លោក​ម៉ា​ក្រុង​និង​លោក​រ៉ូ​ហានីយ​ល់​ស្របគ្នា ចរចា​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

07-07-2019 4:11 pm 307
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​អេ ម៉ា​ណូអែល​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង និង​លោក​ហាសាន រ៉ូ​ហានី ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ព្រមព្រៀងគ្នា កំណត់​យក​ថ្ងៃទី​១៥​ខែកក្កដា សម្រាប់​បន្ត​ការពិភាក្សា ជាមួយ​ភាគី​ទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចុះ​នៅ​ឆ្នាំ​២០១៥​។ នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ រវាង​ប្រធានាធិបតី​ទាំងពីរ លោក​​ម៉ា​ក្រុង បាន​សង្កត់ធ្ងន់​នូវ​ក្តីបារម្ភ ខ្លាច​កិច្ចព្រមព្រៀង​ដ៏​មាន​សារសំខាន់​នេះ ត្រូវ​បោះបង់ចោល​ទាំងស្រុង​នៅ​ថ្ងៃ​អនាគត​។ 

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ប្រឈម​នឹង​គ្រោះថ្នាក់ ចាប់តាំងពី​លោក​ត្រាំ​ដក​អាមេរិក​ចេញ នៅ​ឆ្នាំមុន​។ លោក​ត្រាំ​ចោទ​អ៊ីរ៉ង់​មិន​ស្មោះត្រង់ រំលោភ​លើ​កិច្ចព្រមព្រៀង ទើប​ដកខ្លួន​ចេញ ហើយ​បាន​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​បន្តបន្ទាប់​។ រីឯ​អ៊ីរ៉ង់ បាន​បដិសេធ​ការ​ចោទ​នេះ ហើយ​នៅក្នុង​ខែ​ឧសភា ប្រទេស​អ៊ីរ៉ង់​បាន​ឆ្លើយតប​នឹង​សម្ពាធ​នេះ ដោយ​បង្កើន​ការផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម ដែល​ប្រើប្រាស់​ដើម្បី​បង្កើត​ថាមពល​នុយក្លេអ៊ែរ​។​

​អ៊ីរ៉ង់​ហាក់​ព្យាយាម​រំដោះខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​បន្តិច​ម្តងៗ​។ កាលពី​ថ្ងៃទី​៨​ខែ​មីនា អ៊ីរ៉ង់​ប្រកាស​នឹង​ដក​នូវ​ការប្តេជ្ញាចិត្ត​មួយចំនួន ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​កំណត់ពេល​២​ខែ ឲ្យ​សហភាព​អឺរ៉ុប ចិន​និង​រុស្ស៊ី ជួយ​ធ្វើ​យ៉ាងណាឲ្យ​អាមេរិកដក​ទណ្ឌកម្ម ដោយ​អនុញ្ញាតឲ្យ​អ៊ីរ៉ង់ អាច​បន្ត​នាំ​ប្រេង​ចេញ​វិញ​បាន​។ តាម​គម្រោង អ៊ីរ៉ង់​បន្ត​ដក​នូវ​ការប្តេជ្ញាចិត្ត​បន្ថែមទៀត ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​៧​ខែកក្កដា​នេះ ដ​រ៉ាប​ណា​មាន​ដំណោះស្រាយ​ផ្នែក​ទណ្ឌកម្មសេដ្ឋកិច្ច​។ 

​យ៉ាងណា​លោក​ម៉ា​ក្រុង​ថា នឹង​បន្ត​កិច្ចពិភាក្សា​ជាមួយ​អ៊ីរ៉ង់ និង​ដៃគូ​អន្តរជាតិ​ផ្សេងទៀត ដើម្បី​រក្សា​កិច្ចព្រមព្រៀង​នេះ​ឲ្យនៅតែ​មានជីវិត​រស់រាន និង​មាន​ឥទ្ធិពល​។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​នៅ​ឆ្នាំ​២០១៥ ក្រៅពី​អ៊ីរ៉ង់​ខ្លួនឯង​មាន​ប្រទេស​ចំនួន​៦​ភាគី រួមមាន​អាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និង​អាល្លឺម៉ង់​។ តែ​នៅពេល​អាមេរិក​ដកខ្លួន​ចេញទៅ​បាត់ នៅសល់តែ​៥​ភាគី​ប៉ុណ្ណោះ​៕ 

 

ព័ត៌មានផ្សេងទៀត