ចិន​គំរាម​​បញ្ចូល​ក្រុមហ៊ុន​​អាមេរិក​​ក្នុង​បញ្ជីខ្មៅ​​ក្រោម​ហេតុផល​​សន្ដិសុខ​

06-07-2019 2:10 pm 599
  ស្តាប់
ឡូហ្គោសម្គាល់ក្រុមហ៊ុន​FedExរបស់អាមេរិក
ស្តាប់ជាសំឡេង

​តាម​ប្រភព​ពី​ក្រសួង​ឧស្សាហកម្ម​បានឲ្យដឹងថា ចិន​គ្រោង​នឹង​ដាក់​បញ្ចូល​ក្រុមហ៊ុន​បរទេស​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន ជា​ក្រុមហ៊ុន​ដែល​អាច​បង្ក​ហា​នី​ភ័យ​ដល់​សន្ដិសុខ​ជាតិ​។ ករណី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​បន្ថែម ដល់​ទំនាក់ទំនង​កំពុង​ដាំ​ក្បាល​ចុះ​របស់​ប្រទេស​ទាំង​ពីរ ស្រប​ពេល​កំពុង​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ស្រាប់​ផង​។ កាលពី​ចុង​សប្ដាហ៍​មុន​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ទើបតែ​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ចប្រជុំ​G20​ក្នុង​ប្រទេស​ជប៉ុន ពិភាក្សា​ពី​ការ​បើកផ្លូវ​ឲ្យ​ចាប់ផ្ដើម​កិច្ចចរចា​ឡើងវិញ​។ ជា​លទ្ធផល​កិច្ចចរចា​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម នឹង​ធ្វើឡើង​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ​។​

​ប៉ុន្ដែ​ទោះបីជា​មាន​ផែនការ​ស្វែងរក​ដំណោះស្រាយ​យ៉ាងណា​ក្ដី ចិន​មិន​ភ្លេច​ដាច់ខាត​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បរទេស ដែល​បង្ក​ផលប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ធ្វើឲ្យប៉ះពាល់​ដល់​ប្រយោជន៍​ស្របច្បាប់​របស់​ចិន​។ ផែនការ​បញ្ចូល​ក្រុមហ៊ុន​បរទេស​ក្នុង​បញ្ជី​ខ្មៅ ចិន​បាន​ប្រកាស​លើក​ដំបូង​ក្នុង​ខែ​ឧសភា​។ ព័ត៌មាន​លម្អិត​ជុំវិញ​បញ្ហា​នេះ​នៅ​មិនទាន់​បាន​បង្ហាញ​ទេ ប៉ុន្ដែ​ក្រសួងពាណិជ្ជកម្ម​ចិន​ថា​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ធ្លាប់បាន​ចុះផ្សាយ​កន្លងមក​ថា អាជ្ញាធរ​កំពុងធ្វើការ​ដើម្បី​បញ្ចូល​ក្រុមហ៊ុន​អាមេរិក​FedEx​ក្នុង​បញ្ជីខ្មៅ ក្រោយ​ក្រុមហ៊ុន​នេះ​បញ្ជូន​កញ្ចប់​ទំនិញ​ក្លែងក្លាយ​ដល់​ទៅ​ពីរដង ដែល​ជា​ទំនិញ​របស់​ក្រុមហ៊ុន​Huawei​។ គេ​កំពុង​សង្ស័យថា​តើ​ក្រុមហ៊ុន​នេះ​មាន​ចេតនា​ចង់​បន្លំ​បញ្ជូន​ទំនិញ​ក្លែងក្លាយ ដើម្បី​ធ្វើ​បាប​ក្រុមហ៊ុន​Huawei​ឬ​យ៉ាងណា​។​

​ក្រៅ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​FedEx ប្រភព​ពី​ក្រសួង​ឧស្សាហកម្ម​ចិន​បាន​លើកឡើង​ថា ឧស្សាហកម្ម​កម្សាន្ដ​នៅ​អាមេរិក​ក៏​អាច​នឹង​ងាយ​រងគ្រោះ​ដែរ ព្រោះ​ចិន​បាន​បិទ​មិនឲ្យ​បញ្ចាំងភាពយន្ដ​ហូលីវូដ​នៅ​ចិន​តាំង​កាលពី​ខែ​ឧសភា​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​ជឿជាក់ ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន ដូច្នេះ​ចិន​នឹង​បន្ដ​សងសឹក​អាមេរិក​ដោយ​ប្រើ​មធ្យោបាយ​ផ្សេងៗ​។ តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ចិន​នៅ​មាន​វិធីសាស្ដ្រ​ច្រើន​ទៀត​ដើម្បី​លេងល្បែង​ជាមួយ​អាមេរិក ប្រសិនបើ​សន្ទុះ​ឆ្ពោះទៅ​រក​ការចរចា​ពាណិជ្ជកម្ម​ជាប់គាំង​ជា​ថ្មី​ម្ដងទៀត​៕

ព័ត៌មានផ្សេងទៀត