នៅ​ស្វីស​លោក​ហ៊ុន សែន​បង្ហាញ​ភាពរឹងមាំ​​បញ្ហា​EBA តែ​ត្អូញត្អែរពី​សិទ្ធិមនុស្ស​

06-07-2019 5:14 pm 417
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​បេសកកម្ម​រយៈពេល​៣​ថ្ងៃ នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស បាន​រំ​លេចចេញ​នូវ​បញ្ហា​ការដក​ភាពអនុគ្រោះ​ពន្ធ​ទៅលើ​ទំនិញ​កម្ពុជា និង​បាន​រិះគន់​ទៅ​លើ​ចំណាត់ការ​នេះ តែ​លោក​អះអាងថា កម្ពុជា​នឹង​មិន​ស្លាប់​ទេ ទោះបីជា​គ្មាន EBA ។ យ៉ាងណាក៏ដោយ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់ បន្ត​ជួយ​លើ​គម្រោង​សំខាន់ៗ​របស់​កម្ពុជា និង​រដ្ឋ​ក្រីក្រ​ដទៃទៀត ។ ក្រៅពីនេះ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​បាន​ត្អូញត្អែរថា កម្ពុជា​បានធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ច្រើន តែ​អន្តរជាតិ​ហាក់​មើលមិនឃើញ​ពី​ការប្រឹងប្រែង​នេះ ។ លោក​បាន​អះអាង​ថា កម្ពុជា បើ​នៅ​លើ​ទំព័រ​កាសែត និង​របាយការណ៍​អន្តរជាតិ​មួយ​ចំនួន គឺ​ខុសស្រឡះ​ពី​ការពិត...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៣ កក្កដា នៅ​ចំពោះមុខ​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ថ្លែង​រិះគន់​ចំៗ​ទៅលើ​ចំណាត់ការ​របស់​គណៈកម្មកា​រ​អឺរ៉ុប ដែល​កំពុង​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ជា​បណ្តោះអាសន្ន​សម្រាប់​ទំនិញ​កម្ពុជា ។​

​លោក​បាន​ហៅ​ចំណាត់ការ​នោះ​ថា ជា​ការអនុវត្ត​ស្តង់ដារ​ច្រើនយ៉ាង ។ ទោះយ៉ាងណា លោក​អះអាង​ថា ទោះបីជា​ទទួលបាន EBA កម្ពុជា​មិន​អាច​ក្លាយជា​អ្នកមាន ហើយ​បើ​បាត់បង់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ។ កម្ពុជា​ត្រូវតែ​បន្ត​ពង្រឹង ពង្រីក​ទីផ្សារ​របស់​ខ្លួន ហើយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​តែ​ជា​ដៃគូ​ល្អ​ជាមួយ​កម្ពុជា ។​

​លោក Roberto Azevedo អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​បញ្ជាក់ថា WTO  នៅតែ​បន្ត​ធ្វើការ​កែទម្រង់​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ។ លោក​ថា ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម គឺ WTO មាន​យន្តការ​រួច​ស្រាប់ ហើយ​កម្ពុជា​អាច​ដកស្រង់​បទពិសោធន៍​និង​ធ្វើការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​ជាមួយ​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ព្រឹក​ថ្ងៃ​ដដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ ។​

​លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ទៅ​ដល់​រដ្ឋ​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​អង្គការ WTO ឱ្យ​បន្ត​ជួយ​លើ​គម្រោង​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ​មហិច្ឆតា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។​

​លោក ហ៊ុន សែន បាន​ស្នើ​ដល់​រដ្ឋ​ជា​សមាជិក និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពិចារណា​ឱ្យបាន​ដិតដល់ មុន​សម្រេច​ព្យួរ ឬ​ដក​ចេញ​នូវ​ភាពអនុគ្រោះ ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ។ លោក​បញ្ជាក់ថា សកម្មភាព​ទាំងនេះ មិន​អាច​ជួយ​ពួកគេ​ឱ្យ​ចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​បានឡើយ ។​

