អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់​ទ្រង់​ធំ ចាប់ខ្លួន​ឧកញ៉ា​ម្នាក់​នៅ​មណ្ឌលគិរី​

09-07-2019 6:20 pm 1492
  ស្តាប់
@រូបភាពឯកសារ
ស្តាប់ជាសំឡេង

​កម្លាំង​អាវុធហត្ថ​នៅ​ថ្ងៃ​ទី​៩​កក្កដា បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ដោយ​បាន​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ទៀត ព្រមទាំង​រឹបអូស​បាន​រថយន្ត​ជាង​៤០​គ្រឿង ត្រៀម​បំផ្លាញចោល​នៅនឹងកន្លែង...

​កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅថ្ងៃនេះ បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​មណ្ឌលគិរី ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន​, មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ត​ជាង​៤០​គ្រឿង ។​

​ប្រតិបត្តិការ​នា​រសៀល​ថ្ងៃ​ទី​៩ កក្កដា នេះ ធ្វើឡើង ក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ។​

​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ស្រង់​សម្តី​ដោយ​ទំព័រ​ហ្វេ​សប៊ុ​កកងរាជអាវុធហ​ត្ថ នៅ​រសៀល​ថ្ងៃ​ដដែល​ថា រថយន្ត​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មួញ​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​ពេលនេះ កម្លាំង​ជំនាញ​កំពុង​រុករក​យ៉ាង​ក្តៅគគុក ។ 

​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់ថា រថយន្ត​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ទីកន្លែង​តែម្តង ។ លោក​បាន​អំពាវនាវ​ឱ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ជាក់​ជាមិនខាន ។​

​គូសបញ្ជាក់ថា ប្រតិបត្តិការ​ក្តៅគគុក​នេះ កើតឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឱ្យបាន​តឹងរ៉ឹង និង​សម្រេច​ឱ្យ​មាន​ការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើ​សព្រៃ​ឈើ​នៅ​នឹង​កន្លែង ៕

ព័ត៌មានផ្សេងទៀត