លោក​ស ខេង សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់​

06-07-2019 12:12 pm 948
  ស្តាប់
ស្តាប់ជាសំឡេង

នៅ​ទីបំផុត លោក​រដ្ឋមន្ត្រី ស ខេង តាមរយៈ​ក្រុម​មេធាវី​តំណាង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង ប្តឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់ ក្រោយ​លោក សម រង្ស៊ី បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​២ មិថុនា ដែល​លើកឡើង​ថា លោក ស ខេង បាន​គាំទ្រ​លើ​ផែនការ​សងសឹក ជាមួយ​លោក ឌី វិជ្ជា ទាក់ទង​នឹង​ករណី​មរណភាព​លោក ហុក ឡងឌី ...

​ក្រុម​មេធាវី​តំណាង​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក សម រង្ស៊ី អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១ ខែកក្កដា បាន​ស្នើសុំ​ឱ្យ​តុលាការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​លោក សម រង្ស៊ី ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវច្បាប់ និង​ទាមទារ​ឱ្យ​លោក សម រង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន ៤​ពាន់​លាន​រៀល ប្រមាណ​១​លាន​ដុល្លារ​អាមេរិក ដល់​លោក​រដ្ឋមន្ត្រី ស ខេង ។​

​ពាក្យបណ្តឹង​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន កាលពី​ថ្ងៃ​ទី​២ មិថុនា អំពី​មរណភាព​របស់​លោក ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មាន​ខ្លឹមសារ​ថា លោក ឌី វិជ្ជា ត្រូវជា​កូន​របស់​លោក ហុក ឡងឌី បាន​ដឹង​ច្បាស់​អំពី​ឃាតកម្ម​នេះ និង​បាន​កំពុង​គិតគូរ​អំពី​ផែនការ​សងសឹក ។​

​លោក សម រង្ស៊ី​បន្ត​ថា ផែនការ​នេះ មាន​ការគាំទ្រ​ពី​លោក ស ខេង ព្រោះ​លោក​ស ខេង បាន​ដឹងខ្លួន​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​ដកតំណែង​របស់គាត់ ឬ​កម្ចាត់​គាត់​តែ​ម្តង ដើម្បី​ឱ្យ​កូនៗ​របស់លោក នាយករដ្ឋមន្ត្រី​មក​បន្ត​តំណែង ។​

​ក្នុង​ពាក្យបណ្តឹង​នោះ លោក ស ខេង បានបញ្ជាក់​ថា ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់កំហុស និង​មួលបង្កាច់​ពី​សំណាក់​លោក សម រង្ស៊ី នេះ គឺ​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​មាន​ការសង្ស័យ​គ្នា និង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ដែល​អាច​ធ្វើឱ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល ។​

​លោក​បន្តថា ទង្វើ​នេះ មាន​ចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់ បំផុសបំផុល ធ្វើឱ្យ​មាន​ការបែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​រាជរដ្ឋាភិបាល ក៏ដូចជា​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឱ្យ​មាន​ចលាចល និង​ភាពវឹកវរ​យ៉ាងធ្ងន់ធ្ង​រ​ដល់​សន្តិសុខ​សង្គម បំផ្លិចបំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ និង​សន្តិភាព​របស់​ជាតិ​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត