អាមេរិក​ថា​​លក់​អាវុធ​​ឲ្យ​តៃវ៉ាន់​​ដើម្បី​ស្វែងរក​​ការលើក​កម្ពស់​​សន្ដិភាព​

10-07-2019 9:31 am 508

​សហរដ្ឋអាមេរិក​និង​កោះ​តៃវ៉ាន់​ទើបតែ​ឈានដល់ កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​ថ្មី​មួយទៀត​ជាមួយគ្នា ដែល​មានតម្លៃ​រហូតដល់​២.២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការលក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់​នេះ អាមេរិក​បញ្ជាក់​កាលពី​ថ្ងៃទី​០៩​កក្កដា​ថា នឹង​អាចជួយ​បង្កើត​នូវ​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី ប៉ុន្ដែ​ចិន​បានទាមទារ​ឲ្យ​អាមេរិក​លុបចោល​កិច្ចព្រមព្រៀង​ជាបន្ទាន់​។​

​ក្រសួងការបរទេស​អា​មេរិក​បាន​និយាយថា កិច្ចព្រមព្រៀង​លក់​អាវុធ​រួមបញ្ចូល​រថក្រោះ និង​មី​ស៊ី​ល​ប្រឆាំង​យន្ដហោះ​ចម្បាំង មិនបាន​ធ្វើឲ្យ​អាមេរិក​ផ្លាស់ប្ដូរ​គោលជំហរទ​ទួលស្គាល់​គោលការណ៍​ស្នូ​លរបស់​រដ្ឋាភិបាល​ចិន​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​​អាមេរិក​​អ្នកស្រីម័​រហ្គែ​ន អ័​រថេ​ហ្គើស​(Morgan Ortagus)  ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា ផលប្រយោជន៍​របស់​អា​មេ​រិកជាមួយ​តៃវ៉ាន់​ទាក់​ទងនឹង​ការលក់​សព្វាវុធ ដើម្បី​បង្កើន​សន្ដិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​។ វា​ពិតជា​គ្មាន​ការផ្លាស់ប្ដូរ​ទេ​នៅក្នុង​គោលនយោបាយ​ចិន​តែមួយ​ដ៏​យូរអង្វែង​របស់​ចិន​។​

​អ្នកស្រី​អ័រថេ​ហ្គើស​បន្ថែមថា ពិតជា​មិនបាន​មើលឃើញថា​កិច្ចព្រមព្រៀង​នេះ ខុសពី​ការអនុលោម​តាមច្បាប់​ទំនាក់ទំនង​ជា​មួយ​តៃវ៉ាន់​ទេ​។ អ្នកស្រី​ចង់​សំដៅលើ​ច្បាប់​អនុម័ត​ដោយ​សភា​ក្នុង​ឆ្នាំ​១៩៧៩ ដែល​ទាមទារ​ឲ្យ​អាមេរិក​ធានាថា​កោះ​តៃវ៉ាន់​មាន​មធ្យោបាយ​ការពារ​ខ្លួន​។ ការលក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់​នៅពេលនេះ គឺជា​ការលក់​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ចិន​និយាយថា​បាន​ដាក់ពាក្យ​ប្ដឹង​តាមរយៈ​បណ្ដាញ​ការទូត បង្ហាញ​ពី​ការមិនពេញចិត្ដ​និង​ជំទាស់​យ៉ាង​ដាច់ខាត​តែម្ដង​។ 

​ជា​ការកត់សម្គាល់​មិនមែន​តែ​រឿង​អាមេរិក​លក់​អាវុធ​ឲ្យ​តៃវ៉ា​ន់ទេ ឲ្យតែ​អាមេរិក​បង្ហាញ​ភាពល្អូ​ក​ល្អិន​ជាមួយ​តៃវ៉ាន់​ចិន​មិនដែល​សប្បាយចិត្ដ​ឡើយ ព្រោះ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន ហេតុនេះ​អាមេរិក​គ្មាន​សិទ្ធិ​រឹតចំណង​មិត្ដ​ភាពជា​មួយ​តៃវ៉ា​ន់ទេ ត្រូវតែ​ងាក​មក​បង្កើន​ចំណងមិត្ដភាព​ជាមួយ​ក្រុង​ប៉េកាំង​។ ប៉ុន្ដែ​អាមេរិក​មិនបាន​អើពើ​ហើយ​ជា​ញយ​ដង​នៅតែ​បន្ដធ្វើ​រឿង​ដដែលៗ ជាហេតុ​ធ្វើឲ្យ​ចិន​ខឹង​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត