លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែកក្កដានេះ បានលើកឡើងថា ទោះបីជាកម្ពុជាមានសន្តិភាព តែកងយោធពលខេមរភូមិន្ទ ត្រូវតែហ្វឹកហាត់ជាប្រចាំ ដើម្បីការពារជាតិ។
លោករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងនៅ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តហ្វឹកហាត់ឱ្យបានល្អជាប្រចាំ ដើម្បីត្រៀមខ្លួនឱ្យបានស្រេច ក្នុងការការពារជាតិមាតុភូមិ បើទោះបីជា កម្ពុជាយើងទទួលបាននូវសុខសន្តិភាពពេញលេញរួចហើយក្តី»។
ថ្មីៗនេះកម្ពុជាទើបតែបញ្ចប់ ការធ្វើលំហាត់នាគមាស ដែលជាលំហាត់សមយុទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ក្នុងការផ្លាស់ប្តូរបទពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាពជាដើម។
លំហាត់សមយុទ្ធនាគមាស ធ្វើឡើង ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តនយោបាយការពារជាតិ រវាងប្រទេសកម្ពុជា-ចិន លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ធ្លាប់បានអំពាវនាវជាញឹកញាប់ឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពរបស់កម្ពុជា ហើយត្រូវចូលរួមប្រឆាំងចំពោះក្រុមណាមួយ ដែលប៉ុនប៉ងបំផ្លាញសន្តិភាពនេះ ដោយចង់នាំកម្ពុជាធ្លាក់ចូលសង្គ្រាមជាថ្មី៕