ទីបំផុត​!មេដឹកនាំ​ហុងកុង​ដក​ច្បាប់​ធ្វើ​បត្យា​ប័ន​ជាមួយ​ចិន​ចេញ​ទាំងស្រុង​

09-07-2019 9:36 am 995

​នៅ​ទីបំផុត​ទៅ លោកស្រី Carrie Lam មេដឹកនាំ​ហុងកុង បានប្រកាស​ជា​ផ្លូវការ​អំពី​ការដក នូវ​ច្បាប់​ធ្វើ​បត្យា​ប័ន​ជនសង្ស័យ​ជាមួយ​ចិន​ទាំងស្រុង​ហើយ​។ នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ លោកស្រី Carrie Lam មេដឹកនាំ​ហុងកុង បានប្រកាសថា ការធ្វើកំណែទម្រង់​ច្បាប់​ធ្វើ​បត្យាប័ន ត្រូវបាន​បរាជ័យ​ទាំងស្រុង​ហើយ​។ លោកស្រី​ថា នៅមាន​ការសង្ស័យ អំពី​ភាពស្មោះត្រង់​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ដំណើរការ​ពិភាក្សា​ឡើងវិញ ជាមួយ​ក្រុមប្រឹក្សា​នីតិបញ្ញត្ដិ អំពី សេចក្តីព្រាងច្បាប់​នេះ​ដែរឬទេ​? ដូច្នេះ លោកស្រី​បញ្ជាក់​ម្តង​ទៀតថា គ្មាន​ផែនការ​បែបនេះ​តទៅ​ទៀតឡើយ​។ ពោល គឺ​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន គឺ​ស្លាប់​ហើយ​។ ទន្ទឹមនឹងនោះ លោកស្រី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការធ្វើ​បាតុកម្ម ដើម្បី​ផ្តល់​គម្លាត​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​លោកស្រី​ផ្ទាល់ នៅក្នុង​កា​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​។​

​ការសម្រេច​ដក​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស់​នេះ ធ្វើឡើង​ក្រោយ​លោកស្រី Carrie Lam រង​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ​។ គិត​ចាប់ពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩ មកទល់នឹង​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​១​ខែ​គត់ ដែល​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង ប្រមូលផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម ស្ទើរ​ត​ឥ​លស់​ថ្ងៃ​ណាមួយ​ឡើយ ដើម្បី​ទាមទា​រឲ្យរដ្ឋាភិបាល បោះបង់ចោល ការធ្វើ​វិសោធនកម្ម​សេចក្តីព្រាងច្បាប់​នេះ​ជា​រៀងរហូត និង​ទាមទារ​ឲ្យ​លោកស្រី Carrie Lam  ចុះ​ចេញពី​តំណែង​។ បាតុកម្ម​ចុងក្រោយ ដែល​បណ្តាលឲ្យមាន​ការប៉ះទង្គិ​ច​គ្នា រវាង​ក្រុមបាតុករ​និង​ប៉ូលិស បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៧​កក្កដា​។​

​ក្រៅពី​រង​សម្ពាធ​ដោយ​កម្លាំង​មហាជន​នៅ​ក្នុងស្រុក លោកស្រី Carrie Lam ក៏​ទទួលរង​នូវ​សម្ពាធ​ពី​ប្រទេស​អង់គ្លេស ដែល​ធ្លាប់​ដាក់​អាណានិគម​លើ​ហុងកុង​កាលពី​អតីតកាល​ដែរ​។ ម្តង​ហើយ​ម្តងទៀត អង់គ្លេស​ជំរុញ​ឲ្យ​ហុងកុង បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ទៅក្នុង​អំពើហិង្សា​រវាង​ក្រុមបាតុករ​និង​ប៉ូលិស ដែល​កើតឡើង​នៅក្នុង​ការតវ៉ា​មុនៗ ចាប់តាំងពី​ថ្ងៃទី​៩​មិថុនា​មក​។ បន្ថែម​លើ​នេះ អង់គ្លេស ក៏​បានសម្រេច​ព្យួរ​ការផ្តល់​អាជ្ញា​ប័ន​នាំចេញ​សម្ភារ គ្រប់គ្រង​ការប្រមូលផ្តុំ​ឲ្យ​ហុងកុង​ផងដែរ ដ​រ៉ាប​ណា​ហុងកុង បំពេញ​លក្ខខណ្ឌ ដែល​បានលើកឡើង​ខាងលើ​ជាមុនសិន​។​

​ចលាចល​រយៈពេល​ស្ទើរ​ពេញ​មួយខែ ក្រៅពី​បង្កឲ្យមាន​ក្តីបារម្ភ​ពី​ការប៉ះពាល់​ដល់​ស្ថិរភាព​នៅក្នុង​ក្រុង ក៏មាន​ការបារម្ភ ចំពោះ​ស្ថានភាព​អាជីវកម្ម​ដែរ​។ ហុងកុង ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដោយមាន​ក្រុមហ៊ុន​ពហុ​ជាតិ​ប្រហែល​១,៥០០​ក្រុមហ៊ុន​ប្រមូលផ្ដុំ​នៅ​ទីនោះ ហើយ​បាតុកម្ម​ម្តងៗ មាន​មនុស្ស​ចូលរួម​ពី​ខ្ទង់ពាន់​ទៅ​ម៉ឺន​នាក់​ឯណោះ​។ ចង់​មិន​ចង់ ទោះបី​ក្រុមហ៊ុន​បរទេស​ទាំងអស់ ចាត់ទុក​ហុងកុង​ដូចជា​ផ្ទះ​របស់គេ​នៅ​អាស៊ី​ក៏ដោយ ប៉ុន្ដែ​បើ​ការប្រមូលផ្ដុំ​តវ៉ា​ឈានដល់​ហិង្សា​នៅតែ​បន្ដ លែងមាន​ស្ថិរភាព នីតិរដ្ឋ​ផ្លាស់ប្ដូរ ច្បាស់​ណាស់​ថា ក្រុមហ៊ុន​បរទេស​ទាំង​អស់នេះ នឹង​គិតពី​ការតាំង​ទីលំនៅ​នៅ​កន្លែង​ផ្សេង​មិនខានឡើយ​។ ទាំងអស់នេះ អាចជា​មូលហេតុ​ជំរុញ​ឲ្យ​មេដឹកនាំ​ហុងកុង ដែលមាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​ចិន​រូបនេះ សម្រេច​បញ្ឈប់​ការធ្វើ​វិសោធនកម្ម​ច្បាប់ ធ្វើ​បត្យាប័ន​ជាមួយ​ចិន​ជា​អចិន្ត្រៃយ៍​៕

​​

ព័ត៌មានផ្សេងទៀត