ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ ការព្រមាននេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសនឹងបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូម លើសចំនួនកំណត់ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ងចុះឆ្នាំ២០១៥។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោកត្រាំបញ្ជាក់ថា មុននឹងធ្វើអ្វីមួយអ៊ីរ៉ង់ត្រូវតែពិចារណាឲ្យបានម៉ត់ចត់ ពិសេសត្រូវតែប្រយ័ត្នខ្លួនបើចង់បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ប្រើប្រាស់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
ចំណែករដ្ឋមន្ដ្រីការបរទេសអាមេរិកលោកម៉ៃ ផុមភីអូបានព្រមានដែរថា អ៊ីរ៉ង់នឹងប្រឈមសម្ពាធកាន់តែខ្លាំង ក្នុងនោះមានការបន្ថែមទណ្ឌកម្ម ប្រសិនបើបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងបំពាន។ តាមរយៈសារនៅលើបណ្ដាញធ្វីតទ័រកាលពីថ្ងៃអាទិត្យ លោកផុមភីអូសង្កត់ធ្ងន់ថា របបគ្រប់គ្រងអ៊ីរ៉ង់បំពាក់ដោយអាវុធនុយក្លេអ៊ែរ អាចនឹងបង្កការគំរាមកំហែងកាន់តែខ្លាំងដល់ពិភពលោក។ ការពង្រីកកម្មវិធីនុយក្លេអ៊ែរចុងក្រោយរបស់អ៊ីរ៉ង់ នឹងធ្វើឲ្យអ៊ីរ៉ង់កាន់តែឯកោហើយទទួលទណ្ឌកម្មបន្ថែម។
បើតាមក្រុមអ្នកតាមដានស្ថានការណ៍និយាយថា រដ្ឋបាលរបស់លោកដូណាល់ ត្រាំកំពុងសង្ឃឹមយ៉ាងមុតមាំអាចទទួលបានការគាំទ្រពីអន្ដរជាតិ ដើម្បីដាក់សម្ពាធបន្ថែមលើអ៊ីរ៉ង់ដោយសារតែអ៊ីរ៉ង់យកកម្មវិធីនុយក្លេអ៊ែរមកបង្កការគំរាមកំហែង។ អ៊ីរ៉ង់ធ្លាប់ប្រកាសនឹងឈប់អនុវត្ដតាមកិច្ចព្រមព្រៀងក្នុងរយៈពេល៦០ថ្ងៃ ប្រសិនបើប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀង មិនចាត់វិធានការគាំទ្រខ្លួនទេ។ ទីក្រុងតេរ៉ង់ក៏នឹងឆ្លើយតបឲ្យស័ក្ដិសមបំផុត ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មបន្ថែម។ ការប្រកាសសងសឹកគ្នាទៅវិញទៅមកដូច្នេះ ក៏កំពុងក្លាយជាការព្រួយបារម្ភកាន់តែខ្លាំង ព្រោះនឹងធ្វើឲ្យជម្លោះរីករាលដាលធំជាងមុន។
សូមបញ្ជាក់ថា ក្រោយប្រទូសសាយលើកម្មវិធីនុយក្លេអ៊ែរ អាមេរិកបានបញ្ជូនកម្លាំងយោធាមានទាំងកងទ័ព នាវាចម្បាំង យន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់ នាវាផ្ទុះយន្ដហោះចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោមហេតុផលការពារផលប្រយោជន៍អាមេរិក និងការពារសម្ព័ន្ធមិត្ដអាមេរិកនៅក្នុងតំបន់ ពីការវាយប្រហាររបស់អ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់ក៏ប្រកាសត្រៀមខ្លួនរួចជាស្រេច មិនឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យរបស់ខ្លួនឡើយ។ បច្ចុប្បន្នម្ខាងៗកំពុងដំឡើងសាច់ដុំដាក់គ្នា ក៏ប៉ុន្ដែមិនទាន់ឈានដល់ការផ្ទុះអាវុធទេ៕