ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ និងឆន្ទៈមោះមុតបម្រើ ការងារសំដៅលើកកំពស់ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីណែនាំចំនួន ១០ចំណុច ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា ថ្នាក់ប្រហាក់ប្រហែល និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវគោលការណ៍ និងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ព្រមទាំងការគ្រប់គ្រងអាវុធជាតិផ្ទុះ ។
សេចក្តីណែនាំទាំង ១០ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ចេញនោះរួមមាន៖
១.ត្រូវយកចិត្តទុកដាក់ ពង្រឹងអោយបានម៉ឺងម៉ាត់អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាលដែលបានកំណត់
២.ការស្នើសុំច្បាប់ឈប់សម្រាកដោយមានធុរៈផ្សេងៗ ត្រូវមានការស្នើសុំការអនុញ្ញាតជាលាយល័ក្ខអក្សរ ឲ្យបានត្រឹមត្រូវពីថ្នាក់ដឹកនាំតាមឋានានុក្រម ដោយផ្អែកតាមដែនសមត្ថកិច្ច និងសិទ្ធិសម្រេច
៣.ត្រូវណែនាំដល់អង្គភាពគ្រប់លំដាប់ថ្នាក់ក្រោមឱវាទរបស់ខ្លួន ដោយប្រជុំពិភាក្សា ដើម្បីរៀបចំតារាងមុខងារភារកិច្ចជូនមន្ត្រីនគរបាលជាតិម្នាក់ៗអោយបំពេញការងារ តាមតួនាទី ភារកិច្ច សមត្ថភាព ស្របតាមបទពិសោធន៍ និងឯកទេស ព្រមទាំងការបែងចែកកម្លាំង និងប្រគល់ភារកិច្ចដល់មន្ត្រី ត្រូវតែមានគណនេយ្យភាព តម្លាភាព និងយុត្តិធម៌
៤.គ្រប់អង្គភាពតាមឋានានុក្រមត្រូវធានាឲ្យបាន នូវការប្រើប្រាស់ម្លាំងដែលស្ថិតក្នុងក្របខ័ណ្ឌអង្គភាពខ្លួន និងហាមដាច់ខាតការឆ្លៀតយកម្លាំងក្នុងអង្គភាពទៅបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ឬជាលក្ខណៈបុគ្គលឯកជន ដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាតការយកមន្ត្រីនគរបាលជាតិ ទៅប្រចាំការការពារកន្លែងកំសាន្ត ជាពិសេសក្លឹបកំសាន្ត ខារ៉ាអូខេ និងកាស៊ីណូជាដើម
៥.ការគ្រប់គ្រង និងការប្រើប្រាស់អាវុធ ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមសេចក្តីកំណត់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ដោយឡែកការគ្រប់គ្រងអាវុធក្នុងអង្គភាពរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អោយបានហ្មត់ចត់ពីបរិមាណ និងគុណភាព ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំមកអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃតាមការកំណត់
៦.ត្រូវរៀបចំឲ្យមានរបបប្រជុំប្រចាំអឌ្ឍមាស ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ៩ខែ និងប្រចាំឆ្នាំ ដើម្បីត្រួតពិនិត្យនូវលទ្ធផលការងារដែលសម្រេចបាន ផ្ទៀងផ្ទាត់ប្រៀបធៀបជាមួយនឹងផែនការសកម្មភាពដែលបានដាក់ចេញ សំដៅរកអោយឃើញនូវបញ្ហាប្រឈម និងរះរកវិធានការកែលម្អ អោយបានទាន់ពេលវេលា
៧.ថ្នាក់ដឹកនាំអង្គភាពនីមួយៗត្រូវទទួលខុសត្រូវដោយផ្ទាល់ ក្នុងការតាមដានត្រួតពិនិត្យសកម្មភាព ការងាររបស់មន្ត្រីនគរបាលជាតិក្រោមឱវាទ ដោយត្រូវស្នើសុំការលើកសរសើរឲ្យបានទាន់ពេលវេលា តាមរូបភាពផ្តល់នូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ លិខិតសរសើរ ការតម្លើងឋានៈ និងតម្លើងឋានន្តរសក្តិ
៨.ត្រូវបង្កើតឲ្យមានក្រុមប្រឹក្សាវិន័យនៅតាមអង្គភាពគ្រប់លំដាប់ថ្នាក់ ដើម្បីពិភាក្សាវាយតម្លៃឲ្យបានច្បាស់លាស់នូវកម្រិតខុសឆ្គងរបស់មន្ត្រីនគរបាលជាតិ ដោយផ្អែកតាមវិន័យរបស់កងកម្លាំង និងត្រូវអនុវត្តវិធានការច្បាប់ចោទប្រកាន់ តាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន ក្នុងករណីមន្ត្រីនគរបាលជាតិរូបណាបានប្រព្រឹត្តនូវកំហុស និងការឆ្គាំឆ្គងដែលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ដែលកំហុសទាំងនោះលើសពីដែនសមត្ថកិច្ច និងសិទ្ធិដាក់វិន័យរបស់ក្រុមប្រឹក្សាវិន័យ
៩.ហាមដាច់ខាតក្នុងការប្រើប្រាស់មធ្យោបាយរបស់អង្គភាព ជាពិសេសម៉ូតូបើកផ្លូវ ឬរថយន្តស៊ីរ៉ែនរបស់អង្គភាពទៅប្រើប្រាស់ការពារហែហមក្រុមហ៊ុនឯកជន ឬបុគ្គលឯកជន ដែលមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយពុំមានការអនុញ្ញាត
១០.ប្រធានអង្គភាពគ្រប់ឋានានុក្រម មានកាតព្វកិច្ចទទួលខុសត្រូវ ក្នុងការអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះ ក្នុងករណីប្រព្រឹត្តផ្ទុយ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខក្រសួងមហាផ្ទៃ និងច្បាប់ជាធរមាន។
គូសបញ្ជាក់ដែរថា សេចក្តីណែនាំទាំង ១០ចំណុច ខាងលើនេះ ត្រូវបានចុះហត្ថលេខាបញ្ជាក់ដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកក្កដា៕