ក្រសួង​​ការងារ​ ស្នើ​បណ្តុះ​​ជំនាញ​បច្ចេកទេស​ វិជ្ជាជីវៈ​​បន្ថែម​​ដើម្បី​តម្រូវការ​​ទីផ្សារ​​

05-07-2019 11:58 am 109
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​ស្នើ​ឱ្យ​ក្រុមការងារ​បច្ចេក ទេស បន្ត​ពង្រឹង​គុណភាព​ការអប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​។​ការស្នើ​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ (TWG on TVET) កាលពី​ថ្ងៃ​ទី​០៤ កក្កដា​។

​ដើម្បី​សម្រេចបាន​នូវ​ធនធានមនុស្ស ឬ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង ប្រសិទ្ធភាព ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សា​ការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ឱ្យ​ក្រុមការងារ​បច្ចេក ទេស បន្ត​ពង្រឹង​គុណភាព​ការអប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ​បន្ថែម​។​

​ដើម្បី​សម្រេច​នៅ​គោលដៅ​នេះ លោក​បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​មាន​ជាអាទ៍ បន្ត​ពង្រឹង និង ពង្រីក គុណភាព​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គាំទ្រ​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង​សង្គម បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង ឯកជន និង​ដៃគូ​នានា ដើម្បី​ធានា​និរន្តរភាព​នៃ​ការអប់រំ និង បន្ត​លើកកម្ពស់​ប្រព័ន្ធ​អភិបាលកិច្ច​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ​ជា​ដើម​។​

ការស្នើ​របស់​លោក អ៊ិត សំហេង​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ​(TWG on TVET) កាលពី​ថ្ងៃ​ទី​០៤ កក្កដា​។​

​លោក Simon Junker អ្នកដឹកនាំ​សម្របសម្រួល​ដៃគូ​អភិវឌ្ឍន៍​ក្រុម TWG-TVET​បានន​លើកឡើងថា ថ្មីៗ​នេះ ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ សម្រេចបាន​នូវ​ការងារ​មួយចំនួន​ដែល​មានចែង​ក្នុង យុទ្ធសាស្ត្រ និង ផែនការ​ជាតិ តាម​វិស័យ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូចជា ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​នានា​។​ភាគី​ពាក់ព័ន្ធ បានរួម​គ្នា​ធ្វើយ៉ាងណា​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ​បន្ថែម ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​សង្គម​សេដ្ឋកិច្ច ពេលបច្ចុប្បន្ន និង ទៅ​ថ្ងៃ​អនាគត​។​

​សូមបញ្ជាក់​ថា ដោយសារ​ការអភិវឌ្ឍ​នៅ​កម្ពុជា​មាន​ការកើនឡើង និង ដើម្បី​រួមចំណែក​សម្រេច​ឱ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​ក្នុង​នោះ​វិស័យ​ការងារ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ឆ្នាំ ២០១៩-២០២៣ ជួយ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស យុវជន​មាន​ចំណេះ​ជំនាញ និង វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​ការកើនឡើង​៕

ព័ត៌មានផ្សេងទៀត