​ក្រសួង​ការងារ​​ប្រាប់​ម្ចាស់​សហគ្រាស​​ចំនួន​៦​ចំណុច​​រឿង​បើកប្រាក់​បំណាច់​ជូន​កម្មករ​​

08-07-2019 4:49 pm 580
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ បាន​ប្រាប់​ជាថ្មី​ទៅ​ម្ចាស់ ឬ​សហគ្រាស គ្រឹៈ​ស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង រឿង​មិនទាន់​យល់ច្បាស់​អំពី​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​២០១៩ និង​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នី​មួយៗ​ចាប់ពី​ឆ្នាំ​២០១៩ ចំនួន​៦​ចំណុច​បន្ថែមទៀត​។

​ដើម្បីឱ្យ​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ធានាបាន​នូវ​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ក្រសួង​ការងារ បាន​ប្រាប់​ជាថ្មី​ទៅ​ម្ចាស់​ឬ​សហគ្រាស គ្រឹះស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ដូចខាងក្រោម​៖

១. ប្រាក់​បំណាច់​អតីតភាព​ការងារ ដូច​មានចែង​ក្នុង​មាត្រា​៨៩​ថ្មី នៃ​ច្បាប់​ស្ដីពី​ការងារ អនុវត្ត​ចំពោះតែ​កម្មករ​និយោជិត ដែលមាន​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់ (UDC) តែប៉ុណ្ណោះ​។​

២. ដោយឡែក​កម្មករនិយោជិត​ដែលមាន​កិច្ចសន្យា​ការងារ​មានកំណត់​ថេរវេលា (FDC) ទទួលបាន​ប្រាក់​បំណាច់​នេះ មានកំណត់​ក្នុង​អនុសញ្ញា​រួម​។ បើ​គ្មាន​ក្នុង​អនុសញ្ញា​រួម​ទេ ប្រាក់​បំណាច់​នេះ យ៉ាងតិច​ត្រូវ​ស្មើ ៥% នៃ​ប្រាក់​ឈ្នួល ដែល​កម្មករនិយោជិត បាន​បើក​នៅក្នុង​រយៈពេល​នៃ​កិច្ចសន្យា​។​

៣. កម្មករ​ន​យោ​ជិត​ដែល​កំពុង​ប្រើប្រាស់​ប្រភេទ​កិច្ចសន្យា​ការងារ​មានកំណត់​ថិរវេលា (FDC) ដែល​លើស​ថិរវេលា​អតិបរមា​កំណត់ដោយ​ច្បាប់ ហើយ​ដែល​ធ្លាប់​ទទួលបាន​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ៥% កន្លងមក​រួចហើយ គឺ​មិនអាច​សុំឱ្យ​និយោជក​ទូទាត់​ប្រាក់​បំណាច់​រំលឹក​បំណាច់​អតីតភាព​ការងារ តាម​មាត្រា​៨៩​ថ្មី នៃ​ច្បាប់​ស្ដីពី​ការងារ​ទៀត​នោះទេ​។​

៤. ក្នុងករណី​ដែល​និយោជក​បាននិងកំពុង​ប្រើប្រាស់​កិច្ចសន្យា​ការងារ​មានកំណត់​ថិរវេលា (FDC) លើស​ថិរវេលា​អតិបរមា​កំណត់ដោយ​ច្បាប់ កិច្ចសន្យា​ការងារ​មានកំណត់​ថិរវេលា (FDC នោះ ត្រូវ​ប្រែក្លាយ​ទៅជា​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់ (UDC) យ៉ាងយូរ​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ដោយ​និយោជក ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ចាប់ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រែក្លាយ​នេះ ស្រប់តាម​មាត្រា​៨៩​ថ្មី នៃ​ច្បាប់​ស្ដីពី​ការងារ​, ប្រកាស​លេខ​៤៤៣ ចុះ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ដីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​សេចក្ដីណែនាំ​ពាក់ព័ន្ធ​ជា​ធរមាន​។​

៥. ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់​ការងារ​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយៗ ចាប់ពី​ឆ្នាំ​២០១៩ ត្រូវបាន​លើកលែង​ពន្ធ​។​

៦. កម្មករនិយោជិត​មិន​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ ក្នុងរ​ណី​កម្មករនយោជិត​លាឈប់​ដោយ​ឯកឯង ឬ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​។​

​ការ​ប្រាប់​ជាថ្មី​ទៅ​ម្ចាស់ ឬ​សហគ្រាស គ្រឹៈ​ស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង របស់​ក្រសួង​ការ​ជាថ្មី​នេះ ធ្វើឡើង​បន្ទាប់ខ្លួន​សង្កេតឃើញថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​មួយចំនួន នៅ​មិនទាន់​យល់ច្បាស់​អំពី​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​២០១៩ និង​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នី​មួយៗ​ចាប់ពី​ឆ្នាំ​២០១៩ នៅឡើយ​ទេ​។

សូមបញ្ជាក់ថា បើ​យោង​តាមច្បាប់​ស្ដីពី​ការងារ មាត្រា ៨៩ បាន​និយាយថា ប្រសិនបើ​កិច្ចសន្យាការងារ​ត្រូវ​បញ្ឈប់​ដោយ​ឆន្ទៈ​របស់​និយោជក​តែ​ម្ខាង វៀរលែងតែ​ក្នុងករណី​ដែល​កម្មករនិយោជិត​មាន​កំហុស​ធ្ងន់ និយោជក​ត្រូវតែ​ឱ្យទៅ​កម្មករនិយោជិត​ដែល​ខ្លួន​បញ្ឈប់ ក្រៅពី​អត្ថប្រយោជន៍​នៃ​ការងារ​ឱ្យដំណឹង​មុន និង​ប្រាក់​ឈ្នួល ប្រាក់​បន្ទាប់បន្សំ ចំនួន​ប​៧​ថ្ងៃ ចំពោះ​កម្មករនិយោជិត​ដែល​បានធ្វើ​ការជាប់​ជានិច្ច​ចាប់ពី​៦​ខែ​ទៅ​១២​ខែ និង​ថិរវេលា​ធ្វើការ​លើសពី​១២​ខែ​ទៅ ប្រាក់​បំណាច់​បណ្ដេញចេញ គណនា​ស្មើនឹង​ប្រាក់​ឈ្នួល ព្រមទាំង​ប្រាក់​បន្ទាប់បន្សំ​ចំនួន​១៨​ថ្ងៃ​ក្នុង​មួយឆ្នាំ​ការងារ​។​

​ប្រាក់​បំណាច់​បណ្ដេញចេញ​អតិបរមា មិនអាច​លើសពី​ប្រាក់​ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​៦​ខែ​ទេ​។ បើ​ថិរវេលា​ធ្វើការ​លើសពី​មួយឆ្នាំ ហើយ​មាន​ប្រភាគ​ថិរវេលា ធ្វើការ​ចាប់ពី​៦​ខែ​ឡើង ត្រូវ​គិត​ស្មើនឹង​មួយឆ្នាំ​ពេញ​។ ប្រាក់​បំណាច់​នេះ​ក៏ត្រូវ​បើក​ឱ្យទៅ​កម្មករនិយោជិត​ដែរ ក្នុងករណី​បញ្ឈប់​ដោយមាន​ជំងឺ​៕

ព័ត៌មានផ្សេងទៀត