នាយក​រដ្ឋមន្ត្រី​​បដិសេធ​​ជាថ្មី ​ស្តីពី​វត្តមាន​​«​ទ័ព​ចិន​»​​លើ​ទឹកដី​​កម្ពុជា​​

05-07-2019 11:37 am 483

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​មិន​អនុញ្ញាតឱ្យ​មាន​វត្តមាន​មូលដ្ឋានទ័ព​បរទេស មាន​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។ តែ​កម្ពុជា​ស្វាគមន៍​ទាំងអស់​សម្រាប់​ការហ្វឹកហាត់​រួមគ្នា​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​។​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យ៉ាងនេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការចុះផ្សាយ​ថា កម្ពុជា​បាន​អនុញ្ញាតឱ្យ​ប្រទេស​ចិន​សាងសង់​មូលដ្ឋាន​យោធា​ជើង​ទឹក​ចិន​នៅក្នុង​ទឹកដី​របស់ខ្លួន​។

«​មិន​ថា​ទ័ព​ចិន ឬ​កងទ័ព​ប្រទេស​ណា​ទេ មិន​ត្រូវមាន​វត្តមាន​លើ​ទឹកដី​កម្ពុជា​ឡើយ​»​។​នេះ​ជា​ការអះអាង​ជាថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឆ្លើយតប​ទៅនឹង​ចោទប្រកាន់ និង ការឃោសនា​មួយចំនួន​ដែល​លោក​ចាត់ទុកថា ជា​ការឃោសនា​ញុះញង់​។​

​បើតាម​លោក​នាយករដ្ឋមន្ត្រី ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បានចែង​ចង​រួចមកហើយ គឺ​មិន​អនុញ្ញាតឱ្យ​មាន​វត្តមាន​ទ័ព​បរទេស នៅលើ​ដី​កម្ពុជា​នោះទេ ហើយក៏​មិន​អនុញ្ញាតឱ្យ​មាន​ទ័ព​កម្ពុជា នៅលើ​ទឹកដី​ប្រទេស​ដទៃ​នោះដែរ លើកលែងតែ​កងទ័ព​មួក​ខៀវ ដែល​បំពេញការងារ​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ដែល​បច្ចុប្បន្ន​កងទ័ព​មួក​ខៀវ​កម្ពុជា កំពុង​បំពេញការងារ​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​មាននៅ អា​ព្រឹច​កណ្តាល ម៉ាលី ស៊ូដង់ ស៊ូដង​ខាងត្បូង និង នៅ​លី​បង់​។​

​ទាក់ទង​នឹង​ការ​ចោទថា​ចិន​មាន​មូលដ្ឋានទ័ព​លើ​ទឹកដី​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ជា​សំណួ​រថា តើ​កម្ពុជា​ត្រូវការ​មូលដ្ឋានទ័ព​បរទេស​មក​ធ្វើ​អ្វី​នៅពេល​បច្ចុប្បន្ននេះ​?​ជាមួយគ្នានេះ​លោក​បាន​ថ្លែងថា តាម​ប្រវត្តិសាស្ត្រ ចិន​កម្រ​នាំ​ទ័ព​ចេញ​ក្រៅប្រទេស ឬ​ដាក់​មូលដ្ឋាន​លើ​ទឹកដី​របស់​ប្រទេស​គេ​ណាស់​។​

ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យ៉ាងនេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការចុះផ្សាយ​ថា ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​ភូមិភាគ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍  បាន​សរសេរ​លិខិត​មួយច្បាប់ ទាមទារ​ឱ្យ​កម្ពុជា​ពន្យល់​លម្អិត​អំពី​មូលហេតុ​ដែល​បដិសេធ​សហរដ្ឋអាមេរិក ជួយ​ជួសជុល​កែលម្អ​បរិវេណ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ​។​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​រូបនេះ ដាក់​ការសង្ស័យថា កម្ពុជា​អាច​បើកផ្លូវ​ឱ្យ​ចិន​មាន​វត្ត​មាននៅ​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ដែនសមុទ្រ​របស់ខ្លួន​។​

​គួរ​ជំរាបជូន​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញមុខ​ប្រតិកម្ម និង​ច្រានចោល​ចំពោះ​ព័ត៌មាន​ខាងលើនេះ​។ ពាក់ព័ន្ធ​នឹង​របស់​ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​បដិសេធថា ជា​ការផ្សព្វផ្សាយ​មិន​ពិត ដោយហេតុថា ក្រសួង​ការពារជាតិ​ពុំដែល​ស្នើ​ទៅ​អាមេរិក ដើម្បី​ជួសជុល​អគារ​ខាងលើនេះ​ម្តងណា​ទេ ។​អ្នកនាំពាក្យ បានស្នើ​ដល់​សារព័ត៌មាន កុំ​បន្តធ្វើ​ការបកស្រាយ​ចំពោះ​ដំណឹង​មិន​ពិត​នេះ ដើម្បី​កុំឱ្យ​មាន​ការភាន់ច្រឡំ​មកលើ​ក្រសួងការពារជាតិ​កម្ពុ​ជា​៕


ព័ត៌មានផ្សេងទៀត