ក្រោយ​ផ្ទុះ​​បាតុកម្ម​​ជិត​មួយខែ​​មេដឹកនាំ​​ហុងកុង​​ស្នើសុំ​ជួប​​តំណាង​​ក្រុម​តវ៉ា​

05-07-2019 3:01 pm 264

មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម បាន​ស្នើសុំ​ជួប​ជាមួយ​តំណាង​និស្សិត​ដែល​ដឹកនាំ​ការតវ៉ា ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម​បច្ចុប្បន្ន​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​របស់​លោកស្រី​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ ការស្នើសុំ​ជួប​នេះ​ធ្វើឡើង​ស្របពេល​ក្រុមបាតុករ​កំពុង​ប្រឆាំងនឹង​រដ្ឋាភិបាល ហើយ​អាច​និយាយបានថា​ជា​ចេតនា​ដែល​លោកស្រី ចង់​ដោះស្រាយ​វិបត្ដិ​អូសបន្លាយ​ជិត​មួយខែ​កន្លងមក​។ 

​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ចំ​នឹង​ថ្ងៃ​រម្លឹក​ខួប​២២​ឆ្នាំ ដែល​ហុងកុង​រួច​ផុតពី​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន ក្រុមបាតុករ​បាននាំគ្នា​សម្រុកចូល​កាន់កាប់​ក្នុង​អគារ​សភា​ហុងកុង​។ វា​ជាការ​ធ្វើបាតុកម្ម​ស្ថិត​ដល់​កម្រិត​ធ្ងន់ធ្ងរ​បំផុត តាំងពី​ផ្ទុះឡើង​កាលពី​ថ្ងៃទី​០៩​ខែមិថុនា ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ សេចក្ដីព្រាងច្បាប់​នេះ ក្រុមបាតុករ​បារម្ភ​ថា​ប្រជាជន​ហុងកុង​នឹងត្រូវ​បញ្ជូនទៅ​កាត់ទោស​នៅ​ប្រទេស​ចិន ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ពួកគេ​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យ​លោកស្រី​ឡា​ម​បាន​និយាយថា លោកស្រី​ឡា​ម​បាន​អញ្ជើញ​តំណាង​របស់​ក្រុមយុវជន​មាន​ប្រភព​ផ្សេងគ្នា ក្នុងនោះ​មាន​តំណាង​និស្សិត​និង​យុវជន​ជាច្រើន​ទៀត ដែល​បាន​ចូលរួម​ក្នុង​ការតវ៉ា​ថ្មីៗ​នេះ​។ ប៉ុន្ដែ​សំណើ​ត្រូវបាន​តំណាង​ក្រុមនិស្សិត​បដិសេធ ព្រោះតែ​កិច្ច​ជំនួប​ធ្វើឡើង​ដោយ​បិទទ្វារ​។ ពួកគេ​ចង់បាន​ការជជែក​ពិភាក្សា​ដោយ​បើកទូលាយ និង​អនុញ្ញាតឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​និយាយ​។ 

​ចំណែក​តំណាង​និស្សិត​ផ្សេងទៀត​និយាយថា ទោះបី​ពួកគេ​មិនទាន់បាន​ទទួល​ការអញ្ជើញ ប៉ុន្ដែ​ពួកគេ​អាច​ចូលរួមបាន លុះត្រាតែ​រដ្ឋាភិបាល​សន្យា​នឹងមិន​ស៊ើបអង្កេត​លើ​ក្រុមបាតុករ ដែល​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ចន្លោះ​ពី​ថ្ងៃទី​០៩​ខែមិថុនា​ដល់​ថ្ងៃទី​០១​ខែកក្កដា​។ តាម​ការបញ្ជាក់​ពី​ប៉ូលិស​បានឲ្យដឹងថា ពេលនេះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​អ្នក​ដែល​ចូលរួម​ការតវ៉ា ហើយ​បង្ក​ជា​អំពើហិង្សា​និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​រដ្ឋ ព្រមទាំង​បង្ក​អសន្ដិសុខ​នៅក្នុង​ក្រុង​។ គិត​ត្រឹម​ថ្ងៃទី​០៥​កក្កដា​នេះ មាន​មនុស្ស​ម្នាក់​ហើយ​ត្រូវបាន​ចោទប្រកាន់ ពីបទ​វាយ​មន្ដ្រីប៉ូលិស​និង​បង្ក​ការខូចខាត​ទ្រព្យសម្បត្ដិ​រដ្ឋ​៕

ព័ត៌មានផ្សេងទៀត