ហុងកុង​​និង​តៃវ៉ាន់​​នៅតែ​​ធ្វើឲ្យ​ចិន​​ឃ្នើ​ស​​ចិត្ដខ្លាំង​

09-07-2019 2:51 pm 1040
ពីឆ្វេង កងទ័ពតៃវ៉ាន់ ប្រធានាធិបតីចិន ការតវ៉ា​នៅហុងកុង

​សព្វថ្ងៃ​ថ្វីបើ​ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​ពីរ​ក្នុង​លោក មាន​កម្លាំង​ទ័ព​ខ្លាំងក្លា មាន​សព្វាវុធ​ទំនើបៗ ប៉ុន្ដែ​ចិន​នៅ​មិនទាន់​អាច​យកឈ្នះ​លើ​ហុងកុង​និង​តៃវ៉ាន់​បានឡើយ​។ ហុងកុង​មិន​ចង់​ស្ថិតក្រោម​ការដឹកនាំ​តាមបែប​កុម្មុយនីស្ដ រីឯ​តៃវ៉ាន់​រឹតតែ​មិន​ចង់​ទៅទៀត​។ ប្រជាជន​ហុងកុង​នាំគ្នា​តវ៉ា​យ៉ាង​ភ្លូកទឹកភ្លូកដី​មិន​ខ្លាច​ស្លាប់ ជាជាង​រស់នៅ​ក្រោម​សម្ពាធ​ក្រុង​ប៉េកាំង ខណៈ​តៃវ៉ាន់​វិញ​កំពុង​ពង្រឹង​កម្លាំងយោធា​ត្រៀម​តតាំង​ជាមួយ​ចិន​។  ដែនដី​ទាំងពីរ​នេះ​ចិន​អះអាង​ជា​កម្មសិទ្ធិ​របស់ខ្លួន ប៉ុន្ដែ​មាន​ការគ្រប់គ្រង​ដាច់ដោយឡែក  ហើយ​ទោះបី​ចិន​ព្យាយាម​អូសទាញ​អស់​ជាច្រើន​ឆ្នាំ​នៅតែ​មិន​ជោគជ័យ​។ ចិន​ពិតជា​នៅ​ឃ្នើសចិត្ដ​ខ្លាំង​ជាមួយ​ហុងកុង​និង​តៃវ៉ាន់​។​

សំឡេង៖

​ដូច​ដឹងហើយថា ចិន​គឺជា​មហាអំណាច​មួយ​នៅក្នុង​ពិភពលោក ទាំង​សព្វាវុធ កងទ័ព និង​សេដ្ឋកិច្ច ចិន​អាច​ប្រជែង​បាន​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​។ ចិន​មាន​ផ្ទៃដី​៩,៥៩៦,៩៦១​គីឡូម៉ែត្រ​ការ៉េ​។ ចំពោះ​ចំនួន​ប្រជាជន​តាម​ការប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​១,៤០៣,៥០០,៣៦៥​នាក់ ជាប់​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​បំផុត​ក្នុង​លោក​។ ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ចិន​ដឹកនាំ​តាមបែប​កុម្មុយនីស្ដ។ ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក​ស៊ី ជីន​ពីង ត្រូវបាន​គេ​ចាត់ទុកថា​ជា​លោក​ម៉ៅ សេទុង​ទី​ពីរ​។ លោក​ម៉ៅ សេទុង​ជា​នរណា អ្នកតាមដាន​ប្រវត្ដិសាស្ដ្រ​ចិន​ពិតជា​ដឹង លោក​គឺជា​បិតា​ស្ថាបនិក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​អ្នកបង្កើត​លទ្ធិកុម្មុយនីស្ដ​ក្នុងប្រទេស​ចិន​ផងដែរ​។​

​ក្នុងសម័យ​ទំនើប​បច្ចុប្បន្ន ចិន​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ មិន​ថា​សេដ្ឋកិច្ច កម្លាំងយោធា និង​សព្វាវុធ​។ ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ក្នុង​លោក​បន្ទាប់ពី​អាមេរិក រីឯ​កម្លាំង​ទ័ព​ចិន​ជា​ប្រទេស​មាន​កងទ័ព​ច្រើន​បំផុត​ក្នុង​លោក គឺ​កងទ័ព​កំពុង​បម្រើការ​ជាង​២​លាន​នាក់ កងទ័ព​បម្រុង​ជាង​៥​ម៉ឺន​នាក់ ហើយ​សព្វាវុធ​វិញ​ក៏​ទំនើបៗ​មិនធម្មតា​ដែរ​។ កត្ដា​សេដ្ឋកិច្ច​រីកចម្រើន កងទ័ព​ខ្លាំងក្លា សព្វាវុធ​ទំនើបៗ​ស្ទើរ​គ្រប់​ប្រភេទ ធ្វើឲ្យ​ចិន​កាន់តែ​មាន​ជំហ​ររឹង​មាំ​។ ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ការពារ​ដែន​អធិបតេយ្យ និង​ពង្រីក​ប្រជាប្រិយភាព​លើ​ឆាក​អន្ដរជាតិ​។​

