មនុស្ស​១៤​នាក់​ស្លាប់ ខណៈ​ផ្សារ​មួយ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​រងការ​បាញ់ផ្លោង​ដោយ​កាំភ្លើង​ធំ​

07-07-2019 12:32 pm 182
  ស្តាប់
ស្តាប់ជាសំឡេង

​មនុស្ស​យ៉ាងហោចណាស់​១៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៤០​នាក់​ទៀត​រងរបួស នៅពេល​ផ្សារ​ដ៏​មមាញឹក​មួយ ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​រង​នូវ​ការបាញ់ប្រហារ ដោយ​គ្រាប់កាំភ្លើង​ធំ កាលពី​ថ្ងៃ​៥​ខែកក្កដា​ឆ្នាំ​២០១៩​។ យោងទៅតាម​អ្នកនាំពាក្យ​យោធា​និយាយថា ក្រុម​តា​លី​បង់ បាន​បើក​ការបាញ់ប្រហារ​លើ​ផ្សារ ស្ថិតនៅ​ក្នុងស្រុក Khwaja Sabz Posh នៃ​ខេត្ត​Faryab​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។ លោក​ថា តាមពិត​ក្រុម​នេះ មាន​គោលដៅ​វាយប្រហារ​លើ​ប៉ុស្តិ៍​ឆែកឆេរ របស់​ទាហាន​រដ្ឋាភិបាល ដែលមាន​ទីតាំងនៅ​ជិត​ផ្សារ​នោះ​។ យ៉ាងណាក៏ដោយ ក្រុម​បះបោរ​មិនទាន់​អត្ថាធិប្បាយ​យ៉ាងណា ជុំវិញ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃ​សុក្រ​នោះដែរ មាន​ការវាយប្រហា​រលើ​ព្រះវិហារ​មួយកន្លែង ស្ថិតនៅក្នុង​ទីក្រុង​Ghazni បណ្តា​លឲ្យមនុស្ស​២​នាក់​ស្លាប់​និង​២០​នាក់​របួស​។ ក្នុងចំណោម​អ្នករបួស មាន​កុមារ​រហូត​ល់​១៤​នាក់​ឯណោះ​។ ក្រុម​តា​លី​បង់​បាន​បដិសេធថា មិន​ជាប់​ពាក់ព័ន្ធ​ពាក់ព័ន្ធ នៅក្នុង​ការវាយប្រហារ​នេះ​នោះឡើយ​។​

​ឧបទ្ទវហេតុ​ដ៏​សាហាវ​នេះ កើតឡើង​នៅពេលដែល​សង្គ្រាម រវាង​កងកម្លាំង​តា​លី​បង់​និង​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន កំពុង​ឆាបឆេះ បើទោះបីជា​មន្ត្រី​តា​លី​បង់ ជួប​ជា​មួយក្រុម​អ្នកចរចា​អាមេរិក​នៅ​ដូ​ហា​ប្រទេស​កាតា ក្នុង​គោលបំណង ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ក៏ដោយ​។ នៅក្នុង​ការចរចា​ដែល​កំពុង​បន្ត​នេះ មាន​ចំណុច​សំខាន់​ពីរ ដែល​ភាគី​ទាំងពីរ កំណត់​ចំពោះ​គ្នា​ទៅវិញទៅមក​។ សម្រាប់​ក្រុម​តា​លី​បង់ គឺ​អាមេរិក​ដាច់ខាត​ត្រូវតែ​ដក​កងទ័ព ចេញពី​ប្រទេស​អាហ្វានីស្ថាន​ឲ្យអស់ រីឯ​អាមេរិក​វិញ ទាមទារ​ឲ្យ​ក្រុមតា​លីបង់​នេះ បញ្ឈប់​ការផ្តល់​មូលដ្ឋានឲ្យ​ពួកភេ​រវករ​ជ្រកកោ​នតទៅ​ទៀត ដែល​នេះ​ជា​មូលហេតុ​ចម្បង ធ្វើឲ្យ​អាមេរិក​លុ​កលុយ​ក្នុងប្រទេស​នេះ អស់​រយៈពេល​ជិត​១៨​ឆ្នាំ​។ ពោល ចាប់តាំងពី​ក្រោយ​ការវាយប្រហារ លើ​អគារ​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក​ឆ្នាំ​២០០១​មកម្ល៉េះ​។​

​ពាក់ព័ន្ធ​នឹង​ការចរចា​នេះដែរ នៅ​ថ្ងៃអាទិត្យ ពួក​ឧទ្ទាម​នឹង​ជួបប្រជុំគ្នា នៅ​រដ្ឋធានី​កាតា ជាមួយ​អ្នកតំណាង​ជាច្រើន មកពី​អា​ហ្វ​ហ្គានី​ស្ថានដែល​ជាផ្នែក​មួយ នៃ​ដំណើរការ​សន្តិភាព ដ៏​មាន​សក្តានុពល​៕

ព័ត៌មានផ្សេងទៀត