​

​សូម​រំ​ឮ​ក​ថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០១៦ នៅក្នុង​ហាង​ទំនិញ​មួយកន្លែង​ជិតស្តុប​បូកគោ​។ ក្រោយ​ឃាតកម្ម​កណ្តាល​ក្រុង​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ឈ្មោះ អឿ​ត អាង ហៅ​ខ្លួនឯង​ថា «​ជួប សម្លាប់​» ដោយ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ តែ​កាលពី​ចុង​ខែមីនា ឆ្នាំ​២០១៧ តុលាការ​បានប្រកាស​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​យកមក​កាត់ទោស​។​

​លោក​ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែងថា បច្ចុប្បន្ន​សំណុំរឿង​លោក​បណ្ឌិត កែម ឡី កំពុងស្ថិត​ក្នុងការ​ស៊ើបសួរ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​លោក​ស្នើ​សុំឱ្យ​ពលរដ្ឋ និង គណបក្សនយោបាយ​ដែល​ស្រឡាញ់ និង គោរព​លោក​បណ្ឌិត កែម ឡី មេត្តា​កុំ​ប្រើ​អារម្មណ៍​នៃ​ក្តីស្រឡាញ់ ទៅ​បំពាន​ច្បាប់ បង្ក​ជា​អសន្តិសុខ​ក្នុងសង្គម​ធ្វើឱ្យ​ជាប់​ទោសទណ្ឌដល់ខ្លួន៕

 ពាក្យគន្លឹះ  បណ្ឌិតកែមឡី

ព័ត៌មានផ្សេងទៀត