លោក​ស៊ុន ចាន់ថុល​៖ ផ្លូវជាតិ​លេខ​២១​នឹង​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ឆាប់ៗ​នេះ​

06-07-2019 4:06 pm 454

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ថា ផ្លូវជាតិ​លេខ​២១ ដែល​ចេញពី​ក្រុង​តាខ្មៅ ដល់​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្តាល ជាប់​ព្រំប្រទល់​វៀតណាម នឹង​រៀបចំ​ដាក់​ជញ្ជី​ថ្លឹង​រថយន្ត​នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ធានា​សុវត្ថិភាព​ផ្លូវ​កុំឱ្យ​មាន​ការខូចខាត​អាច​ប្រើប្រាស់​បាន​យូរអង្វែង​។

​លោក​រដ្ឋមន្ត្រី​លើក​ឡើង​ដូចនេះ ខណៈពេលដែល​លោក​ដឹកនាំ​ក្រុម​ការងារ ជិះ​កង់​ត្រួតពិនិត្យ​មើល​ផ្លូវជាតិ​លេខ​២១ ដោយ​ចេញ​ពី​កីឡដ្ឋាន​ស្រុក​កោះធំ ឆ្ពោះទៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ជាប់​ព្រំប្រទល់​វៀតណាម នា​ថ្ងៃ​ទី​០៦ ខែកក្កដា​នេះ​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ការចុះ​ពិនិត្យ​មើល​ផ្លូវ​ដោយ​ជិះ​កង់​នេះ ដើម្បី​ពិនិត្យ​មើល​ពី​គុណភាព​ផ្លូវ​ឱ្យបាន​កាន់តែ​ច្បាស់ ព្រោះ​បើ​ចុះ​មើល​ផ្លូវ​ដោយ​ជិះ​រថយន្ត មើល​មិន​ច្បាស់​នោះ​ទេ មិនដឹង​ថា​ផ្លូវ​មាន​ខូចខាត​ចំណុច​ណា​ខ្លះ​នោះទេ​។ ជាក់ស្តែង​នៅក្នុង​ការចុះពិនិត្យ​ផ្លូវ​នេះ​ដែរ បានឃើញ​ចំណុច​អវិជ្ជមាន​ច្រើន ក្នុង​នោះ​ឃើញ​ថា មាន​កន្លែង​មួយ​ចំនួន​មាន​ការខូចខាត ហើយ​ក្រុម​ការងារ​ក្រសួង បាន​គូសបញ្ជាក់​ដើម្បី​ឱ្យ​ក្រុមហ៊ុន​សាងសង់​ធ្វើការ​ជួសជុល អ៊ុត​ឡើងវិញ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា ចំពោះ​ផ្លូវជាតិ​លេខ​២១​នេះ នៅសល់​ប្រវែង​៩​គីឡូម៉ែត្រ នៅ​មិនទាន់​បាន​សាងសង់​រួចរាល់​។ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ខាងមុខ នឹង​មាន​ក្រុមហ៊ុន​ឯករាជ​មួយ​មក​សិក្សា​វាយតម្លៃ​លើ​ផ្លូវជាតិ​លេខ​២១​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​រថយន្ត​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ចរ​រាចរណ៍​ទាំងអស់គ្នា ត្រូវ​យក​រថយន្ត​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ត្រូវ ជៀសវាង​ការបង្ករ​គ្រោះថ្នាក់​ផ្សេងៗ ហើយ​មិន​ត្រូវ​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​របស់​ច្បាប់ ដែល​ជាហេតុ​ធ្វើឱ្យ​ផ្លូវ​ខូច​នោះទេ​៕

ព័ត៌មានផ្សេងទៀត