​តែ​យ៉ាងណាមិញ​ចិន​នៅ​មានរឿង​ឃ្នើសចិត្ដ​ពីរ ទីមួយ​ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់ ទី​ពីរ​ពាក់ព័ន្ធ​នឹង​ទីក្រុង​ហុងកុង ដែល​ធ្វើឲ្យ​មេដឹកនាំ​ចិន​សព្វថ្ងៃ​លោកស៊ី ជីន​ពីង​នៅ​មិន​សុខ​។ ពិតណាស់​លោក​ស៊ី​ចង់ឲ្យ​ដែនដី​ចិន​ទាំងអស់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​តែមួយ ទោះ​ត្រូវ​ប្រើ​រូបមន្ដ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ក៏ដោយ ប៉ុន្ដែ​កោះ​តៃវ៉ាន់​មិន​ព្រម​ទទួលយក​ទេ រីឯ​ហុងកុង​កំពុង​ដឹកនាំ​តាម​រូបមន្ដ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​មែន តែ​ហុងកុង​មិនឲ្យ​ចិន​អន្ដរាគមន៍​លើសពីនេះ​ដាច់ខាត​។ 

​ក្រុង​ហុងកុង​បាន​រួច​ពី​អាណានិគម​អង់គ្លេស មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​វិញ នៅ​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​១៩៩៧​។ ក្រោយ​ការព្រមព្រៀង​ចិន​ត្រូវ​អនុញ្ញាតឲ្យ​ហុងកុង ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​យ៉ាងហោចណាស់​ដល់​ឆ្នាំ​២០៤៧​។ ប៉ុន្ដែ​ក្រុង​ប៉េកាំង​តែង​ព្យាយាម​បញ្ជ្រាប​ឥទ្ធិពល​បន្ដិច​ម្ដងៗ​ទៅលើ​ប្រព័ន្ធ​ដឹកនាំ​ហុងកុង ដ្បិត​ដឹង​ច្បាស់​ថា​មិនអាច​បង្ខំ​ឲ្យ​ហុង​កុងផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹង​នាំ​បាន​ទាំងស្រុង​។ ការប៉ុនប៉ង​របស់​ចិន​ដូច្នេះ​ប្រជាជន​ហុងកុង​មិន​សប្បាយចិត្ដ​ឡើយ ព្រោះ​ពួកគេ​មិន​ចង់​ស្ថិតក្រោម​ការដឹកនាំ​បែប​កុម្មុយនីស្ដ​។ 

​ឃើញជាក់ស្ដែង​ការតវ៉ា​ក្នុង​ឆ្នាំ​២០១៤ កាលនោះ​មានឈ្មោះ​ថា​ចលនា​ឆ័ត្រ ប្រជាជន​ហុងកុង​បាននាំគ្នា​ប្រឆាំង​ផែនការ​ជ្រើសរើស​ដឹកនាំ ដែល​ស្ថិតក្រោម​ការចាត់តាំង​ចង្អុលបង្ហាញ​ពី​ក្រុង​ប៉េកាំង​។ បំណង​ពួកគេ​ចង់​ជ្រើសរើស​មេដឹកនាំ​ដោយ​ខ្លួនឯង​តាមរយៈ​ការបោះឆ្នោត​។ ការតវ៉ា​អូស​បន្លាយពេល​ជាង​២​ខែ ទីបំផុត​មេដឹកនាំ​ក្រុម​តវ៉ា​ត្រូវ​ចាប់ខ្លួន ហើយ​ការតវ៉ា​ក៏ត្រូវ​បញ្ចប់​ទៅវិញ​ទាំង​គ្មាន​ការផ្លាស់ប្ដូរ​អ្វី​ឡើយ​។ ស្ថានការណ៍​ក៏​ស្ងប់ស្ងាត់​មួយរយៈ ទើបតែ​កាលពី​ថ្ងៃទី​០៩​ខែមិថុនា​ដែល​ផ្ទុះ​ការតវ៉ា​ជាថ្មី​។ ការតវ៉ា​លើក​នេះ​គឺ​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​ពលរដ្ឋ​ហុងកុង​ចាត់ទុកថា​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព នៅពេល​បញ្ជូន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​។ ការតវ៉ា​អូស​បន្លាយពេល​មួយខែ​គត់ ទីបំផុត​មេដឹកនាំ​ហុងកុង​អ្នកស្រី​ខា​រី ឡា​ម បានសម្រេច​លុប​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ចោល​ទាំងស្រុង​។ 

