អាមេរិក​និង​ពួក​តា​លី​បង់ បន្ត​ការចរចា​បញ្ចប់​ជម្លោះ១៨ឆ្នាំជាមួយគ្នា

09-07-2019 3:48 pm 248
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រី​តំណាងឲ្យ​ភាគី​អាមេរិកនិង​តា​លីបង់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ត​ការពិភាក្សា​ជាមួយគ្នា​ទៀត​នៅ​ថ្ងៃ​អង្គារ នៅក្នុង​ប្រទេស​កាតា ក្នុង​បំណង​បិទ​បញ្ចប់សង្គ្រាម​រយៈពេល​ជិត​១៨​ឆ្នាំ​ជាមួយគ្នា​។ មន្ត្រី​និយាយថា សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់ កំពុងតែ​រំកិល​ខ្លួន​ខិត​កាន់តែ​ជិត ទៅរក​កិច្ចព្រមព្រៀង​មួយ​ហើយ​។ នៅក្នុង​កិច្ចព្រមព្រៀង​នោះគេ​រំពឹងថា សម្រាប់​អាមេរិក​នឹង​យល់ព្រម​ដកទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ចំណែក​ពួក​តា​លី​បង់ នឹង​បញ្ឈប់​ការអនុញ្ញាតឲ្យ​ប្រើប្រាស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​មូលដ្ឋាន​សម្រាប់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​តទៅទៀត ដែល​នេះ​ជា​មូលហេតុ​ចម្បង ធ្វើឲ្យ​អាមេរិក​ចូលលុកលុយ​ក្នុងប្រទេស​នេះ អស់​រយៈពេល​ជិត​១៨​ឆ្នាំ​។ ពោល ចាប់តាំងពី​ក្រោយ​ការវាយប្រហារ លើ​អគារ​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក​ឆ្នាំ​២០០១​មកម្ល៉េះ​។​

​កិច្ចចរចា​ជុំ​ទី​ប្រាំពីរ កំពុង​បន្ត​ហើយនឹង​បន្ត​រហូត ដល់​ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ច្បាស់លាស់​មួយ​។ ឥឡូវនេះ គឺ​ត្រូវ​រក​ដំណោះស្រាយ រវាង​អាមេរិក​និង​តា​លី​បង់​សិន ហើយ​គេ​រំពឹងថា សហរដ្ឋអាមេរិក​នឹងធ្វើ​សេចក្តីប្រកាស អំពី​ការដក​ទ័ព​នៅក្នុងពេល​ឆាប់ៗ​។ នេះ​បើតាម​ការអះអាង ដោយ​លោក Zalmay Khalilzad ប្រធាន​ក្រុម​ចរចា​តំណាងឲ្យ​អាមេរិក​។​

​ការបន្ត​កិច្ចសន្ទនា​នេះ ធ្វើឡើង​ក្រោយ​ភាគី​អា​ហ្វ​ហ្គានី​ស្ថាន និង​ក្រុម​សកម្ម​ប្រយុទ្ធ ទើបតែ​បញ្ចប់​កិច្ចពិភាក្សា​ដាច់ដោយឡែក​ពីគ្នា​។ ពួក​តា​លី​បង់​កន្លងមក តែងតែ​បដិសេធ​មិន​ព្រម​ជួបចរចា​ជាមួយ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន​ឡើយ ព្រោះ​ពួកគេ​ចាត់ទុក​អា​ហ្វ​ហ្គានី​ស្ថាន ជា​អាយ៉ង​របស់​អាមេរិក​។ ប៉ុន្តែ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ជំរុញ​ដល់​ការផ្សះផ្សា​អា​ហ្វ​ហ្គានី​ស្ថាន គណៈប្រតិភូ​មកពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ចំនួន​៦០​រូប បាន​ជួប​ជាមួយ​ពួក​តា​លី​បង់អស់​រយៈពេល​ពីរ​ថ្ងៃ នៅ​ប្រទេស​កាតា​នា​ថ្ងៃអាទិត្យ​។ ជា​លទ្ធផល ភាគី​ទាំងពីរ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​នៅ​ថ្ងៃ​ចន្ទ​។ ក្នុង​សេចក្តីថ្លែងការណ៍ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា គោរព​និង​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​មនុស្ស ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ និង​កាត់បន្ថយ​ការស្លាប់​និង​របួស​ជន​ស៊ីវិល ឲ្យនៅ​កម្រិត​សូន្យ​។ ភាគី​ទាំងពីរ​បាន​សន្យា ធានា​នូវ​សុវត្ថិភាព​នៃ​ស្ថាប័ន​សាធារណៈ ដូចជា​សាលារៀន មន្ទីរពេទ្យ​និង​ផ្សារ​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា បើតាម​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo និយាយ​កាលពីពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​ចង់​បាន​កិច្ចព្រមព្រៀង​មួយ ជាមួយ​ពួក​តា​លី​បង់​នៅត្រឹម​ថ្ងៃទី ១ ខែកញ្ញា​ខាងមុខ ។ ពោលគឺ មុន​ការបោះឆ្នោត​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថានដែល​ត្រូវ​ធ្វើនៅ ចុងខែ​ដដែល​នោះ​៕

 

 

ព័ត៌មានផ្សេងទៀត