សមត្ថកិច្ច​រឹបអូស​ឈើ​ខុសច្បាប់​ជាង​២៥​ម៉ឺន​នៅ​សៀមរាប​

06-07-2019 8:58 am 382

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​-​អនុផល​ព្រៃឈើ​១​កន្លែង ដែល​មាន​ទីតាំង​នៅ​ខាងលិច​ជាប់​សណ្ឋាគារ អង្គរ អេ​រ៉ា ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤​កក្កដា សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ចម្រុះ​សរុប​ចំនួន ៥២៦.១៥៦ ម៉ែត្រគូប ។​

​លោក​វរសេនីយ៍ឯក សឿន សេន ត្រូវបាន​ស្រង់​សម្តី​ដោយ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ក្នុង​ឈើ​ជាង​៥២​ម៉ឺន​ម៉ែត្រគូប​នោះ រួមមាន ឈើ​អារ​តាប់ លេខ​១ ចំនួន ២៧៣.៤៦២​ម៉ែត្រគូប​, ឈើ​ប៉ាកេ ចំនួន ១៩០.៥៩៧​ម៉ែត្រគូប​, ឈើ​សន្លឹក​ទ្វារ​ចំនួន ៣៩៦ ស្មើនឹង ២៥.៨៤៨ ម៉ែត្រគូប​, ឈើ​គ្រោងទ្វារ​ចំនួន ១៨.៩០៤ ម៉ែត្រគូប​, ឈើ​ក្តា​ចំនួន ២.៤៦០ ម៉ែត្រគូប​, ឈើ​ដៃរណែង​ចំនួន ៥.៤៦០​ម៉ែត្រគូប និង​ឈើ​នី​វ ចំនួន ៩.៤២៥ ម៉ែត្រគូប ។​

​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​រូប​នេះ បញ្ជាក់ថា ក្រោយ​ក្រុមការងារ​វាស់វែង និង​ត្រួតពិនិត្យ ឃើញថា ឈើ​មាន​លិខិតអនុញ្ញាត​មាន​ចំនួន ២៧៤.៤៣៤​ម៉ែត្រគូប និង​ឈើ​គ្មាន​លិខិតអនុញ្ញាត ពី​មន្ត្រី​ជំនាញ មាន​ចំនួន ២៥១.៧២២ ម៉ែត្រគូប ។ ចំពោះ​ឈើ​ដែល​គ្មាន​លិខិតអនុញ្ញាត នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅកាន់​ទីតាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ៕

ព័ត៌មានផ្សេងទៀត