អាមេរិក​អនុម័ត​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់ ទោះបី​ដឹងថា​ចិន​ខឹង​ក៏ដោយ​

09-07-2019 1:21 pm 866

​ក្រសួងការបរទេស​អា​មេរិក បានអនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ហើយ​បើតាម​ការប៉ាន់ស្មាន​កិច្ចព្រមព្រៀង​នេះ មានតម្លៃ​១.៧៦​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការឲ្យដឹង ពី​មន្ទី​រប​ច្ចុកោណ​អាមេរិក​។ នៅក្នុង​កិច្ចព្រមព្រៀង គឺ​អាមេរិក​យល់ព្រម​លក់រ​ថ​ក្រោះ​ប្រភេទ Abrams ចំនួន​១០៨​គ្រឿង កាំភ្លើង​ធំ​បាញ់​មី​ស៊ី​ល​ចំនួន​២៥០ និង​គ្រឿង​បរិក្ខារ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​បាន​សម្តែង នូវ​ក្តីរីករាយ និង​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​សហរដ្ឋអាមេរិក ដែលជា​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់ៗ​ឲ្យ​តៃវ៉ាន់​។ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​នៃ​កោះ​តៃវ៉ាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កោះ​នេះ​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​សហរដ្ឋអាមេរិក​មិន​បោះបង់​ឡើយ​។​

ចំណែក​ចិន​វិញ ភ្លាមៗ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ជាថ្មី​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​ខែ​មុន ក្រសួងការបរទេស​ចិន បាន​ជំរុញ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដ៏​សម្បើម​នេះ​ឲ្យទៅ​តៃវ៉ាន់ ដោយបាន​ហៅថា ជា​ការសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់​និង​បំផ្លាញ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang ក៏បាន​អំពាវនាវ​ឲ្យ​អាមេរិក គោរព​តាម​គោលនយោបាយ « ចិន​តែមួយ » ដែល​អាមេរិក​ធ្លាប់​ទទួលស្គាល់ និង​ជំរុញ​ឲ្យ​អាមេរិក មាន​ទំនាក់ទំនង​ផ្លូវការ ជាមួយ​ប្រទេស​ចិន​មិនមែន​តៃវ៉ាន់​ទេ​។​

​អាមេរិក​ជា​ប្រទេស​សំខាន់​មួយ ដែល​តែងតែ​ផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​តៃវ៉ាន់​ឥតឈប់ឈរ ដើម្បីឲ្យ​តៃវ៉ាន់​ប្រើប្រាស់ សម្រាប់​ការពារ​សន្តិសុខ​និង​ស​វត្ថិ​ភាព​។ អាមេរិក​ថា​ការធ្វើ​បែបនេះ មិនបាន​រំលោភ​គោលនយោបាយ​« ចិន​តែមួយ » នោះទេ​។ ចិន​ចោទ​អាមេរិក មើលរំលង​គោលនយោបាយ​« ចិន​តែមួយ »  ដ្បិតអ្វី​ដែល​អាមេរិក​បាន​និយាយ ខុសពី​ទង្វើ​ដែល​បាន​ប្រព្រឹត្ត​។ ចិន​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​គួរតែ​ត្រូវ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក តាមរយៈ​ការប្រើប្រាស់​កម្លាំងយោធា​ប្រសិនបើ​ចាំបាច់​។ ចិន​ក៏​តែងតែ​ប្រាប់​ទៅ​ប្រទេស​ដទៃ កុំឲ្យ​លូកដៃ​ចូល​ពាក់ព័ន្ធ​ជាមួយតៃ​វ៉ាន់​ហួសហេតុ រំលង​លើ​ចិន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត