លោក​ស៊ុន ចាន់ថុល អះអាងថា​ក្រុមហ៊ុន​បានភ្ញាក់រឭក​គោរព​ច្បាប់ ក្រោម​ហេតុផល​មួយ​

05-07-2019 7:43 pm 237

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែង​បញ្ជាក់ថា រថយន្ត​ជិត​២​ពាន់​គ្រឿង មានតែ​២២៤​គ្រឿង​ទេ ដែល​ល្មើសច្បាប់​នេះ ដែល​នេះ​ស​បង្ហាញឱ្យឃើញថា ភាគី​ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ការ​ភ្ញាក់រឭក​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ...

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែងថា រថយន្ត​ចំនួន​១.៩៥៤​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ គិត​ចាប់ពី​ថ្ងៃ​ទី​១៥-៣០ មិថុនា នៅ​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុងព្រះសីហនុ ក្នុងនោះ រថយន្ត​មាន​លក្ខណៈ​ត្រឹមត្រូវ មាន​ចំនួន​១.៧៣០​គ្រឿង ស្មើនឹង​៨៩%, រថយន្ត​ល្មើស​ចំនួន​២២៤​គ្រឿង ស្មើនឹង​១១% ក្នុងនោះ ល្មើស​លើ​លិខិតស្នាម​៣៣% និង​ល្មើស​លើ​លក្ខណៈ​បច្ចេកទេស ៦៧% ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការងារ​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ នា​រសៀល​ថ្ងៃ​ទី​៥ កក្កដា លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ថា រថយន្ត​ល្មើស​ទាំងអស់ ត្រូវ​ទទួល​ការផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​លេខ​៤៤ ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា នេះ​គឺជា​លទ្ធផល​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ព្រោះថា យានយន្ត​ភាគច្រើន​មាន​ភាពត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ភាគី​ពាក់ព័ន្ធ​ខាង​ក្រុមហ៊ុន​បានភ្ញាក់រឭក​ចូលរួម​អនុវត្ត​ច្បាប់​ចរាច​រណ៍ និង​បាន​មក​ទាក់ទង​ជាមួយ​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​អំពី​ឯកសារ​ពាក់ព័ន្ថ​ផ្លូវច្បាប់ ។​

​យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​នោះ លោក​ក៏​បាន​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​ទាំងអស់ គោរព​តាម​លក្ខខណ្ឌ និង​ច្បាប់​ស្តីចរាចរណ៍​ផ្លូវ​គោក​ឱ្យបាន​ម៉ឺងម៉ាត់ ពិសេស អ្នកបើកបរ​ត្រូវមាន​បណ្ណ​បើកបរ​ត្រឹមត្រូវ តាម​ប្រភេទ​យានយន្ត មិន​ត្រូវ​កែ​ច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​, ត្រូវ​មាន​បិទ​និមិត្តសញ្ញា​សម្គាល់​ក្រុមហ៊ុន​តាម​យានយន្ត​អាជីវកម្ម​, មាន​លិខិតអនុញ្ញាត​អាជីវកម្ម​ដែល​មាន​សុពលភាព​, មិន​ត្រូវ​ផ្ទុកទំនិញ និង​អ្នកដំណើរ​លើស​កម្រិត​កំណត់​, បើកបរ​មានការ​អធ្យាស្រ័យ​យោគយល់​គ្នា និង​គ្មាន​ជាតិ​អាល់កុល​ឬ​ជាតិ​ញៀន​ក្នុង​ខ្លួន ៕

ព័ត៌មានផ្សេងទៀត