ក្រសួង​សាធារណការ​កំពុង​សិក្សា​គម្រោង​ផ្លូវ​រថភ្លើង​ដំបូង​បំផុត​នៅ​កម្ពុជា​

09-07-2019 3:28 pm 599

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សិក្សា​គម្រោង ផ្លូវ​រថភ្លើង​ក្រោម​ដី​លើកដំបូង របស់​កម្ពុជា ហើយ​នឹង​ដាក់ជូន​រាជរដ្ឋាភិបាល​សម្រេច​នៅពេល​ខាងមុខ​។ នេះ​បើ​តាម លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែ​មេសា​-​ឧសភា ឆ្នាំ​២០១៩ នា​ថ្ងៃ​ទី​៨ ខែកក្កដា​។

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​កំពុង​សិក្សា​គម្រោង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ការសិក្សា​គម្រោង Monorail និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី ដើម្បី​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិនិត្យ និង​ពិចារណា​ជ្រើសរើស គម្រោង​ណាមួយ ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​សព្វថ្ងៃ​នេះ​។​

​កម្ពុជា បាន​ខិតខំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ព​ល​រដ្ឋ និង​កាត់បន្ថយ​ការកកស្ទះ​ដែល​បណ្តាល​មក​ពី​កំណើត​យានយន្ត នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ការសាងសង់​ស្ពាន​អាកាស ស្ពាន​អាកាស​ថ្មើជើង​។ គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី ត្រូវបាន​រំពឹងថា នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការដឹកជញ្ជូន និង​កាត់បន្ថយ​ការកកស្ទះ​។​

​ក្រៅ​ពី​ការលើកឡើង​តិចតួច​អំពី​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី រដ្ឋ​មន្ដ្រី​សាធារណការ​រូបនេះ បាន​គូសបញ្ជាក់ អំពី​ការងារ​ត្រួតពិនិត្យ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឲ្យប្រើ​ប្រា​ស់ជាប់​បាន​យូរ​ផងដែរ​។ លោក​បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន ដូចជា​ការផ្តល់​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​តាម​គោលដៅ​កំពង់ផែ និង​ការបើក​បង្រៀន​បើកបរ​យានយន្ត​ដឹក​ទំនិញ​ដោយ​ឥតគិតថ្លៃ​៕

ព័ត៌មានផ្សេងទៀត