វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ដោះលែង​អ្នកទោស​​២២​នាក់​​អង្គការសិទ្ធិមនុស្ស​​សាទរ​យ៉ាងខ្លាំង​

06-07-2019 10:21 am 166
  ស្តាប់
រូបភាពអ្នកទោសជាប់ពន្ធនាគារ
ស្តាប់ជាសំឡេង

​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ដោះលែង​អ្នកទោស​ចំនួន​២២​នាក់ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​។ ក្នុងចំណោម​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង មាន​មន្ដ្រី​ចៅក្រម​ម្នាក់ អ្នកកាសែត​ម្នាក់ ហើយ​ក្រៅពីនេះ​២០​នាក់​ទៀត​គឺជា​សិស្ស ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ សិស្ស​ទាំង​២០​នាក់​ត្រូវបាន​ដោះលែង បន្ទាប់ពី​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដាក់សំណើរ​ដោយផ្ទាល់​ទៅកាន់​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​លោកនីកូ​ឡាស ម៉ា​ឌូ​រ៉ូ​។ 

​ចំណែក​ចៅក្រម​អ្នកស្រី​ម៉ា​រៀ អា​ហ្វ៊ូនី​(Maria Afiuni)​ដែល​ទើបនឹង​ដោះលែង​នោះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ទទួល​សំណូក ជុំវិញ​ការដោះលែង​អ្នកជំនួញ​ម្នាក់​រង​ការចោទប្រកាន់ថា​ប្រព្រឹត្ដ​អំពើពុករលួយ គ្រា​អ្នកស្រី​នៅ​កាន់តំណែង​។ ប៉ុន្ដែ​អ្នកស្រី​បាន​បដិសេធ​ការចោទប្រកាន់ និង​ឆ្លើយតប​ថា​ការដោះលែង​ដោយសារ​ជនជាប់ចោទ​រង់ចាំ​ការជំនុំជម្រះ​ក្ដី​យូរ​ជាង​ច្បាប់​អនុញ្ញាត​។ ក្រោយមកទៀត​អ្នកស្រី​បាន​និយាយថា ត្រូវបាន​គេ​រំលោភ​នៅក្នុង​ពន្ធនាគារ ហើយ​អ្នកស្រី​ត្រូវគេ​បដិសេធ​ការព្យាបាល​សុខភាព​។ ប៉ុន្ដែ​មេដឹកនាំ​គណបក្សកាន់អំណាច​ច្រានចោល​ការលើកឡើង​របស់​អ្នកស្រី​ចៅក្រម និង​ថា​វា​ជាការ​ឆបោក​ដើម្បី​ទទួលបាន​ការអាណិតអាសូ​រ​ប៉ុណ្ណោះ​។ បន្ទាប់ពីនោះ​អ្នកស្រី​ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ ហើយ​អ្នកស្រី​បានទទួល​ការកាត់ទោស​រយៈពេល​៥​ឆ្នាំ​កាលពី​ខែ​មីនា​។​

​រីឯ​អ្នកកាសែត​ម្នាក់​ដែល​ទើប​ដោះលែង​ដែរនោះ​លោក​ប្រៅ​លី​អូ ចា​តា​(Braulio Jatar) ជា​អ្នកកាសែត​ល្បីល្បាញ​ហើយក៏​ជា​មេធាវី ត្រូវ​ជាប់ពន្ធនាគារ​នៅលើ​កោះ​Margarita​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ លោក​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ និង​រង​ការចោទប្រកាន់​ពីបទ​លាង​លុយ​កង្វក់​។​

​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​និយាយថា ការដោះលែង​អ្នក​ជាប់ឃុំ​៦២​នាក់​កាលពី​ខែមិថុនា និង​ការដោះលែង​មនុស្ស​២២​នាក់​បន្ថែមទៀត​ថ្មីៗ​នេះ ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​ចំនួន​ពីរ​នៅ​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ ដូច្នេះ​វា​ជា​ការចាប់ផ្ដើម​ដ៏​វិជ្ជមាន​របស់វេ​ណេ​ហ្ស៊ូ​អេ​ឡា ដែល​ផ្សារភ្ជាប់​ទៅនឹង​ការដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​។​

​គួរ​បញ្ជាក់ថា ពេលនេះ​វេ​ណេ​ហ្ស៊ូ​អេ​ឡាក៏​កំពុង​ជាប់គាំង​ក្នុង​វិបត្ដិនយោបាយ ដែល​ពុំទាន់​មាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​។ ខាង​បក្សប្រឆាំង​និង​ខាង​រដ្ឋាភិបាល កំពុង​ប្រជែង​គ្នា​ដណ្ដើម​អំណាច​រៀងៗ​ខ្លួន ហើយ​សុទ្ធតែ​មាន​បង្អែក​ជា​ប្រទេស​មហាអំណាច​ដូចគ្នា​។ ខាង​រដ្ឋាភិបាល​មាន​ចិន​-​រុស្ស៊ី​នៅ​ពីក្រោយ និង​ខាង​បក្សប្រឆាំង​មាន​អាមេរិក រួមទាំង​បណ្ដា​ប្រទេស​លោកខាងលិច​ភាគច្រើន​គាំទ្រ​៕

ព័ត៌មានផ្សេងទៀត