​យុវជន​គង់ រ៉ៃ​យ៉ា​​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាថ្មី​​ពាក់ព័ន្ធ​បុណ្យខួប​៣​ឆ្នាំ​លោក​កែម ឡី​​

10-07-2019 8:49 am 3642

​លោក គង់ រ៉ៃ​យ៉ា និង​មនុស្ស​០៣​នាក់​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យកទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ជុំវិញ​ការផ្សព្វផ្សាយ​លក់​អាវយឺត​បណ្ឌិត កែម ឡី សម្រាប់​ពិធី​បុណ្យខួប ៣ ឆ្នាំ នៃ​អំពើ​ឃាតកម្ម​យ៉ាង​ឃោរឃៅ នៅ​ហាង​ស្តារ​ម៉ា​ត​កាល​តិច (Star Mart, Caltex) ស្តុប​បូកគោ ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ 

​ការចាប់​ឃាត់ខ្លួន​លោក គង់ រ៉ៃ​យ៉ា និង​បក្សពួក បន្ទាប់ពី​ហ្វេ​សប៊ុក​របស់លោក បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ «​ទិញ ឬ​ជាវ​អាវយឺត​លោក កែម ឡី មាន​ពណ៌​ស និង ពណ៌​ខ្មៅ ហើយ​អាច​បញ្ជា​ទិញ​តាម​បណ្តាញ​សង្គម និង លេខ​ទូរ​សព្ទ​របស់លោក​បាន​» ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​មិនទាន់​បង្ហើប​អំពី​ព័ត៌មាន​លម្អិត​នៃ​ការចាប់ខ្លួន យុវជន​ខាងលើនេះ​នៅឡើយ​ទេ ដោយ​ពេលនេះ កំពុង​សាកសួរ​ចម្លើយ​ទៅលើ​ពួកគេ​។​

​លោក គង់ រ៉ៃ​យ៉ា ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អតីត​សកម្មជន​បក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កាត់ទោស​ដាក់ពន្ធនាគា​រ ១៨ ខែ (​ពី​ខែ សីហា ២០១៥ ដល់​ខែ មីនា ២០១៦) ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពី​លោក រិះគន់​លោក ហ៊ុន សែន ធ្ងន់ៗ​ក្នុង​បណ្តាញ​សង្គម​៕

ព័ត៌មានផ្សេងទៀត