ក្រសួងការបរទេស​ខ​ក​ចិត្ត​ចំពោះ​សមាជិក​សភា​EU​ដែល​ចង់​ហែហម​លោក​សម រង្ស៊ី​ចូល​ស្រុក​

07-07-2019 11:12 am 1653

​ក្រសួងការបរទេស និង សហ​ប្រតិ​ប​តិ្តការអន្តរជាតិ បាន​សម្ដែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​សមាជិក​សភា​សហភាព​អឺរ៉ុប​មួយចំនួន ដែល​ចង់​ហែហម​លោក​សម រង្ស៊ី វិល​ត្រលប់​មក​កម្ពុជា​វិញ​។ ក្រសួងការបរទេស កម្ពុជា ចាត់ទុក​ការប្រកាស​នៃ​សមាជិក​សភា​ទាំងនោះ គឺ​គ្មាន​លក្ខណៈ​កា​ទូត និង​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា​។ 

​បើ​តាម​លោក​ស្រី​មូរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ក្នុង​ឱកាស ចូលរួម​ប្រជុំ​មួយ​ក្នុង​សភា​អឺរ៉ុប ជាមួយ​លោក សម រង្ស៊ី នៅ​ទីក្រុង​ព្រុច​ស៊ែ​ល ប្រទេស​ប៊ែល​ហ្សិកថា មកដល់ពេលនេះ​មាន​សមាជិក​រដ្ឋសភា សហភាព​អឺរ៉ុប ចំនួន​៦​រូប​ហើយ ដែល​បាន​បញ្ជាក់​ពី​ការចូលរួម​ដំណើរ​មាតុភូមិនិវត្តន៍ ជាមួយ​លោក​សម រង្ស៊ី និង​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ដំណឹង​នេះ បាន​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស ប្រតិកម្ម​ជា​ខ្លាំង​។ ក្រសួងការបរទេស ចាត់ទុក​ទង្វើ​របស់​ស​មាជិក​សភា​សហភាព​អឺរ៉ុប​មួយចំនួន​ទាំងនោះ ដែល​ចង់​អមដំណើរ​ជា​មួយ​លោក សម រង្ស៊ី វិល​ត្រលប់មក​មាតុប្រទេស​វិញ គឺ​ជា​ទង្វើ​គ្មាន​លក្ខណៈ​ការទូត និង​មិន​គោរព​អធិបតេយ្យភាព និង​នីតិរដ្ឋ​នៃ​ប្រទេស​កម្ពុជា​។ 

​បើ​តាម​ក្រសួង​ការបរទេស លោក សម រង្ស៊ី ត្រូវបាន​ទទួល​ការចោទប្រកាន់ និង​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាច្រើន​ករណី ដែល​មាន​ជាអាទិ៍ អំពើ​ក្បត់ជាតិ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី បទ​ញុះញង់​មិន​ឲ្យ​យោធិន​ស្ដាប់​បញ្ជា​។ 

ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​បញ្ជាក់​ដល់​សមជិក​សភាសហភាព​អឺរ៉ុប​ទាំង​នោះ ពី​មាត្រា ៤១ នៃ​សន្ធិសញ្ញា​ទីក្រុង​វី​យ៉ែន ឆ្នាំ ១៩៦១ ស្ដី​ពី​ទំនាក់ទំនង​ការទូត ដែល​តម្រូវឲ្យ​បុគ្គល​ទាំងអស់ ដែល​ទទួលបាន​បុព្វសិទ្ធិ និង អភ័យឯកសិទ្ធិ ត្រូវ​គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​រដ្ឋ​ម្ចាស់ផ្ទះ ហើយ​បុគ្គល​ទាំងនោះ​ក៏​មាន​កាតព្វកិច្ច​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ម្ចាស់ផ្ទះ​ផងដែរ​។​

​យ៉ាងនេះក្តី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ស្នើ​យ៉ាងទទូច​ដល់​អ្នកនយោបាយ​បរទេស​ខាងលើ ពិចារណា​ឡើងវិញ​ពី​ការសម្រេចចិត្ត​ដោយ​ខ្វះ​ព័ត៌មាន​ច្បាស់លាស់ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើ​ដែល​បង្កប់​ដោយ​ឧបាយកល​នយោបាយ និង​គ្មាន​លក្ខណៈ​ការទូត​នេះ​៕

ព័ត៌មានផ្សេងទៀត