កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​អាស៊ាន​ដែល​មាន​ប្រព័ន្ធ​5G

09-07-2019 10:32 am 291

​ក្រុមហ៊ុន​Smart ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ចិន Huawei បាន​ដាក់​តាំង​បង្ហាញ​សាកល្បង​ជា​សាធារណៈ​លើកដំបូង​នៃ​បច្ចេកវិទ្យា 5G ដែល​បាន​ធ្វើឲ្យ​កម្ពុជា ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួលបាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដ៏​ទំនើប​ចុងក្រោយ​នេះ ។​

​លោក ថូ​ម៉ាស ហា​ន់  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​លើកឡើង​ថា ការសាកល្បង​នូវ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត 5G នៅ​ថ្ងៃ​នេះ​បង្ហាញ​ពី​ការវិវត្ត​ជឿនលឿន​ផ្នែក ឧស្សាហកម្ម និង​សេដ្ឋកិច្ច ហើយ​លោក​ថា   ក្រុមហ៊ុន​ប្រហែលជា​ត្រូវ​ចំណាយ​លើ​ការវិនិយោគ​បន្ថែម​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​រយ​:​ពេល ២ ទៅ ៣​ឆ្នាំ​ខាង​មុខ លើ​ការដំឡើង​ប្រព័ន្ធ 5G​នេះ​។​លោក​លើកឡើង​បែប​នេះ ក្នុងឱកាស​ដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា 5G នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។ 

​លោក ថូ​ម៉ាស ហា​ន់ បន្ថែមទៀតថា ក្រុមហ៊ុន​បាន​តៀម​ខ្លួន​រួច​ហើយ​សម្រាប់​បញ្ចេញ​ឲ្យប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១៩​នេះ ក៏ប៉ុន្តែ អ្វីៗ​ត្រូវតែ​មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ជា​មុន​សិន មុននឹង​ចាប់ផ្តើម​ដំណើរការ 5G ជា​លក្ខណៈ​ពាណិជ្ជកម្ម​។​

​លោក Aaron Wang ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei បានឱ្យដឹងថា​ក្រុមហ៊ុន​របស់​ចិន​មាន​កិច្ចសន្យា​ពាណិជ្ជកម្ម 5G ចំនួន ៥0 និង​បាន​ដឹកជញ្ជូន ១៥0.000 ស្ថានីយ៍​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក​។ លោក​ថា ក្រុមហ៊ុន Huawei នឹង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​និង​ក្រុមហ៊ុន​Smart ដើម្បី​កសាង​ប្រទេស​កម្ពុជា​ដែល​មាន​ភាព​វៃឆ្លាត​និង​មាន​ការតភ្ជាប់​អ៊ីនធឺណិត​យ៉ាង​ពេញលេញ​។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន Smart Axiata បាន​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​១៦​លាន​នាក់ ហើយ​តួលេខ​ចុងក្រោយ​របស់​ទូរគមនាគមន៍​កម្ពុជា​ចំនួន​អ្នក​ដែល​ប្រើប្រាស់​ស៊ីម​កាត នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ២០.៤​លាន​កាត និង​គណនី​ត​ភ្ជាប់​អ៊ី​ន​ធើ​ណិតមាន ១៥.៤​លាន​គណនី​៕


ព័ត៌មានផ្សេងទៀត