លោក​សម រង្ស៊ី​ហៅ​លោក​ស ខេង​តទល់​ក្តី​នៅ​តុលាការ​ប្រទេស​បារាំង​

09-07-2019 7:49 pm 1358

​លោក​សម រង្ស៊ី បានប្រកាស​បបួល​លោក​រដ្ឋមន្ត្រី ស ខេង ទៅ​តទល់​ក្តី​ជាមួយ​គ្នា​នៅ​តុលាការ​ប្រទេស​បារាំង ទាក់ទង​នឹង​បណ្តឹង​របស់​លោក ស ខេង បាន​ប្តឹង​លោក​សម រង្ស៊ី ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ កាលពីដើម​ខែ​នេះ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​១​ម៉ឺន​ដុល្លារ ...

​លោក សម រង្ស៊ី នៅ​ល្ងាច​ថ្ងៃទី​៩ កក្កដា បាន​លើកឡើង​ជា​សំណេ​រលើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​ថា បណ្តឹង​របស់​លោក ស ខេង នៅ​តុលាការក្រុង​ភ្នំពេញ លោក​បាន​ដឹង​ច្បាស់​ថា ច្បាស់​ជា​ឱ្យ​លោក​រដ្ឋមន្ត្រី ស ខេង ឈ្នះ​១០០​ភាគរយ ដោយ​គ្មាន​ហានិភ័យ​អ្វី​ឡើយ ។​

​លោក​បាន​បញ្ជាក់ថា បើ​លោក ស ខេង មាន​ភាពថ្លៃថ្នូរ និង​ក្លាហាន​តែ​បន្តិច គាត់​ត្រូវ​ដាក់​ពាក្យបណ្តឹង​នៅ​ចំពោះមុខ​តុលាការ​ប្រទេស​បារាំង ព្រោះ​តុលាការ​នេះ ជា​តុលាការ​ឯករាជ្យ គ្មាន​នរណា​អាច​ដឹងថា នរណា​ឈ្នះ នរណា​ចាញ់ ជា​មុន​ឡើយ ។​

​ការ​បបួល​លោក​រដ្ឋមន្ត្រី ស ខេង ទៅ​តទល់​ក្តៅ​នៅ​តុលាការ​ប្រទេស​បារាំង​នេះ ធ្វើឡើង​ដោយ​លោក សម រង្ស៊ី សំអាងថា លោក​កំពុង​រស់នៅ​ប្រទេស​បារាំង ហើយ​យោបល់​ទាំងឡាយ​របស់​លោក ក៏​បញ្ចេញ​ពី​ទឹកដី​ប្រទេស​បារាំង​ដែរ ។​

​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ថា លោក ស ខេង មិនគួរ​ទៅ​លេងសើច​ជាមួយ​តុលាការ​ក្រុងភ្នំពេញ​សព្វថ្ងៃ​ទេ ដោយហេតុ​ថា តុលាការ​នេះ ជា​តុលាការ​អាយ៉ង ចាំតែ​ស្តាប់​បញ្ជា​ពី​អ្នកនយោបាយ​កាន់​អំណាច​សព្វថ្ងៃ ។​

​គូសបញ្ជាក់ថា ការ​បបួល​លោក​រដ្ឋមន្ត្រី ស ខេង ពី​សំណាក់​លោក សម រង្ស៊ី ទៅ​តទល់​ក្តី​នៅ​តុលាការ​ប្រទេស​បារាំង​នេះ ធ្វើឡើង​ក្រោយ​លោក ស ខេង បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក កាលពី​ថ្ងៃ​ទី​១ កក្កដា ។​

​បណ្តឹង​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​កាលពី​ថ្ងៃ​ទី​២ មិថុនា ថា លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ មាន​គម្រោង​សងសឹក​លោក​ហ៊ុន សែន ដែលជា​អ្នក​រៀបចំ​ធ្វើឃាត​លោក ហុក ឡងឌី ជា​ឪពុក កាលពី​ឆ្នាំ​២០០៨ ដែល​គម្រោង​សងសឹក​នេះ មាន​ការជួយ​ជ្រោមជ្រែង​ពី​លោក​រដ្ឋមន្ត្រី ស ខេង ។​

​យ៉ាងណាក៏ដោយ លោក ស ខេង បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​៨ កក្កដា ថា ការសម្រេច​ដាក់​ពាក្យបណ្តឹង​នេះ គឺជា​ការ​ដាស់តឿន​ដល់​អ្នកនយោបាយ​មួយចំនួន ឱ្យ​ប្រកាន់ខ្ជាប់​នូវ​សេចក្តីថ្លៃថ្នូរ សីលធម៌ និង​គុណធម៌​ក្នុង​វិជ្ជាជីវៈ ចៀសវាង​ការ​ប្រឌិត​ព័ត៌មាន ដើម្បី​ញុះញង់ ៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ីលោកសខេង

ព័ត៌មានផ្សេងទៀត