ក្រសួង​ការងារ និង​GIZ​​អនុវត្ត​​«​គម្រោង​​ពង្រឹង​និរន្តរភាព​​វិស័យ​វាយ​ន​ភ​ណ្ឌ​ និង​កាត់ដេរ​​នៅ​អាស៊ី​»​

09-07-2019 3:18 pm 198
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ GIZ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី ការអនុវត្ត​កម្មវិធី​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយ​ន​ភ​ណ្ឌ និង កាត់ដេរ​នៅ​ទ្វីប​អាស៊ី​» (GIZ, FABRIC) នៅ កម្ពុជា​។​

​បើតាម​លោក​អ៊ិត សំហេង ថា​អង្គការ GIZ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ទាំង​ថវិកា  និង​អ្នកជំនាញ​បច្ចេកទេស​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ពេលកន្លងមក​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការអនុវត្ត​កម្មវិធី​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយ​ន​ភ​ណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​» (GIZ, FABRIC) ពេលនេះ មាន​រយៈពេល​២​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​០១ មេសា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០២១ ដែល​មានថិ​វកា គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ៦​លាន​អឺរ៉ូ សម្រាប់​ប្រទេស​បង់​ក្លា​ដេស​, កម្ពុជា​, ចិន​, មី​យ៉ាន់​ម៉ា​, ប៉ា​គី​ស្ថាន និង​វៀតណាម​។​

​គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​ទី​១ គាំទ្រ​ដល់​បណ្តា​ស្ថាប័នរដ្ឋ និង​ឯកជន ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ ថ្នាក់ជាតិ និង​កម្រិត​សហគ្រាស គ្រឹះស្ថាន ដើម្បី​ពង្រឹង​អនុលោមភាព​តាម​បទដ្ឋាន​សង្គម និង​ការងារ ដូច​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​ការងារ​នៅ​កម្ពុជា និង​អនុសញ្ញា​អន្តរជាតិ​នានា ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមភាព​យេនឌ័រ​នៅ​កន្លែងធ្វើការ​។​

​ទី​២ ផ្ដល់ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​គម្រោង GIZ, FABRIC ដល់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អធិការ​កិច្ចការងារ​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​សមត្ថភាព តម្លាភាព ប្រសិទ្ធភាព និង​ទទួលបាន​ការជឿជាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ទី​៣ ផ្តល់ជំនួយ​បច្ចេកទេស​ដល់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​អនុវត្ត​សកម្មភាព​ទាំងឡាយ ដែល​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ដែល​ធ្វើការ​ក្នុង​វិស័យ​វាយ​ន​ភ​ណ្ឌ និង​កាត់ដេរ​៕

ព័ត៌មានផ្សេងទៀត