​លោក​ស៊ុន ចាន់ថុល​​ជំរុញ​ឱ្យ​សមត្ថកិច្ច​​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​​

09-07-2019 10:58 am 205
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹង​ការអនុវត្ត​ច្បាប់ ខណៈ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​សុវត្ថិភាព​ភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ក្នុង​ការធ្វើដំណើ​លើ​ដងផ្លូវ​។

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹង​ការអនុវត្ត​ច្បាប់ យុទ្ធនាការ​ពាក់​មួកសុវត្ថិភាព ការអប់រំ​តាម​សាលារៀន ការបំពាក់​ផ្លាកសញ្ញា ភ្លើង​សញ្ញា គំនូស​សញ្ញា​ចរាចរណ៍ និង​ចំណាំងផ្លាត ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការជំរុញ​បែបនេះ​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង សមាជិក​សមាជិកា​គណៈ​កម្មា​ធិ​ការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប នៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​។ ជាមួយគ្នា​នោះ​លោក ស៊ុន ចាន់ថុល ក៏​បានបញ្ជាក់​អំពី​ការងារ​ត្រួតពិនិត្យ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យ​ប្រើប្រាស់​ជាប់​បានយូរ និង​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ដូចជា ការផ្តល់សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅតាម​គោលដៅ​កំពង់ផែ និង​ការបើក​បង្រៀន​បើកបរ​យានយន្ត​ដឹកទំនិញ​ដោយ​ឥតគិតថ្លៃ​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ ក៏បាន​គូសបញ្ជាក់​អំពី​ការសិក្សា​គម្រោង នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ការសិក្សា​គម្រោង Monorail និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី ដើម្បី​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ការពិនិត្យ និង​ពិចារណា​ជ្រើសរើស​គម្រោង​ណាមួយ ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​នាពេល​សព្វថ្ងៃនេះ​ផងដែរ​។ លោក​ក៏បាន​កោតសរសើរ និង​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​សហការ​យ៉ាង​ស្អិតរ​មួ​ត​កន្លងមក ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៤ បាន​ព្យាករណ៍​ថា ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ អាច​នឹង​កើន​ដល់​៣២០០​នាក់​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ​២០២០ ប្រសិនបើ​ពុំមាន​វិធានការ​ទប់ស្កាត់​។ បើ​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​អគ្គស្នងការដ្ឋា​ននគរបាលជាតិ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពី​០៤​នាក់​ទៅ​០៥​នាក់ និង​របួស​ជាច្រើន​នាក់​ក្នុង​មួយៗ​ថ្ងៃ​៕

ព័ត៌មានផ្សេងទៀត