កម្ពុជា​ស្នើ​ចិន​ជួយ​បង្រៀន​ភាសា​ចិន​ដល់​ទ័ព​កម្ពុជា​

08-07-2019 8:40 pm 895

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នា​រសៀល​ថ្ងៃ​ទី​៨ កក្កដា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ បាន​ថ្លែង​ស្នើ​ភាគី​ចិន ជួយ​បង្រៀន​ភាសា​ចិន​ដល់​យោធិន​កម្ពុជា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ព្រោះ​នៅក្នុង​ជួរ​កងទ័ព​កម្ពុជា នៅ​ខ្វះខាត​ខ្លាំង​ចំពោះ​ភាសា​ចិន សម្រាប់​ទាក់ទង​ការងារ​ផ្សេងៗ ...

​នាយករង​សាលា​បណ្ឌិតសភា​កាំភ្លើង​ធំ និង​ការពារ​អាកាស​កងទ័ព​ជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន ថ្លែងថា តាម​ផែនការ​បន្តទៀត នៅ​មុន​ឆ្នាំ​២០២០ កងទ័ព​រំដោះប្រជាជន​ចិន គ្រោង​ពង្រឹង​ការកសាង​ធនធានមនុស្ស ដោយ​ផ្តោត​សំខាន់​លើ​ចំណេះដឹង​ទូទៅ ការងារ​គ្រប់គ្រង និង​ជំនាញ​ផ្នែក​ភាសា​ចិន ពិសេស​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ធនធាន​គ្រូ​យោធា​ចារ្យ ។​

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ នា​រសៀល​ថ្ងៃ​ទី​៨ កក្កដា លោក Xu Wenhua បាន​ថ្លែងថា វិទ្យាស្ថាន​ទ័ពជើងគោក​កម្ពុជា​ត្រូវការ​ជា​និច្ច​នូវ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ពី​សំណាក់​គណៈកម្មការ​យោធា​មជ្ឈឹម រួម​ទាំង​ទទួល​ការ​ហ្វឹកហ្វឺន​ពី​កងទ័ព​រំដោះប្រជាជន​ចិន ។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ បាន​ស្នើ​ឱ្យ​ភាគី​ចិន បញ្ជូន​យោធា​ចារ្យ​ជនជាតិ​ចិន មក​ស្នាក់នៅ​កម្ពុជា ដើម្បី​ជួយ​បណ្តុះបណ្តាល ដល់​យោធិន​កម្ពុជា​លើ​ផ្នែក​ភាសា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ព្រោះ​ក្នុង​ជួរ​កងទ័ព​កម្ពុជា នៅ​ខ្វះខាត​យ៉ាងខ្លាំង​អ្នកចេះ​ភាសា​ចិន ដើម្បី​ទាក់ទង​ការងារ​ផ្សេងៗ ។​

​បន្ថែម​ពី​នេះ លោកនាយ​ឧត្តមសេនីយ៍ ក៏​បាន​ស្នើ​ឱ្យ​ភាគី​ចិន​បង្កើន​ចំនួន​អ្នកសិក្សា​ភាសា​ចិន ឱ្យ​កាន់តែ​ច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង នៅតាម​បណ្តា​កងឯកភាព​ទ័ព​នានា ៕

 ពាក្យគន្លឹះ  ភាសាចិនកងទ័ពកម្ពុជា

ព័ត៌មានផ្សេងទៀត