ACU៖ អង្គភាព​គ្មាន​មន្ត្រី​ឈ្មោះ​"ស៊ីណា"ដែល​រកស៊ី​ជួញ​ឈើរ​នោះ​ទេ​

06-07-2019 3:41 pm 450

​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា បាន​ចេញ​សេចក្តីប្រកាស ដោយ​ទាត់ចោល​នូវ​ការចោទប្រកាន់​របស់​បណ្ដាញ​សារព័ត៌មាន​មួយចំនួ​ន ដែល​បាន​ចុះផ្សាយ​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឈ្មោះ ស៊ីណា ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ ជា​ម្ចាស់​ឈើ ដែល​លាក់ទុក​នៅក្នុង​សណ្ឋាគារ​អង្គរ​អេរ៉ា ក្នុង​ខេត្ត​សៀមរាប ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​រឹបអូស​បាន ២៥០​ម៉ែត្រគូប​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា ពុំ​មាន​ឈ្មោះ ស៊ីណា​នេះ ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ហើយ​ថា ស្នើសុំ​ឲ្យ​បណ្ដាញសារព័ត៌មាន​កែត​ម្រូ​វ​ខ្លឹមសារ​ដែល​ចុះផ្សាយ​ក្នុង​អត្ថបទ​របស់​ខ្លួន​ឡើងវិញ​។​

​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើង​ថា បណ្ដាញ​សារព័ត៌មាន បាន​ចុះផ្សាយ​ថា លទ្ធផល​ដែល​រកឃើញ​ក្នុង​សណ្ឋាគារ "​អង្គរ​អេរ៉ា​" ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ប្រណិត គឺ​ម្ចាស់​សណ្ឋាគារ​អង្គរ​អេរ៉ា និង​ម្ចាស់​ឈើ​នោះ មានឈ្មោះ លី ស៊ីណា ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ និង​ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខេត្ត និង​ជា​មន្ត្រី​ថ្នាក់​ធំ ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រចាំ​ខេត្ត​សៀមរាប​ម្នាក់ ហើយក៏​ជា​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ផងដែរ​។​

​សូមបញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​កន្លែង នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេរ៉ា កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា មាន​លាក់ទុក​ឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប​នៅ​ទីនោះ មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។​ ​ម្ចាស់​ទីតាំង​ឃ្លាំង​ឈើ​នោះ លោកស្រី គី ស៊ុន​ឡេង ហើយ​អ្នកទទួលខុសត្រូវ​យាមឃ្លាំង​នោះ ឈ្មោះ ស៊ុន សម្បត្តិ​។ កិច្ច​ប្រតិបត្តិការ​នេះ ដឹកនាំ​សម្រួល​នីតិវិធី​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​មន្ត្រី​អាជ្ញាធរ​បាន​បញ្ជាក់ថា យោង​តាម​ច្បាប់​ព្រៃឈើ សមត្ថកិច្ច​ត្រូវបាន​ដាក់​ពិន័យ ឲ្យ​ម្ចាស់​ទីតាំង​ឃ្លាំង​ឈើ​នោះ​បំពេញ​កាតព្វកិច្ច​បង់ប្រាក់​ពិន័យ មួយ​ទ្វេរ​ជា​បី​នៃ​តម្លៃ​ឈើ​ដែល​ខុសច្បាប់​នោះ បើ​ម្ចាស់​ទីតាំង​មិន​ព្រម​អនុវត្ត​តាម​ការពិន័យ​ទេនោះ សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​៕

 ពាក្យគន្លឹះ  ACUរកស៊ីឈើ

ព័ត៌មានផ្សេងទៀត