លោក​ត្រាំ​​ត្រូវ​ក្រុមប្រឆាំង​​ចោទថា​​យក​ថ្ងៃ​​ឯករាជ្យ​ជាតិ​​កេងចំណេញ​​នយោបាយ​

05-07-2019 11:57 am 425

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​០៤​កក្កដា បាន​ប្រារព្ធ​ពិធី​ថ្ងៃ​ឯករាជ្យ​ជាតិ ដើម្បី​រម្លឹក​ពី​ការប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​ជា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​១៧៧៦​។ ពិធី​នេះ​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំមុន ដោយមាន​ការចូលរួម​ពី​ប្រធានាធិបតី មន្ដ្រី​អ្នកមុខអ្នកការ ព្រមទាំង​មាន​ក្បួន​យោធា ក្បួន​រថក្រោះ រថយន្ដយោធា ខណៈ​នៅលើ​អាកាស​មាន​បង្ហាញ​ក្បួន​យន្ដហោះ​ទម្លាក់​គ្រាប់​និង​យន្ដហោះ​ចម្បាំង​ជាដើម​។ ក្រៅពីនេះ​ក៏មាន​ពិធី​បាញ់​កាំ​ជ្រួច ការជួបជុំ​គ្រួសារ ការប្រគុំ​តន្ដ្រី​និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។ 

​ស្របពេល​គ្រប់យ៉ាង​រៀបចំឡើង​ដូច​ប្រក្រតី អ្វីដែល​ជា​ការចាប់អារម្មណ៍​និង​ផ្ទុះ​ការរិះគន់​ពី​ក្រុម​ប្រឆាំង គឺពាក់ព័ន្ធ​នឹង​សម្ដី​ដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយ​ក្នុង​ពិធី​។ នៅក្នុង​សុន្ទរកថា​របស់លោក​ក្រៅតែពី​ចំណុច​សំខាន់ៗ​ជាច្រើន លោក​ត្រាំ​ក៏បាន​រៀបរាប់​ដែរ​ថា​អាមេរិក​ចាប់ផ្ដើម​មាន​កម្លាំង​កាន់តែខ្លាំង​ជាង​មុន​។ លោក​បន្ថែមថា ដរាបណា​ប្រជាជន​អាមេរិក​ចងចាំ​ប្រវត្ដិសាស្ដ្រដ៏​អស្ចារ្យ​របស់ខ្លួន និង​មិន​បោះបង់​ការ​តតាំង​ដើម្បី​អនាគត​ល្អប្រសើរ គ្មានអ្វី​ដែលថា​អាមេរិក​ធ្វើ​មិន​បានឡើយ​។ ត្រង់នេះ​លោក​ចង់​សបញ្ជាក់​ឲ្យឃើញ​ពី​ចំណុចវិជ្ជមាន​របស់​យោធា​អាមេរិក ដែលមាន​ការរៀបចំ​បានល្អ​និង​មាន​កម្លាំង​ខ្លាំងក្លា​។​

​នេះ​គឺជា​ការលើកឡើង​ដ៏​កម្រ​បំផុត​របស់​ប្រធានាធិបតី​អាមេរិក ដែល​និយាយ​ពាក់ព័ន្ធ​កម្លាំងយោធា​ក្នុងពេល​ប្រារព្ធ​ថ្ងៃ​ឯករាជ្យ​ជាតិ​។ ជាធម្មតា​ប្រធានាធិបតី​អាមេរិក​មិន​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ ព្រោះ​វា​មិនមែនជា​ព្រឹត្ដិការណ៍​នយោបាយ​។ គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​លោក​ត្រាំ​ថា លោក​កំពុង​ប្រើប្រាស់​ថ្ងៃ​ឯករាជ្យ​ជាតិ សម្រាប់​គោលបំណង​នយោបាយ​។ ចំណែក​អង្គការ​ប្រឆាំងនឹង​សង្គ្រាម ក៏​នាំគ្នា​តវ៉ា​នៅក្បែរ​កន្លែង​ប្រារព្ធ​ពិធី ដោយ​អ្នកចូលរួម​ខ្លះ​បាន​ហៅ​ព្រឹត្ដិការណ៍​នេះថា ជា​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ដូណាល់ ត្រាំ​។ ក្រុម​អ្នក​រិះគន់ថា​ព្រឹត្ដិការណ៍​ថ្ងៃ​ឯករាជ្យ​ជាតិ​នេះ គួរ​ណាស់​តែ​រៀបចំឡើង​ដោយ​គ្មាន​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​៕

ព័ត៌មានផ្សេងទៀត