ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បន្ត​រាលដាល​ដល់​ខេត្តតាកែវ និង​ស្វាយរៀង​

08-07-2019 5:18 pm 694
  ស្តាប់
ស្តាប់ជាសំឡេង

​នៅពេលនេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​បន្ត​រាលដាល​និង​ផ្ទុះឡើង ជាថ្មី​ម្តងទៀត​ហើយ​នៅក្នុង​ខេត្ត​ស្វាយរៀង និង​តាកែវ​។​

​យោងតាម​លិខិត​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា វិទ្យាស្ថាន​ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​រក​ឃើញ​វត្តមាន​មេរោគ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​របស់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ភូមិ​ឫស្សី​ជួ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង និង​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​

​នៅក្នុង​លិខិត​ដដែល​នោះ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ស្នើ​ឲ្យ​អភិបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជួយ​ផ្តល់​កិច្ច​សហការ​ក្នុង​ការអនុវត្ត​វិធានការ​បសុព្យាបាល​របស់​មន្ត្រី​ជំនាញ ក្នុង​ការពង្រឹង​ទប់ស្កាត់​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ខាងលើ​ក្នុង​រង្វង់​កាំ ៣​គីឡូម៉ែត្រ ដើម្បី​អនុវត្ត​វិធានការ​បសុព្យាបាល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​ការ​គួរ​។​

​គូស​បញ្ជាក់ដែរថា រហូតមកដល់​ពេលនេះ មាន​ខេត្ត​ចំនួន ៤​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​ខេត្ត​រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និង​តាកែវ​៕

ព័ត៌មានផ្សេងទៀត