ប្រទះ​ឃើញ​បដិមា​ធំ​មួយ​អង្គ​នៅក្នុង​ក​សិន្ធ​ប្រាសាទ​ព្រះ​គោ​

08-07-2019 6:38 pm 307

​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​បដិមា​ធំ​មួយ នៅក្នុង​ក​សិន្ធ​ប្រាសាទ​ព្រះ​គោ នៅ​ថ្ងៃ​ទី​៨ កក្កដា ក្រោយ​ពួកគេ​បានធ្វើ​សកម្មភាព​ជីកដី ដើម្បី​បំពេញ​កន្លែង​ដក់​ទឹក ។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ដដែល​ថា ជា​ព័ត៌មាន​បឋម បដិមា​នេះ នៅ​មិនទាន់​អាចសន្និដ្ឋាន​ថា​ជា​អ្វី​ឡើយ ព្រោះ​ផ្នែក​សំខាន់ៗ​នៃ​តួខ្លួន​បាន​បាត់បង់​ច្រើន...

​បដិមា​ធំ​មួយ​លម្អ​ដោយ​សំពត់​រំយោល​ទម្លាក់​មក​ខាងមុខ មាន​ប្រវែង​បណ្តោយ​១១៤​សង់ទីម៉ែត្រ ទំហំ​ស្មា​៥៤​សង់ទីម៉ែត្រ និង​ចង្កេះ​ទំហំ​៤៤​សង់ទីម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ក​សិន្ធ​ប្រាសាទ​ព្រះ​គោ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ។ នេះ​បើ​តាម​ប្រកាស​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​រសៀល​ថ្ងៃ​ដដែល ។​

​សេចក្តីប្រកាស​ព័ត៌មាន​ឱ្យដឹង​បន្ត​ថា ការរកឃើញ​បដិមា​នេះ គឺ​ស្ថិតក្នុង​ស្ថានភាព​ចៃដន្យ ដោយ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង បាន​ជីក​យក​ដី​ទៅ​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ ។​

​លោក ឈូក សុ​ម៉ា​ឡា បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ជាបឋម ទាក់ទង​នឹង​ភិនភាគ​បដិមា​នេះ ភ្លាមៗ មិន​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ថា ជា​ទ្វារបាល ឬ​ព្រះ​វិស្ណុ ឬ​អ្វី​ផ្សេង​ទេ ដោយ​ហេតុ​នៃ​ការបាត់បង់​ផ្នែក​សំខាន់ៗ​នៃ​តួខ្លួន​ច្រើន ។​

​លោក​បាន​បញ្ជាក់ថា ក្រុមការងារ​នឹង​គូរ​រូប ថតរូប វាស់វែង ចងក្រង​ឯកសារ បន្ទាប់មក យកទៅ​រក្សាទុក​នៅ​រោង​ជាង ដើម្បី​ឱ្យ​អ្នកជំនាញ​ផ្នែក​ជួសជុល​ថ្ម​សម្អាត និង​ត​ភ្ជាប់​នូវ​បំណែក​បដិមា​នេះ​ឡើងវិញ មុន​នឹង​តាំង​បង្ហាញ​ជា​សាធារណៈ ។ 

​គូសបញ្ជាក់ថា បដិមា​ដែល​រកឃើញ​នេះ ពុំ​មាន​លក្ខណៈ​ពេញលេញ​ជា​តួខ្លួន​ទេ ព្រោះ​ព្រះ​កេស ព្រះ​ហ​ស្ថ​ទាំងសងខាង និង​ព្រះបាទ​ទាំង​ពីរ​ត្រឹម​ជង្គង់ ត្រូវបាន​បាត់បង់ ។ បដិមា​នេះ ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដោយ​មាន​ការចូលរួម​ពី​តំណាង​ភាគី​ពាក់ព័ន្ធ ៕

ព័ត៌មានផ្សេងទៀត