ក្រសួង​កសិកម្ម​រៀបចំ​សេចក្តីព្រាងច្បាប់ លុបបំបាត់​ការនេសាទ​ខុសច្បាប់

06-07-2019 10:35 am 241
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី វេង សាខុន កាលពី​ថ្ងៃ​ទី​៥ កក្កដា បាន​ការពារ​សេចក្តីព្រាង​ច្បាប់ អំពី​ការលុបបំបាត់​ការ​នេសាទ​ខុសច្បាប់ ។ លោក​រដ្ឋមន្ត្រី​ថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធំៗ​២ ...

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៥ កក្កដា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​ការពារ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី «​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត (IUU)» ជាមួយ​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា ។​

​លោក វេង សាខុន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​២ ទី​១.​ប្រើប្រាស់​យន្តការ​ច្បាប់ ដើម្បី​លុបបំបាត់ IUU តាមរយៈ​ការអនុវត្ត​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ឱ្យមាន​ប្រសិទ្ធភាព ធានាបាន​នូវ​ការអភិវឌ្ឍ អភិរក្ស ប្រើ​ធនធាន​មច្ឆជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ឱ្យ​មាន​ចីរភាព​និង​និរន្តរភាព និង​ទី​២.​ទប់ស្កាត់ និង​ចាត់វិធានការ​ផល​នេសាទ ដែល​ទទួលបាន​ពី IUU ចូលទៅ​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា កិច្ចព្រមព្រៀង​ច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​សន្និសីទ​អង្គការ FAO នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០០៩ និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ។ បច្ចុប្បន្ន​មាន​៦០​ប្រទេស រួម​ទាំង​សហភាព​អឺរ៉ុប បាន​ចូលរួម​ជា​ភាគី​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ក្នុងនោះ ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៥ រួម​មាន​មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម ក៏​ជា​សមាជិក​ដែរ ។​

​លោក​អះអាង​ថា កិច្ចព្រមព្រៀង​នេះ គឺជា​ឯកសារ​គតិយុត្តិ​ដ៏​សំខាន់​តែមួយគត់ ដែល​មាន​គោលបំណង​ប្រយុទ្ធប្រឆាំង IUU ។ កិច្ចព្រមព្រៀង​ច្បាប់​នេះ ត្រូវបាន​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី សម្រេច​យល់ព្រម​បញ្ជូន​ទៅ​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញតិ្ត ដែល​រួមមាន ៣​មាត្រា កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ និង​បាន​អនុម័ត​ដោយ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ដើម​សប្តាហ៍​នេះ ។​

​លោក​ថា ក្រោយ​បាន​ពិនិត្យ​ពិភាក្សា​យ៉ាង​លម្អិត ទៅលើ​ទម្រង់រដ្ឋបាល ខ្លឹមសារ​ច្បាប់ អត្ថប្រយោជន៍ និង​ជា​ពិសេស ឆន្ទៈ​របស់​ក្រសួង​ចង់​បង្កើត​ច្បាប់​នេះ អង្គប្រជុំ​បាន​សម្រេច​ដាក់ចូល​សេចក្តីព្រាងច្បាប់​នេះ ទៅ​ក្នុង​ប្រជុំ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​៨ និង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៤ នីតិកាល​ទី​៣ នៃ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១១ ខែកក្កដា សប្តាហ៍​ក្រោយ ៕

ព័ត៌មានផ្សេងទៀត