​ចលនា​តវ៉ា​របស់​ប្រជាជន​ហុងកុង​ជា​សញ្ញា​ប្រាប់​ទៅ​ចិន​ថា ទោះបីជា​អ្នកឯង​ជា​អាណាព្យាបាល​របស់​ហុងកុង​ក្ដី ប៉ុន្ដែ​អ្នក​គ្មាន​សិទ្ធិ​កែប្រែ​ការរស់នៅ​ការដឹកនាំ​របស់​ហុងកុង​ដាច់ខាត​។ មិន​ខ្វល់​ថា​ការតវ៉ា​ជោគជ័យ​ឬក៏​បរាជ័យ ពលរដ្ឋ​ហុងកុង​ប្រកាស​ជំហ​រ​សុខចិត្ដ​ស្លាប់​ជាជាង​ឲ្យ​ចិន​គាបសង្កត់​។ ហុងកុង​គ្មាន​កម្លាំង​ទ័ព​គ្មាន​សព្វាវុធ​ដើម្បី​ប្រឆាំង​ចិន​ឡើយ មានតែ​ការ​សាមគ្គី​ជា​កម្លាំង​តវ៉ា​ប៉ុណ្ណោះ​សម្រាប់​ទប់ទល់​សម្ពាធរ​បស់​ក្រុង​ប៉េកាំង​។​

​ងាក​មក​និយាយ​ពី​កោះ​តៃវ៉ាន់​វិញ​ម្ដង តៃវ៉ាន់​ដូចគ្នា​នឹង​ហុងកុង​ដែរ​គឺ​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ប៉ុន្ដែ​តៃវ៉ាន់​មិន​ស្ថិតក្រោម​ការដឹកនាំ​តាម​រូបមន្ដ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ទេ​។ តៃវ៉ាន់​ប្រៀបដូចជា​ប្រទេសមួយ​អ៊ីចឹង គ្រាន់តែ​ចិន​មិន​ទទួលស្គាល់​ប៉ុណ្ណោះ​។ បើ​ចិន​បើកដៃ​ម្ល៉េះ​តៃវ៉ាន់​ក្លាយជា​ប្រទេស​ដែន​កោះ​យូរណាស់​មកហើយ​។ តៃវ៉ាន់​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយ​ខ្លួនឯង មាន​កងទ័ព មាន​សព្វាវុធ ប្រព័ន្ធ​សេដ្ឋកិច្ច​ក៏​ដាច់ដោយឡែក ហើយ​ថែមទាំង​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​អាមេរិក​ផងដែរ តែ​ត្រូវ​ចិន​គំរាម​ឲ្យ​កាត់​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​បរទេស​ជា​បណ្ដើរៗ​។ 

​ប្រធានាធិបតី​តៃវ៉ាន់​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត ប៉ុន្ដែ​ដោយ​បារម្ភ​ព្រោះ​តៃវ៉ាន់​ចេះតែ​ចង់​ផ្ដាច់ខ្លួន ចិន​បាន​លូកដៃ​ជួយ​ដល់​គណបក្ស​គួមី​ងតាង​ជា​បក្សប្រឆាំង ប្រជែង​ជាមួយ​គណបក្ស​ដំណើរការ​ប្រជាធិបតេយ្យ​តៃវ៉ាន់​។ ចិន​សង្ឃឹម​បើ​គណបក្ស​គួមី​ងតាង​ឈ្នះឆ្នោត នោះ​សង្ឃឹម​ច្រើន​អាច​ទាញ​តៃវ៉ាន់​ឲ្យមក​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន​ទាំងស្រុង​។ តែ​យើង​សង្កេតឃើញថា​ក្ដីសង្ឃឹម​ចិន​មិនទាន់​មកដល់​ទេ ព្រោះ​គណបក្ស​ដំណើរការ​ប្រជាធិបតេយ្យ កំពុងមាន​ប្រជាប្រិយភាព​នៅ​តៃវ៉ាន់​នៅឡើយ​។ ទោះបី​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​ធ្លាប់​និយាយថា គ្មាន​ចេតនា​ចង់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​គ្រាន់តែ​ចង់​ដឹកនាំ​តៃវ៉ាន់​តាម​បំណង​ប្រជាជន​ក៏ដោយ លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​មិនដែល​ទុកចិត្ដ​ម្ដង​ណាឡើយ​។ ចិន​តែង​ធ្វើ​សមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​ជា​ញយ​ដង ចង់​បង្ហាញថា​តៃវ៉ាន់​គ្មាន​សិទ្ធិ​រើចេញ​ពី​ចិន​បាន​ដាច់ខាត​។ បើ​ចង់​បះបោរ​ក្រុង​ប៉េកាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​រឹត​ក​តៃវ៉ាន់​មិនឲ្យ​ដក​ដង្ហើមរួច​។​

​ត្រង់ចំណុច​នេះ​យើង​អាចដាក់​សំណួរ​បាន​ថា បើ​ចិន​ខ្លាំង​មែន​ម្ដេច​មិន​ក្រសោប​លេប​យក​តៃវ៉ាន់​ភ្លាមៗ​ទៅ ចាំបាច់​ទុក​យូរ​នាំ​សុបិន​ច្រើន​ធ្វើ​អី​? និយាយ​ពិតជា​ស្រួល​តែ​ធ្វើ​វា​ពិបាក​។ តៃវ៉ាន​ក៏មាន​កងទ័ព មាន​សព្វាវុធ​ទំនើបៗ​ទិញ​ពី​អាមេរិក ហើយ​តៃវ៉ាន់​ក៏​ធ្វើ​សមយុទ្ធ​និង​ប្រុង​ជើងការ​ជានិច្ច​នៅពេល​ចិន​គំរាម​ម្ដងៗ​។ ដូច្នេះ​តៃវ៉ាន់​ក៏មាន​សាច់ដុំ​យោធា​បង្ហាញ​ឲ្យ​ចិន​ឃើញ​ដែរ ទោះបី​ត្រឹម​ជា​ដែន​កោះ​មួយ​ក៏ដោយ​។ តៃវ៉ាន់​មិន​ប្រមូលផ្ដុំ​កម្លាំង​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ចិន​ដូច​ហុងកុង​ទេ ប៉ុន្ដែ​តៃវ៉ាន់​មាន​កម្លាំងយោធា​ទប់​មិនឲ្យ​ចិន​ក្អេង​ក្អាង​ពេក​។ បើ​ផ្ទុះ​សង្គ្រាម​សព្វាវុធ​ហើយ​តៃវ៉ាន់​ត្រូវកម្ទេច កុំ​ស្មានថា​ចិន​មិន​ខូចខាត​នោះ ម្យ៉ាង​ក៏​មិនត្រូវ​មើលរំលង​សហរដ្ឋអាមេរិក​ដែល​កំពុង​ត្រៀម​ជួយ​តៃវ៉ាន់​គ្រប់ពេល​។​

​ជារួម​មក ចិន​ពិតជា​នៅ​ទើសចិត្ដ​ខ្លាំង​ជុំវិញ​បញ្ហា​កោះតៃ​វ៉ាន់និង​ក្រុង​ហុងកុង ព្រោះ​ម្ខាង​មាន​កម្លាំង​តវ៉ា​របស់​ប្រជាជន​ធ្វើជា​រនាំង និង​ម្ខាង​ទៀត​មាន​កម្លាំងយោធា​ហើយ​អាង​មហាអំណាច​អាមេរិក​នៅ​ពីក្រោយ ចាំ​រារាំង​ឥទ្ធិពល​របស់​ចិន​។ វា​ពិតជា​បង្ហាញឲ្យឃើញ​ចំណុចខ្សោ​យ​ដែល​ដែនដី​ចិន​តែមួយ ប៉ុន្ដែ​មិនអាច​ស្ថិតក្រោម​ការដឹកនាំ​រប​ស់មនុស្ស​តែ​ម្នាក់​បាន និង​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​ដឹកនាំ​តែមួយ​បាន​ដូច​ប្រទេស​ដទៃ​ដែល​គេ​រីកចម្រើន​មិន​ដល់​ខ្លួន​ផង​៕

ព័ត៌មានផ្សេងទៀត