លោក​ស ខេង​៖​​ការប្តឹង​​លោក​សម រង្ស៊ី ​ជាការ​ដាស់តឿន​​ដល់​អ្នកនយោបាយ​​មួយចំនួន​​

08-07-2019 3:20 pm 723

«​ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឲ្យបាន​ជ្រាបថា ស្ទើរ​ពេញ​មួយជីវិត​របស់ខ្ញុំ​មកដល់ពេលនេះ ខ្ញុំ​មិនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងផ្តល់ ឬ​មាន​ក្តីក្តាំ​ជាមួយ​បុគ្គល​ណាមួយ​ឡើយ​។ នេះ​គឺជា​ពាក្យបណ្ដឹង​លើកដំបូង​របស់ខ្ញុំ ដែល​ខ្ញុំ​បានសម្រេច​ប្ដឹង​ជា​លក្ខណៈ​ឯកជន​ចំពោះ​បុគ្គល​សម រង្ស៊ី​»​។ នេះ​ជា​ការបញ្ជាក់​ជា​សាធារណៈ​របស់លោក​ស ខេង ក្រោយពី​រូបលោក តាមរយៈ​មេធាវី បាន​សម្រេចចិត្ត​ដាក់​បណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក​សម រង្ស៊ី ដែល​កំពុង​រស់​និរទេស​ខ្លួន នៅឯ​ប្រទេស​បារាំង​។​

​លោក​ស ខេង បញ្ជាក់ថា ការសម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នេះ គឺជា​ការ​ដាស់តឿន​ដល់​អ្នកនយោបាយ​មួយចំនួន ឲ្យ​ប្រកាន់ខ្ជាប់​នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និង​គុណធម៌​ក្នុង​វិជ្ជាជីវៈ ចៀសវាង​ការ​ប្រឌិត​ព័ត៌មាន ដើម្បី​ញុះញង់​បំផុសបំផុល ក្នុង​ចេតនា​ទុច្ចរិត​មួលបង្កាច់ និង​បំបែកបំបាក់ ដើម្បី​បំពេញ​គោលបំណង និង​មហិច្ឆិតា​អគតិ​របស់ខ្លួន និង​ក្រុម​ខ្លួន ។ លោក​បន្តថា ពាក្យបណ្តឹង​នេះ ក៏​ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​រូបលោក និង​អ្នករងគ្រោះ​ទាំងអស់ ដែល​ត្រូវបាន​លោក​សម រង្ស៊ី ធ្វើការ​លាប​ពណ៌ និង​ចោទប្រកាន់​បំភ្លៃ​ការពិត ផងដែរ​។ 

​លោក​ស ខេង ក៏បាន​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​សម្បជញ្ញៈ និង​មនសិការ ក្នុង​សកម្មភាព របស់ខ្លួន ដោយ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ជាជាង​ការប្រព្រឹត្ត​នូវ​អំពើ​ដែល​នាំឲ្យមាន​ការបែកបាក់​ក្នុងសង្គ​ម និង​ធ្វើឲ្យ​ខាតបង់​ដល់​ឧត្តមប្រយោជន៍​ជាតិ និង​ប្រជាជន​។​

​លោក​ស ខេង បាន​ប្តឹង​លោក​សម រង្ស៊ី ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការប្តឹង​នេះ ធ្វើឡើង បន្ទាប់ពី​លោក​សម រង្ស៊ី សរសេរ​លើ​ហ្វេ​សប៊ុក​របស់លោក​កន្លងមក​ថា លោក​ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ មាន​គម្រោង​សងសឹក​ឲ្យ​ឪពុក គឺ​លោក ហុក ឡុង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែល​លោក​សម រង្ស៊ី​អះអាងថា ជា​ករណី​ឃាតកម្ម​ដាក់​គ្រាប់បែក​បំផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ កាលពី​ឆ្នាំ​២០០៨ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ហ៊ុន សែន​។ លោក និយាយថា លោក​ស ខេង បាន​គាំទ្រ​គម្រោង​របស់លោក​ឌី វិជ្ជា ហើយ​ថា​លោក​ហ៊ុន សែន បានដឹង​ផែនការ​នេះ និង​កំពុង​រៀបចំ​ផែនការ​ដក​លោក​ស ខេង ចេញពី​តំណែង​។​ក្នុង​បណ្តឹង លោក​ស ខេង បាន​ទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ ពី​លោក​សម រង្ស៊ី​។​

​ជា​ការកត់សម្គាល់ នា​ពេលកន្លងមក មិនមែន​តែ​លោក​ស ខេង​ម្នាក់​ទេ ដែល​ព្រមាន​ប្តឹង​លើក​សម រង្ស៊ី ក្នុង​សំណុំរឿង​ដូចគ្នានេះ​។ លោក​ហ៊ុន សែន និង​លោក​ឌី វិជ្ជា ក៏​ប្រកាសថា នឹង​ប្តឹង​លោក​សម រង្ស៊ី ទៅ​តុលាការ​បារាំង ដើម្បី​រក​យុត្តិធម៌​ពី​ការចោទប្រកាន់​របស់លោក​សម រង្ស៊ី នេះដែរ​។ ប៉ុន្តែ មកដល់ពេលនេះ ទាំង​លោក​ហ៊ុន សែន និង លោក​ឌី វិជ្ជា នៅ​មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់ ថា​ប្តឹង ឬ​មិន​ប្តឹង នៅឡើយ​ទេ​។ តាម​លោក​គី តិច មេធាវី​របស់លោក​ហ៊ុន សែន ធ្លាប់​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា ទាំង​លោក​ហ៊ុន សែន ទាំង​លោក​ឌី វិជ្ជា កំពុង​ពិចារណា​រថា​ប្តឹង ឬ​មិន​ប្តឹង ហើយ​បើ​ប្តឹង គួរ​ប្តឹងទៅ​តុលាការ​បារាំង ឬ​ប្តឹង​នៅ​តុលាការ​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកសខេងលោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត