កម្ពុជា​ស្នើ​ADB​បន្តជួយ​លើ​កិច្ចការ​សំខាន់ៗ​៥​ចំណុច​

05-07-2019 9:55 pm 233

​ក្នុង​ជំនួប​ជាមួយ​ភាគី​ធនាគារអភិវឌ្ឍន៍អាស៊ី នា​ថ្ងៃ​ទី​៥ កក្កដា រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កម្ពុជា បាន​ថ្លែង​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ជួយ​កម្ពុជា​លើ​កិច្ចការ​សំខាន់ៗ​ចំនួន​៥​ចំណុច ...

​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ប្រាប់ លោក អាម៊ី​ត មូនីប សា​អ៊ី​ត អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ថា ADB គឺជា​ដៃគូ​ដ៏​ស្មោះត្រង់ និង​មាន​តួនាទី​ដ៏​សំខាន់​នៅក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។ 

​ថ្លែង​ក្នុង​ជំនួប​នា​ថ្ងៃ​ទី​៥ កក្កដា លោក វង្សី វិស្សុត បាន​ប្រាប់​ភាគី​ADB​ថា ស្ថានភាព​រួម​នៃ​សេដ្ឋកិច្ច​កម្ពុជា បាន​សម្រេច​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ ជាមួយ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ទោះបី​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម និង​ហានិភ័យ​ពី​ខាងក្រៅ​មួយចំនួន ប្រការ​នេះ​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​កំពុងតែ​ដើរ​នៅ​លើ​ផ្លូវត្រូវ ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ស្នើ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ឱ្យ​បន្ត​ជួយ​កម្ពុជា​លើ​កិច្ចការ​សំខាន់ៗ​ចំនួន​៥ ក្នុងនោះ រួមមាន ទី​១.​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​, ទី​២.​ការអភិវឌ្ឍ​ធនធានមនុស្ស​និង​ជំនាញ ។​

​ទី​៣.​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​, ទី​៤.​ការធ្វើ​ផែនការ​នគរូបនីយកម្ម ដោយ​ផ្អែក​លើ​ផែនការមេ និង​ផែនការ​វិនិយោគ​របស់​វិស័យ​នេះ និង​ទី​៥.​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​ការតភ្ជាប់​បណ្តាញ ភាព​ទុកចិត្តបាន និង​តម្លៃ​សមរម្យ ។​

​លោក អាម៊ី​ត មូនីប សា​អ៊ី​ត អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី បានបញ្ជាក់​ថា ធនាគារ​អភិវឌ្ឍន៍អាស៊ី នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា និង​ចង់​ជួយ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ក្រប​ខណ្ឌ​គតិយុត្ត ពាក់ព័ន្ធ​នឹង​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន ។​

​គូសបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ខែ​មិថុនា​ឆ្នាំនេះ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ផ្តល់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍​ចំនួន​១៦០ មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៣.១៩៤​លាន​ដុល្លារ​អាមេរិក ដោយ​មិន​បញ្ចូល​សហ​ហិរញ្ញប្បទាន ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត និង​វិស័យ​ឯកជន មាន​ឥណទាន​សម្បទាន​ចំនួន​ប្រមាណ ២.៧០៤​លាន​ដុល្លារ​អាមេរិក ។ 

​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ទាំងនោះ ប្រើប្រាស់​សម្រាប់​វិនិយោគ​លើ​វិស័យ​មួយចំនួន​ដូចជា កសិកម្ម​និង​ធនធានធម្មជាតិ​, ផ្គត់ផ្គង់​ទឹកស្អាត​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​, វិស័យ​គមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន​, ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​, វិស័យ​ហិរញ្ញវត្ថុ​, គ្រប់គ្រង​សាធារណៈ​, អប់រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​, សុខាភិបាល​, ថាមពល និង​ពហុ​វិស័យ ៕

ព័ត៌មានផ្សេងទៀត