លោក​គួច ចំរើន៖១៣​កក្កដា​ជាថ្ងៃប្រមូល​​កាក​​សំណល់​ចេញពី​ខេត្ត​ព្រះសីហនុ​

09-07-2019 3:12 pm 179

ការផ្លាស់ប្តូរ ធ្វើ​កំណែទម្រង់​ថ្មី នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​មើលឃើញថា កំពុង​ចាប់ផ្តើម​ដំណើរការ​គួរឲ្យកត់សម្គាល់ ក្រោយពី​មាន​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ នៅក្នុង​ខេត្ត​មួយ​នេះ​។ ដោយឡែក នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ខាងមុខនេះ លោក​គួច ចំរើន បាន​កំណត់​យក​ជា​ថ្ងៃ​បើក​យុទ្ធនា​ការប្រមូល​កាកសំណល់​ចេញពី​ខេត្ត​ព្រះសីហនុ​។

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​ចូលកាន់​តំណែង បាន​ចុះ​ពិនិត្យ និង​ផ្អាក​សំណង់​អគារ​របស់​មួយចំនួន ក្រោយ​ពិនិត្យឃើញថា ជា​សំណង់​ដែល​គ្មាន​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ជាមួយគ្នានេះ លោក​ក៏​បាន​នាំ​ណែ​ដល់​មន្ត្រី​ក្រោម​ឱវាទ ដោះស្រាយ​ពី​បញ្ហា​កាកសំណល់​នៅតាម​តំបន់​ឆ្នេរសមុទ្រ និង​បញ្ហា​លូ​ទឹកស្អុយ​ជា​ដើម​។​

​លោក គួច ចំរើន បាន​ប្រកាស​នៅ​លើ Facebook នា​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ យ៉ាង​ដូច្នេះ​ថា «​ក្រោយ​ការប្រជុំ​ពិភាក្សា​អំពី​ការប្រមូល​កាក​សំណល់ កាលពី​ព្រឹក​មិញ​នៅ​សាលា ក្រុងព្រះសីហនុ យើង​បាន​កំណត់​យក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​ខាងមុខ បើក​យុទ្ធនាការ​ប្រមូល​កាក​សំណល់ ចេញពី​ខេត្ត​ព្រះសីហនុ​»​។​

​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ក្រុងព្រះសីហនុ​ទាំងអស់ ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ជា​ការកត់សម្គាល់ លោក គួច ចំរើន បន្ទាប់ពី​បាន​ឡើងកាន់តំណែង លោក​កំពុង​បំពេញការងារ​យ៉ាង​សកម្ម​នៅក្នុង​មូលដ្ឋាន ពិសេស​ពាក់ព័ន្ធ​វិស័យ​សំណង់ ទេសចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជា​ដើម​។ ការបំពេញ​ការងា​រយ៉ា​ង​សស្រាក់សស្រាំ​នេះ របស់លោក គួច ចំរើន កំពុង​ទទួល​បាន​គាំទ្រ​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​៕

ព័ត៌មានផ្សេងទៀត