​ដោយឡែក នៅ​ថ្ងៃ​ទី​៤ កក្កដា ថ្លែង​ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់ លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មេដឹកនាំ​កម្ពុជា​បាន​ថ្លែងថា កម្ពុជា នៅលើ​ទំព័រ​សារព័ត៌មាន​និង​របាយការណ៍​នានា បើ​ធៀប​នឹង​ការ​ពិត គឺ​មាន​ភាពខុស​គ្នា​ច្រើន ឬ​ពេល​ខ្លះ ខុស​គ្នា​ស្រឡះ​តែម្តង ។ 

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​អារម្មណ៍​សោកស្តាយ​ខ្លាំង ដែល​បញ្ហា​សិទ្ធិ​មនុស្ស​នា​ពេលបច្ចុប្បន្ន បាន​ក្លាយជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មាន​អំណាច​មួយចំនួន ដើម្បី​ធ្វើ​ជា​លេស​សម្រាប់​លូក​ដៃ​ជ្រៀតជ្រែក លើ​អធិបតេយ្យភាព និង​ឯករាជ្យភាព របស់​ប្រទេស​ទន់ខ្សោយ ។​

​លោកនាយក​រដ្ឋមន្ត្រី​ថា ទោះបីជា​កម្ពុជា​ខិតខំ​ប្រឹងប្រែង និង​សម្រេចបាន​នូវ​លទ្ធផល​ជា​ច្រើន លើ​បញ្ហា​សិទ្ធិមនុស្ស ក៏​កម្ពុជា​មិន​ដែល​បាន​ទទួល​នូវ​ការ​សាទរ ឬ​សរសើរ​ពី​ក្រុម ឬ​ស្ថាប័ន​មួយចំនួន ដែល​មាន​របៀប​វារៈន​យោ​បាយ​តែមួយគត់ គឺ​ការផ្លាស់ប្តូរ​របប ទោះ​នៅ​ក្នុង​តម្លៃ​ណាក៏ដោយ ។​

​លោក​បញ្ជាក់ថា ពួកគេ​តែងតែ​លាប​ពណ៌​ខ្មៅ​មក​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទោះបីជា​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​ប្រទេស​ពួកគេ ពោរពេញ​ទៅដោយ​ការស្លាប់​នៃ​ជនបរទេស ការរើសអើង​ពូជសាសន៍ ការប្រព្រឹត្ត​អំពើ​មិន​គប្បី​លើ​ជនអន្តោប្រវេសន៍​ជាដើម ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ​ថ្លែង​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា មិន​ដែល​បំបិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ទេ មាន​តែ​លើក​ទឹកចិត្ត​បន្ថែម ព្រោះ​រាជរដ្ឋាភិបាល​កំណត់​យ​ក​មតិយោបល់​ពី​ប្រជាជន ជា​កញ្ចក់​ឆ្លុះ ដើម្បី​វាយតម្លៃ​លទ្ធផល​ការងារ ។​

​ជាងនេះទៅទៀត លោក ហ៊ុន សែន បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ប្រទេស​មួយចំនួន ដែល​បាន​ចេញ​សេចក្តីថ្លែងការណ៍​វាយតម្លៃ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​កន្លងមក ថា​មាន​ភាព​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ទាំង​មិន​បាន​បញ្ជូន​អ្នកសង្កេតការណ៍ ទៅ​ចូលរួម​ពិនិត្យ​ការបោះឆ្នោត និង​មិន​បាន​មើល​ឃើញជាក់ស្តែង ។ លោក​លើកឡើង​ជា​ចម្ងល់​ថា ប្រទេស​ទាំងនោះ អាច​វាយតម្លៃ​ការបោះឆ្នោត​របស់​កម្ពុជា​តាម​របៀប​ណា ។​

​គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា បាន​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩» នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ កក្កដា នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ៕

ព័ត៌មានផ្សេងទៀត